(ភ្នំពេញ)៖ ថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០១៨ នៅទីបញ្ជាការស៊ីម៉ាក់ភ្នំពេញ លោក ហេង រតនា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា (CMAC) និងថ្នាក់ដឹកនាំអង្គភាពស៊ីម៉ាក់ បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយគណៈប្រតិភូមកពី មជ្ឈមណ្ឌលសកម្មភាពកំចាត់មីនថៃ (TMAC) ដែលដឹកនាំដោយ ឧត្តមសេនីយ៍ទោ Krittikorn Ratsamiputanon អគ្គនាយករង TMAC។
លោក ហេង រតនា បានបញ្ជាក់ថា នៅក្នុងជំនួបនេះ CMAC និង TMAC បានបង្ហាញការយកចិត្តទុកដាក់ និងកិច្ចខិតខំប្រឹងប្រែងក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការបោសសំអាតមីន រវាងអង្គភាពទាំងពីរ ជាពិសេសការបោសសំអាតមីនតាមព្រំដែនកម្ពុជា-ថៃ ដើម្បីគាំទ្រដល់ការអភិវឌ្ឍនៅតំបន់សេដ្ឋកិច្ចពិសេស និងតំបន់នានានៅតាមបណ្តោយព្រំដែន ដោយអនុលោមទៅតាមស្មារតីកិច្ចប្រជុំនិងការសម្រេចរបស់គណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC)។
លោកអគ្គនាយកបញ្ជាក់ថា ការបោសសំអាតមីនតាមបណ្តោយព្រំដែនកម្ពុជា-ថៃ ត្រូវបានប្រគល់ភារកិច្ចដោយរាជរដ្ឋាភិបាលនៃប្រទេសទាំង២ ឲ្យអង្គភាពTMAC និងអង្គភាព CMAC អនុវត្តជាសេនាធិការជូនគណ:កម្មការព្រំដែនទូទៅកម្ពុជា-ថៃ។ អង្គភាពទាំង២ នឹងបន្តខិតខំអនុវត្តឲ្យបានល្អ ទៅតាមស្មារតីកិច្ចសហប្រតិបតិ្តការ ដែលរាជរដ្ឋាភិបាលប្រគល់ឲ្យ។
លោកបញ្ជាក់ទៀតថា ដើម្បីសម្រេចឲ្យនូវការងារដែលរដ្ឋាភិបាលនៃប្រទេសទាំង២ប្រគល់ជូននោះ អង្គភាពដោះមីនទាំង២ រៀបចំនូវផែនការរួមគ្នាមួយ ក្នុងការបោសសំអាតមីនតាមបណ្តាយព្រំដែននៃប្រទេសរៀងៗខ្លួន។
ក្នុងជំនួបនោះដែរ ភាគីថៃ បានអញ្ជើញលោកអគ្គនាយក និងថ្នាក់ដឹកនាំស៊ីម៉ាក់ ទៅបំពេញទស្សនកិច្ច ចូលរួមប្រជុំនៅប្រទេសថៃ នាពាក់កណ្តាលខែធ្នូ ឆ្នាំ២០១៨នេះ។ ជាការឆ្លើយតបលោកអគ្គនាយក ហេង រតនា ទទួលយកការអញ្ជើញនេះ ដើម្បីធ្វើឲ្យកិច្ចសហការគ្នាប្រព្រឹត្តទៅតាមផែនការ។
សូមជម្រាបថា យោងតាមអនុសញ្ញាអូតាវ៉ា ប្រទេសថៃគ្រោងនឹងសម្រេចឲ្យបាននូវការបោតសម្អាតមីនឲ្យអស់នៅឆ្នាំ២០២៣ ខណៈកម្ពុជាកំណត់ឲ្យដោះគ្រាប់មីន ប្រឆាំងមនុស្សឲ្យអស់នៅឆ្នាំ២០២៥៕