(ភ្នំពេញ)៖ ជាទស្សវត្សដំបូងរបស់ធនាគារ PPCBank នៅក្នុងព្រះរាជាណាចក្រកម្ពុជា ដែលធនាគារពាណិជ្ជមួយនេះ មានការផ្លាស់ប្តូរសំខាន់ៗផងដែរ ក្នុងស្ថាប័នរបស់ខ្លួន ជាពិសេសក្នុងរយៈពេលពីរឆ្នាំចុងក្រោយនេះ ចាប់តាំងពីត្រូវបានកាន់កាប់ដោយម្ចាស់ហ៊ុនធំៗ ស្របគ្នាជាមួយនឹងកំណើនសេដ្ឋកិច្ចយ៉ាងឆាប់រហ័ស របស់ប្រទេស ក្នុងអំឡុងពេលមួយទស្សវត្សចុងក្រោយនេះ។
ធនាគារ PPC Bank បានកែប្រែគំរូអាជីវកម្មរបស់ខ្លួនបន្តិចម្តងៗ ក្នុងការក្លាយជាធនាគារដែលគិតពី «អតិថិជនជាស្នូល» ដើម្បីផ្តល់សេវាកម្មធនាគារដែលមានភាពរលូន និងពុំមានភាពស្មុគស្មាញសម្រាប់អតិថិជនរបស់ខ្លួន។ សាខាដំបូងរបស់ធនាគារ PPC Bank បានបើកដំណើរការ នៅតាមបណ្ដោយមហាវិថីនរោត្តម ព្រះមុនីវង្ស ក្នុងតំបន់បឹងត្របែក។ សាខាដំបូងនេះ ត្រូវបានប្រើប្រាស់ធ្វើជាទីស្នាក់ការកណ្ដាល អស់រយៈពេលជាយូរមកហើយ ដូចនេះវាពុំមានអ្វីត្រូវភ្ញាក់ផ្អើលឡើយចំពោះសាខាបឹងត្របែក ក្នុងការដើរតួនាទីយ៉ាងសំខាន់ សម្រាប់ណែនាំនូវលក្ខណៈពិសេស នៃគំរូអាជីវកម្មថ្មីរបស់ធនាគារ PPCBank ដល់អតិថិជនរបស់ខ្លួន ក្នុងកិច្ចខិតខំប្រឹងប្រែងផ្ដល់ភាពងាយស្រួល ក្នុងការប្រើប្រាស់សេវាកម្មធនាគារ ដល់អតិថិជនរបស់ខ្លួន។
នេះគឺជាលើកដំបូងនៅក្នុងប្រទេសកម្ពុជា ដែលធនាគារ PPC Bank បានសហការជាមួយ «Socials – Coffee & Humanity» ដើម្បីណែនាំគោលគំនិត នៃសាខាធនាគារ ដែលមានហាងកាហ្វេបើកដំណើរការនៅខាងក្នុង។ អតិថិជន គឺពិតជាមានភាពធុញទ្រាន់ ក្នុងការរង់ចាំ ដើម្បីទទួលបានការផ្ដល់សេវាកម្មនៅឯបញ្ជរ ប៉ុន្តែប្រសិនបើពួកគាត់អាចពិសាភេសជ្ជៈ និងអាហារសម្រន់ ដោយមិនចាំបាច់ចាកចេញពីធនាគារ ខណៈពេលកំពុងរង់ចាំ នោះនឹងធ្វើឲ្យការចំណាយពេលរងចាំ របស់ពួកគាត់មានតម្លៃ។ ហាងកាហ្វេនេះ បានដំណើរការអស់រយៈពេល ៦ខែមកហើយ នៅសាខាបឹងត្របែក ដែលបានបង្ហាញពីភាពជាដៃគូមួយ ដែលអាចសម្រេចទៅបាន និងមាននិរន្តរភាព ហើយនៅសាខាមួយទៀតរបស់ធនាគារ PPC Bank ផ្សារអូឬស្សី ក៏ទើបតែបើកដំណើរការហាងកាហ្វេ «Social Coffee» កាលពីសបា្ដហ៍មុននេះផងដែរ។ វាមិនត្រឹមតែធ្វើឲ្យអតិថិជនចាស់ពេញចិត្តប៉ុណ្ណោះទេ តែក៏ទាក់ទាញអតិថិជនថ្មីដែលអោយចាប់អារម្មណ៍ទីតាំងធនាគារដ៏ទំនើបមួយនេះផងដែរ។
«ខណៈដែល អតិថិជនអាចពិសាកាហ្វេ ឬអាហារសម្រន់ មានលក់នៅក្នុងធនាគារ ដែលយើងស្ដាប់ទៅ វាដូចជាល្អម្យ៉ាងដែរហើយនោះ តែធនាគារ PPC Bank ចង់ធ្វើឲ្យកាន់តែល្អប្រសើរជាងនេះទៅទៀត ក្នុងការផ្ដល់ជូនដល់អតិថិជន» លោក Shin Chang Moo អគ្គនាយកធនាគារ PPC Bank បានថ្លែងបញ្ជាក់។
លោកបន្ថែមទៀតថា «ចំណុចនេះហើយ ដែលបច្ចេកវិទ្យា និងការច្នៃប្រឌិតថ្មី ត្រូវបានយកមកប្រើប្រាស់ ដើម្បីធ្វើជាដំណោះស្រាយ។ ខ្ញុំសប្បាយរីករាយក្នុងការណែនាំ នូវសេវាកម្ម Mobile Teller ដែលដំណើរការនៅលើ Tablet ហើយគោលបំណងរបស់យើង គឺប្រើប្រាស់វា ដើម្បីកាត់បន្ថយពេលវេលារង់ចាំ សម្រាប់អតិថិជនរបស់យើង។ នៅពេលនេះ អតិថិជនរបស់ធនាគារ PPCBank អាចរីករាយជាមួយនឹង ការទទួលសេវាធនាគារ ដោយមិនចំបាច់អង្គុយរង់ចាំ ដល់លេខរៀងរបស់ខ្លួននោះទេ។ នៅពេលដែលពួកគាត់មកដល់ធនាគារភ្លាម បុគ្គលិករបស់យើង នឹងដើរតម្រង់មករកពួកគាត់ដោយមាន Tablet នៅនឹងដៃ ត្រៀមខ្លួនរួចជាស្រេច ដើម្បីជួយសម្រួលដល់សេវាកម្មហិរញ្ញវត្ថុ ដែលពួកគាត់ត្រូវការ ដូចជាការបើកគណនីធនាគារ ការសួររកអត្រាការប្រាក់ សម្រាប់ការដាក់ប្រាក់ ឬប្រាក់កម្ចី និងសេវាកម្មជាច្រើនទៀត ដែលផ្ដល់ដោយធនាគារ PPC Bank»។
នៅធនាគារ PPC Bank សាខាបឹងត្របែក មានការកែលម្អថ្មីៗជាច្រើនទៀត ដែលបានផ្ដល់ជូន។ នៅទីនោះ គឺជាទីកន្លែងផ្ដល់នូវឯកសិទ្ធិ «Gold Club» ដែលជាការផ្ដល់ជូនដល់អតិថិជនប្រភេទ VIP ដើម្បីមកទទួលយកសេវាកម្មធនាគារ ក្នុងបន្ទប់ពិសេស ដែលត្រូវបានបំពាក់ដោយគ្រឿងបរិក្ខារយ៉ាងល្អស្អាត និងមានផាសុកភាព។
ម្យ៉ាងវិញទៀត នៅសាខាបឹងត្របែក មានលក្ខណៈពិសេសមួយទៀត គឺ «China Desk» ដែលបង្កើតឡើងសម្រាប់បំពេញតម្រូវការ របស់ជនជាតិចិន ដែលកំពុងស្នាក់នៅក្នុងប្រទេសកម្ពុជា ក្នុងការស្វែងរកឱកាសអាជីវកម្ម ដែលមានសក្ដានុពល នៅក្នុងប្រទេសកម្ពុជា។ «ការផ្តោតសំខាន់ទៅលើមនុស្សជាសំខាន់តែងជាគោលការណ៍ចម្បងរបស់ពួកយើងក្នុងការបម្រើអតិថិជន។ ពួកយើងជឿជាក់ថានរណាក៏ដោយតែងជ្រើសយកកន្លែងដែលឲ្យតម្លៃ និងផ្តោតសំខាន់ទៅលើសុខុមាលភាពរបស់ពួកគេមិនថាក្នុងវិស័យធនាគារឬវិស័យផ្សេងទៀតឡើយ។ ហេតុនេះ ពួកយើងនឹងបន្តខិតខំបង្កើនគុណភាព និងកែលម្អផលិតផល ព្រមជាមួយនិងសេវាកម្មទាំងឡាយដែលពួកយើងមានសម្រាប់អតិថិជនទាំងអស់”នេះបើតាមប្រសាសន៍របស់លោក Shin ទាក់ទងទៅនឹងគំរូអាជីវកម្មគិតពី «អតិថិជនជាស្នូល» របស់ PPC Bank ។
ទន្ទឹមនឹងនេះផងដែរមានព័ត៌មានល្អសម្រាប់អតិថិជនដែលចាប់អារម្មណ៍ទៅមើលសាខាកែលម្អថ្មីរបស់ធនាគារ PPCBank។ ពួកគេអាចរីករាយជាមួយភេសជ្ជៈដែលបញ្ចុះតម្លៃ ៥០% នៅឯហាងកាហ្វេ Social Coffee រហូតដល់ដំណាច់ឆ្នាំនេះ! ចាត់ទុកវាជាកាដូពិសេសដើម្បីថ្លែងអំណរគុណដល់អតិថិជនពីធនាគារ PPCBank សម្រាប់រដូវកាលបុណ្យផ្សេងៗ នាដំណាច់ឆ្នាំនេះ៕