(កំពង់ចាម)៖ លោកឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការនគរបាលខេត្តកំពង់ចាម នៅថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០១៨នេះ បានដឹកនាំមន្រ្តីក្រោមបង្គាប់ នៃការិយាល័យបុគ្គលិក ប្រជុំស្តីពីការផ្សព្វផ្សាយណែនាំ ស្តីពីនីតិវិធីដំណើរការប្រឡងប្រជែងជ្រើសរើសក្របខ័ណ្ឌ មន្ត្រីនគរបាលជាតិសម្រាប់ឆ្នាំ២០១៨-២០១៩ របស់ស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម។
ក្នុងប្រជុំនេះ ក៏មានការចូលរួមពីលោក ស្នងការរងទទួលផែនការងារធនធានមនុស្ស លោកនាយ នាយរង ការិយាល័យបុគ្គលិក និងមន្ត្រីជាច្រើនទៀត។
ថ្លែងក្នុងឱកាសប្រជុំនេះ លោកឧត្តមសេនីយ៍ទោ ឯម កុសល បានដាក់បទបញ្ជាឲ្យមន្ត្រីក្រោមឱវាទធ្វើការផ្សព្វផ្សាយ ដល់ស្រុក ក្រុងទាំង១០ អំពីដំណើរការប្រឡងប្រជែងជ្រើសរើសក្របខ័ណ្ឌ មន្ត្រីនគរបាលជាតិសម្រាប់ឆ្នាំ២០១៨ និងរៀបចំផែនការ ការពារ ត្រួតពិនិត្យរក្សាសុវត្ថិភាព សណ្តាប់ធ្នាប់សម្រាប់ថ្ងៃប្រឡង។
សូមជម្រាបថា ការប្រឡងនឹងត្រូវធ្វើឡើងនៅព្រឹកថ្ងៃច័ន្ទ ទី១០ ខែធ្នូ ឆ្នាំ២០១៨ នៅវិទ្យាល័យព្រះសីហនុ៕