(ភ្នំពេញ)៖ លោកវរសេនីយ៍ឯក គល់ យី អធិការនគរបាលខណ្ឌឬស្សីកែវ បានបញ្ជាឲ្យកម្លាំងនគរបាលប៉ុស្ដិ៍ស្វាយប៉ាក ដេញតាមលបឆ្មក់បង្ក្រាបឃាត់ខ្លួនជនសង្ស័យ ជាកម្មករឡឥដ្ឋចំនួន២នាក់ ដែលបានបែកគំនិតទៅប្រើប្រាស់ រហូតឈានដល់ការជួញដូរថ្នាំញៀន ចំនួន២៧កញ្ចប់ នៅតាមភូមិសាស្ត្រផ្លូវលំ ស្ថិតក្នុងក្រុមទី៧ ភូមិឡកំបោរ សង្កាត់ស្វាយប៉ាក ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ នាថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០១៨នេះ។
លោក គល់ យី បានបញ្ជាក់ថា ប្រតិបត្តិការបង្ក្រាបនេះដែរ គឺបានធ្វើឡើងទៅតាមតម្រុយរាយការត្រួសៗ ពីប្រជាពលរដ្ឋក្នុងមូលដ្ឋាន ទើបឈានដល់ការតាមដាន លបឆ្មក់បង្ក្រាបបានជាក់ស្ដែងតែម្ដង ចំពោះជនសង្ស័យចំនួន២នាក់ ដែលបានប្រើប្រាស់ និងបែកគំនិតទៅធ្វើសកម្មភាពនាំយកគ្រឿងញៀន ចំនួន២៧កញ្ចប់ទៅជួញដូរតាមការរកឃើញជាក់ស្ដែង រួមជាមួយឧបករណ៍បម្រើ ឲ្យការជក់ថ្នាំញៀនមួយចំនួន ដោយក្នុងនោះមានឈ្មោះ មាញ រតនា ហៅរាត្រី ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិខ្មែរ ពាក់ព័ន្ធជួញដូរថ្នាំញៀន និងម្នាក់ទៀតឈ្មោះ សឿន ពិសី ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ ពាក់ព័ន្ធប្រើប្រាស់គ្រឿងញៀន។ ជនសង្ស័យទាំង២នាក់ មានមុខរបរជាកម្មករឡឥដ្ឋ ស្នាក់នៅ (ឡឥដ្ឋ៥ខ្នង) ក្រុម៧ ភូមិឡកំបោរ សង្កាត់ស្វាយប៉ាក ខណ្ឌឬស្សីកែវ។
លោក គល់ យី បានបញ្ជាក់ទៀតថា ក្រោយពីបង្ក្រាបជនសង្ស័យជាកម្មករឡឥដ្ឋទាំង២នាក់ ដែលបានបែកគំនិតទៅប្រើប្រាស់ រហូតឈានដល់ការជួញដូរថ្នាំញៀន និងវត្ថុតាងដកហូតបានពីសកម្មភាព ត្រូវបាននាំមកបន្តឃុំខ្លួនសាកសួយកចម្លើយបន្ថែម នៅអធិការដ្ឋាននគរបាលខណ្ឌឬស្សីកែវ ក្នុងការកសាងសំណុំរឿង ដើម្បីបញ្ជូនទៅខ្លួនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ចាត់ការតៅតាមនិតិវិធី៕