(ត្បូងឃ្មុំ)៖ នៅសាលាខេត្តត្បូងឃ្មុំ រសៀលថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០១៨ បានរៀបចំពិធី ផ្សព្វផ្សាយលទ្ធផលផលិតផលក្នុងស្រុកសរុប (GDP) ឆ្នាំ២០១៧ ក្រោមអធិតីភាព លោក រិន វីរ: រដ្ឋលេខាធិការប្រចាំការ នៃក្រសួងផែនការ និងលោក ជាម ច័ន្ទសោភ័ណ អភិបាលនៃគណ:អភិបាលខេត្តត្បូងឃ្មុំ ក្រោមការរៀបចំដោយមន្ទីរផែនការខេត្តត្បូងឃ្មុំ។
លោក ជាម ច័ន្ទសោភ័ណ បានឲ្យដឹងថា ខេត្តត្បូងឃ្មុំមានចំនួនប្រជាជន ៨៤៣,២១០ នាក់ទំហំសេដ្ឋកិច្ច ៤,៤៤២,៦៦៨ លានរៀល គិតជាដុល្លារ ១,០៩៨ លានដុល្លារអាមេរិក ដែលទំហំសេដ្ឋកិច្ចស្មើនឹង ៦.៤% នែផលិតផលក្នុងស្រុកសរុប របស់ប្រទេសកម្ពុជា។ សេដ្ឋកិច្ចមានកំណើន ៦.២% និងចំណូលសម្រាប់ម្នាក់មាន ១,៣០២ ដុល្លារអាមេរិក នៅឆ្នាំ ២០១៧។ លទ្ធផលខាងលើនេះបង្ហាញខេត្តត្បូងឃ្មុំមានចំណូលសម្រាប់ម្នាក់តិចជាង ថ្នាក់ជាតិ ដែលមាន ១,៤២៩ ដុល្លារអាមេរិក នៅឆ្នាំ ២០១៧។ សេដ្ឋកិច្ចខេត្តមានវិស័យបីសំខាន់ៗ ៖ កសិកម្មដែលមានសមាមាត្រ ធៀបនឹងផលិតផលក្នុងស្រុកខេត្ត ៣៤.០% ឧស្សាហកម្មមានសមាមាត្រ ២៧.០% និងសេវាកម្ម មាន ៤៥.០% នេះបង្ហាញថាខេត្តត្បូងឃ្មុំ មានសក្តានុពលខាងផលិតផលកសិកម្មដែលអាចជំរុញវិស័យឧស្សាហកម្មធុនស្រាល និងកែឆ្នៃកសិឧស្សាហកម្មបាន ។
លោក រិន វីរ: បានលើកឡើងថា ជាការពិតណាស់ ជោគជ័យក្នុងការរក្សាកំណើនសេដ្ឋកិច្ចថ្នាក់ជាតិខ្ពស់នេះមិនអាចកាត់ផ្តាច់ពីការខិតខំប្រឹងប្រែង និងការចូលរួមរបស់ខេត្តទេ។ ខេត្តត្បូងឃ្មុំ គឺជាខេត្តមួយ ដែលមានសត្តានុពលសម្រាប់វិស័យជាច្រើន ជាពិសេសវិស័យកសិកម្ម ឧស្សាហកម្ម ទេសចរណ៍ ដែលជាក្បាលម៉ាស៊ីនជំរុញកំណើនសេដ្ឋកិច្ចជាតិកម្ពុជា។
លោករដ្ឋលេខាធិការប្រចាំការ បានគូសបញ្ជាក់ថា ក្នុងអណាត្តិទី៥កន្លងមកនេះ កម្ពុជាសម្រេចបានកំណើនសេដ្ឋកិច្ចជាមធ្យម៧% ដែលជាកំណើនខ្ពស់ទី៦ ក្នុងចំណោមប្រទេសមានកំណើនសេដ្ឋកិច្ចខ្ពស់។ ដោយរក្សាកំណើនសេដ្ឋកិច្ច រង្វង់ ៧.០%ជាប់ៗគ្នាច្រើនឆ្នាំ ធនាគារអភិវឌ្ឍន៌អាស៊ី (ADB) ក្នុងឆ្នាំ២០១៦ កន្លងមក បានវាយតម្លៃថាកម្ពុជានឹងក្លាយជាខ្លាអាស៊ីថ្មី ។ វិស័យសំខាន់ៗជំរុញកំណើនសេដ្ឋកិច្ចកម្ពុជារួមមាន វិស័យសំណង់ វិស័យវាយនភ័ណ្ឌកាត់ដេរសំលៀកបំពាក់ វិស័យទេសចរណ៍ និងវិស័យកសិកម្ម។
លោក បន្តថា រាជរដ្ឋាភិបាលកម្ពុជាសម្រេចបានស្ថេរភាពម៉ាក្រូសេដ្ឋកិច្ច ដោយរក្សាអត្រាអតិផរណានៅក្នុងរង្វង់៣% ស្ថេរភាពអត្រាប្តូរប្រាក់ក្នុងរង្វង់ ៤០០០រៀល ក្នុង១ដុល្លារ វិនិយោគលើប្រព័ន្ធដឹកជញ្ជូន ផ្លូវ ស្ពាន ប្រព័ន្ធធារាសាស្រ្ត សំរាប់ទាក់ទាញការវិនិយោគបន្ថែមទៀត ដើម្បីបង្កើតការងារបន្ថែមជូនប្រជាពលរដ្ឋ។
លោក បន្ថែមថា ដោយឡែកផ្នែកសង្គមកិច្ច រាជរដ្ឋាភិបាលបានផ្តល់អទិភាពខ្ពស់ដល់វិស័យអប់រំ សុខាភិបាល សំណាញ់សុវត្ថិភាព (បសស)ជូនដល់មន្រ្តីរាជការ និងនិយោជិកក្នុងវិស័យឯកជន (កាត់ដេរ) តម្លើងប្រាក់បៀវត្សជូនមន្រ្តីរាជការ និងប្រាក់បៀវត្សគោលជូនវិស័យកាត់ដេរ កាត់បន្ថយភាពក្រីក្រជាមធ្យម ១% ក្នុងមួយឆ្នាំ ។
លោក រិន វីរ: ឲ្យដឹងទៀតថា រាជរដ្ឋាភិបាលកម្ពុជាក្នុងអណាត្តិទី៦នេះនឹងបន្តអនុវត្តយុទ្ធសាស្រ្តចតុកោណជំហ៊ានទី៤ សំដៅសម្រេចបានឋានៈជាប្រទេសមានប្រាក់ចំណូលមធ្យមកំរិតខ្ពស់នៅឆ្នាំ ២០៣០ និងជាប្រទេសមានប្រាក់ចំណូលខ្ពស់នៅឆ្នាំ ២០៥០ ជាមួយនិងការរក្សាកំណើនសេដ្ឋកិច្ចក្នុងរង្វង់ ៧% រក្សាស្ថេរភាពថ្លៃនិងអត្រាប្តូរប្រាក់ បង្កើតការងារថ្មីៗ បន្តយកចិត្តទុកដាក់លើវិស័យសង្គមកិច្ច និងកាត់បន្ថយភាពក្រីក្របន្ថែមទៀត ។
ក្នុងឳកាសនោះ លោក រិន វីរ: បានសង្ឃឹមថា ទាំងស្ថាប័នរដ្ឋ និងវិស័យឯកជន នឹងប្រើប្រាស់ទិន្នន័យ GDP ក្នុងការជម្រុញសកម្មភាពសេដ្ឋកិច្ចខេត្តត្បូងឃ្មុំទាំងមូល ឱ្យកាន់តែប្រសើរថែមទៀត៕