(ភ្នំពេញ)៖ ក្រុមហ៊ុនធានារ៉ាប់រងលំដាប់អន្ដរជាតិថ្មីមួយ បានចាប់ដៃគូជាមួយក្រុមហ៊ុនជប៉ុន ដែលមានអាយុកាល ១៣៩ ឆ្នាំ បានបង្កើតក្រុមហ៊ុនថ្មីមួយ នៅប្រទេសកម្ពុជា ហើយក្រុមហ៊ុនជប៉ុនមួយនេះ ក៏ធ្លាប់មានឈ្មោះល្បី ដោយទទួលបានចំណាត់ថ្នាក់លេខ១ ក្នុងប្រទេសជប៉ុន និង ស្ថិតនៅក្នុងលេខរៀងទី ១៥ នៅទូទាំងសកលលោក ដែលទទួលបានការគាំទ្រច្រើន។ ជាមួយគ្នានេះផងដែរ ក្រុមហ៊ុនជប៉ុនមួយនេះ បានពង្រីកបណ្ដាញ យ៉ាងទូលំទូលាយ រហូតដល់ជាង៤០ប្រទេសក្នុងតំបន់ ព្រមទាំងបានផ្ដល់ជូននូវទំនុកចិត្តខ្ពស់ ផងដែរ។
ក្រុមហ៊ុនធានារ៉ាប់រង ដែលទើបតែមកដល់មួយនេះ មានឈ្មោះថា NEWA INSURANCE (CAMBODIA) PLC ដោយបានត្រៀមខ្លួនរួចជាស្រេច ក្នុងការផ្ដល់ជូនសេវាធានារ៉ាប់រងទូទៅគ្រប់ប្រភេទមានដូចជា ការធានារ៉ាប់រងចំពោះអចលនទ្រព្យ យានយន្ត ការសាងសង់ និងហានិភ័យនានាសម្រាប់បុគ្គល។ល។ ហើយក៏មានការផ្ដល់ជូនទាំងជនបរទេស ផងដែរ។
លោក លី ឃុនថៃ ជាប្រធានក្រុមប្រឹក្សាភិបាល និងតំណាងឱ្យថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់នៃក្រុមហ៊ុនធានារ៉ាប់រង NEWA INSURANCE (CAMBODIA) PLC បាននិយាយថា លោកពិតជាមានភាពសោមនស្សរីករាយយ៉ាងក្រៃលែង ដែលក្រុមហ៊ុនធានារ៉ាប់រង NEWA INSURANCE (CAMBODIA) PLC បានលេចរូបរាងឡើងក្នុងទឹកដីនៃព្រះរាជាណាចក្រកម្ពុជា។
លោក លី ឃុនថៃ បានបញ្ជាក់ថា «ក្នុងថ្ងៃនេះ ជាឱកាសដ៏វិសេសវិសាល ដែលក្រុមហ៊ុន NEWA INSURANCE (CAMBODIA) PLC មានកិត្តិយសធ្វើការណែនាំខ្លួនជាផ្លូវការ ដោយក្រុមហ៊ុនយើងខ្ញុំ បានចាប់ដៃគូសហការរួមគ្នាជាមួយក្រុមហ៊ុន TOKIO MARINE GROUP មានដើមកំណើតនៅប្រទេសជប៉ុន ដែលគិតមកទល់ពេលនេះមានអាយុកាល១៣៩ឆ្នាំមកហើយ។ ក្រុមហ៊ុនធានារ៉ាប់រងជប៉ុន ដែលមានកេរ្តិ៍ឈ្មោះល្បីល្បាញនេះ ទទួលបានចំណាត់ថ្នាក់លេខ១ ក្នុងប្រទេសជប៉ុន និងស្ថិតក្នុងលេខរៀងទី១៥ នៅទូទាំងសកលលោក ជាក្រុមហ៊ុនធានារ៉ាប់រងទទួលបានការគាំទ្រយ៉ាងខ្លាំងបំផុតពីសំណាក់អតិថិជន។ មិនតែប៉ុណ្ណោះក្រុមហ៊ុនបានពង្រីកបណ្ដាញយ៉ាងទូលំទូលាយរហូតដល់ជាង៤០ប្រទេស ក្នុងតំបន់ ព្រមទាំងបានផ្ដល់ជូននូវសេវាកម្មយ៉ាងមានទំនុកចិត្តជូនដល់អតិថិជនគ្រប់រូប»។
យ៉ាងណាមិញលោកថា ដើម្បីផ្ដល់ភាពជឿជាក់ ក៏ដូចជា ចូលរួមចំណែកធានា និង ការពារសុខសុវត្ថិភាពផ្នែកហិរញ្ញវត្ថុ ក្រុមហ៊ុនបានប្តេជ្ញាចិត្តយ៉ាងមុតមាំថា នឹងផ្ដល់ជូនអតិថិជននូវសេវាកម្មធានារ៉ាប់រងប្រកបដោយភាពស្មោះត្រង់ គុណភាព និងទាន់ពេលវេលា មិនឲ្យមានការព្រួយបារម្ភអ្វីនោះទេ៕