(ភ្នំពេញ)៖ វិស័យម្រេចកម្ពុជា រំពឹងមានលំនឹងទីផ្សារច្បាស់លាស់ បន្ទាប់ពីសមាគមម្រេច និងគ្រឿងទេសកម្ពុជា ព្រមទាំងប្រធានអង្គការ CIRD និងក្រសួងពាណិជ្ជកម្ម បានរៀបចំកិច្ចប្រជុំមួយពិភាក្សាការពិគ្រោះយោបល់លើ គោលនយោបាយម្រេចនៅកម្ពុជា ដើម្បីធ្វើយ៉ាងណាជំរុញការនាំចេញវិស័យម្រេចកម្ពុជា។
សិក្ខាសាលាស្ដីពីការពិគ្រោះយោបល់លើ គោលនយោបាយសម្រេចនៅកម្ពុជា រៀបចំឡើងដោយមានការចូលរួមពីលោក ម៉ៅ ថូរ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម, លោក សុង សារ៉ន តំណាងសមាគមម្រេច និងគ្រឿងទេសកម្ពុជា, លោក ប្រាក់ សេរីវឌ្ឍន៍ ប្រធានអង្គការ CIRD ដែលរៀបចំឡើងនៅថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០១៨។
លោក សុង សារ៉ន ឲ្យដឹងថា ការពិគ្រោះយោបល់លើគោនយោបាយម្រេចនៅកម្ពុជានេះ គឺឆ្លុះបញ្ចាំងពីបញ្ហាដែលកើតឡើង ហើយការជួបពិគ្រោះគ្នានេះ បានផ្ដល់ឱកាស ដើម្បីពិភាក្សាគ្នាក្នុងការរៀបចំយុទ្ធសាស្រ្ដ លើបញ្ហាប្រឈម បង្កើនការនាំចេញម្រេច ទៅលើទីផ្សារអន្ដរជាតិ ព្រមទាំងលើកម្ពស់គុណភាពម្រេចកម្ពុជាផងដែរ។
លោកបន្ដថា ដូចអ្នកទាំងអស់គ្នាបានដឹងស្រាប់ហើយថា ម្រេចកម្ពុជាជាម្រេចមានរសជាតិឆ្ងាញ់ មានគុណភាពខ្ពស់ និងទទួលបានការគាំទ្រច្រើនពីអតិថិជន ប៉ុន្ដែនេះជាការសោកស្ដាយដែលម្រេចកម្ពុជា ពុំទាន់មានការនាំចេញបានច្រើននៅឡើយ ហើយប្រទេសដែលត្រូវនាំចេញគឺ មានតែ២ប៉ុណ្ណោះគឺ ប្រទេសវៀតណាម និងប្រទេសថៃ។
លោកបន្ដថា «ការជួបជុំក្នុងថ្ងៃនេះគឺ ខាងក្រសួងពាណិជ្ជកម្ម រួមទាំងសមាគមបានរៀបចំយុទ្ធសាស្រ្ដ ដើម្បីជំរុញឲ្យមានការនាំចេញម្រេចជាផ្លូវការឲ្យបានច្រើន»។
លោក ម៉ៅ ថូរ៉ា ឲ្យដឹងថា មុននឹងចូលគោលនយោបាយជាដំបូង ទល់តែមានការអភិវឌ្ឍន៍ជាមុនសិន និងទ្រទ្រង់គ្នាឲ្យមានស្ថិរភាពល្អ ដើម្បីបញ្ចូលគ្នាក្នុងគោលនយោបាយរាជរដ្ឋាភិបាល ហើយគោលនយោបាយនេះ នឹងបញ្ជូលជាសំណុំមួយដាក់ឆ្លងទៅនាយករដ្ឋមន្រ្ដី បន្ទាប់ពីនាយករដ្ឋមន្រ្ដីបានអនុម័តរួច នោះមានអ្នកទទួលស្គាល់ច្រើន ហើយងាយស្រួលក្នុងការស្វែងរកដៃគូបានទៀតផង។
លោកបន្ដថា បន្ទាប់ពីបានគោលនយោបាយនេះហើយ ផ្ដល់បានទាំងដៃគូរកស៊ី ព្រមទាំងបានក្រសួងពាណិជ្ជកម្ម ទទួលខុសត្រូវលើការងារនេះទៀតផង៕