(កំពង់ឆ្នាំង)៖ សាខាកាំកុងត្រូលខេត្តកំពង់ឆ្នាំង នៅព្រឹកថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០១៨នេះ បានរួមសហការជាមួយមន្ទីរពាណិជ្ជកម្មខេត្ត និងអាជ្ញាធរដែនដី ចុះពិនិត្យទំនិញ នៅផ្សារពន្លៃ និងផ្ទះលក់ដូរនៅជុំវិញផ្សារ ស្ថិតក្នុងឃុំពន្លៃ ស្រុកបរិបូណ៍ ខេត្តកំពង់ឆ្នាំង។
លោក យីវ ណារិន ប្រធានសាខាកាំកុងត្រូលខេត្តកំពង់ឆ្នាំង បានឲ្យដឹងថា នៅក្នុងឱកាសចុះអង្កេត ផ្សារខាងលើ ក្រុមការងារបានធ្វើតេស្តបឋមលើ បន្លែត្រសក់, ស្ពៃតឿ, ស្ពៃបូកគោ, ត្រីឆ្អើរ,ត្រីផ្ទក់ងៀត,ត្រីក្រពទ័្ធងៀត រីឯលទ្ធផលគឺពុំមានឃើញវត្តមានសារធាតុគីមី ហាមឃាត់ឡើយ។
ជាមួយគ្នានោះ ក្រុមការងារបានណែនាំ (ផ្ទាំងPoster) ដល់បងប្អូន អាជីវករឲ្យបានយល់ដឹងពីផលប៉ៈពាល់ដល់សុខភាព និង ការដាក់តាំងលក់ទំនិញ អោយបាន ត្រឹមត្រូវតាមស្តង់ដា និងមានអនាម័យ។
លោក យីវ ណារិន ក៏បានណែនាំអាជីវករឲ្យយល់ដឹងពីអនាម័យ ការរៀបចំទំនិញលក់ដូរ ឲ្យមានសណ្តាប់ធ្នាប់ ទៅតាមប្រភេទទំនិញហូបចុក និងទំនិញប្រើប្រាស់ផ្សេងៗ ដាក់ដាច់ដោយឡែកៗពីគ្នា ចៀសវៀងការដាក់តាំងលក់ទំនិញ ហួសកាលបរិច្ឆេទប្រើប្រាស់ កំប៉ុងកំពិត ប៉ោង ច្រេះស៊ី និងទំនិញដែលមានសារធាតុគីមីហាមឃាត់។
មិនតែប៉ុណ្ណោះក្រុមការងារ ក៏បានឃ្លាំពិនិត្យការលក់រាយប្រេងឥន្ធនៈ (ស្ថានីយ៍ ចំនួន០៥ទីតាំង) រីឯតម្លៃលក់រាយនោះ គឺសមស្របតាមតម្លៃ ដែលក្រសួងបានកំណត់៕