(កំពត)៖ នៅថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០១៨ នៅក្នុងវេទិកាពិគ្រោះយោបល់ស្តីអំពី ការកសាងកម្មវិធីវិនិយោគបីឆ្នាំរំកិលខេត្ត (២០១៩-២០២១) នៅសាលប្រជុំសាលាខេត្តកំពត លោក ជាវ តាយ អភិបាលខេត្តកំពត បានណែនាំគ្រប់គ្រប់មន្ទីរ អង្គភាព និងរដ្ឋបាល ក្រុង ស្រុក និងឃុំសង្កាត់ពាក់ព័ន្ធក្នុងខេត្តទាំងអស់ ត្រូវរៀបចំកម្មវិធីវិនិយោគឲ្យបានឆាប់រហ័សទាន់ពេលវេលា ចាប់ពីឆ្នាំ២០១៩ ខាងមុខនេះតទៅ ដើម្បីឆ្លើយតបតម្រូវការចាំបាច់របស់ប្រជាពលរដ្ឋ។
លោកអភិបាលខេត្តកំពត បានបន្តទៀតថា តាមរយៈបទពិសោធន៍ក្នុងការប្រើប្រាស់កញ្ចប់ថវិកាជាតិដែលផ្តល់សម្រាប់ ឲ្យខេត្តនីមួយៗ យកទៅអនុវត្តន៍ គម្រោងវិនិយោគអភិវឌ្ឍន៍ផ្សេងៗ គេមើលឃើញថាខេត្តភាគច្រើនយឺតយ៉ាវមិនបានរៀបចំ កម្មវិធីវិនិយោគ ដើម្បីដកយកថវិកាទៅប្រើប្រាស់ឲ្យទាន់ពេលទេ បើទោះថវិកាត្រូវបានទម្លាក់មកហើយក៏ដោយ។
លោកបន្តថា សម្រាប់ខេត្តកំពតមានថវិការសរុប ចែកចេញជា៥ផ្នែក បើគិតជាតួរលេខគត់មាន៖ រដ្ឋបាលខេត្តចំនួន ២៨៨,៣១ លានរៀល, រដ្ឋបាលក្រុងចំនួន១២៥លានរៀល, រដ្ឋបាលស្រុកសរុបទាំងប្រាំពីរ ២០៨២លានររៀល, រដ្ឋបាលឃុំសរុបចំនួន ៩៥៩៤លានរៀល, រដ្ឋបាលសង្កាត់ មានចំនួន ៥៥៤លានរៀល សរុបមានចំនួនប្រមាណ ៤១៨៧លានរៀល ស្មើនឹងជាង ១០លានដុល្លា។ ថវិកានេះសំដៅលើផ្នែកបួន មានសេដ្ឋកិច្ច សង្គមកិច្ច ធនធានធម្មជាតិ និងបរិស្ថាន ផ្នែករដ្ឋបាល និងសន្តិសុខសណ្តាប់ធ្នាប់សារណៈផងដែរ។
លោកអភិបាលខេត្តស្នើឲ្យមន្ត្រី មន្ទីរ អង្គភាពជំនាញ ត្រូវជួយណែនាំ ឬដោះស្រាយនូវបញ្ហាខ្វះខាតណាមួយក្នុងការរៀបចំកម្ម វិធីវិនិយោគ ឲ្យបានត្រឹមត្រូវ និងបានឆាប់រហ័យ និងអាចយកថវិកាទៅអនុវត្តន៍ចាប់ពីដើមឆ្នាំតែម្តង មិនឲ្យមានការយឺតយាវទេ។
លោកក៏បានស្នើដល់ មន្ទីរ អង្គភាពទាំងអស់ ត្រូវសិក្សាអំពីតម្រូវការអភិវឌ្ឍលើវិស័យរបស់ខ្លួន និងត្រូវឈ្មួសឈ្មុលក្នុងការតាមដាន ពិនិត្យនូវសំណើរផ្សេងៗ ដែលមន្ទីរ អង្គភាព បានដាក់ទៅក្រសួងធ្វើយ៉ាងណា ប្រឹងប្រែងឲ្យអស់លទ្ធភាពធ្វើយ៉ាងណាអភិវឌ្ឍន៍ខេត្ត ឲ្យបានច្រើនបំផុត៕