(ភ្នំពេញ)៖ ក្នុងគោលបំណងគាំទ្រដល់យុទ្ធនាការព្យាបាលមាត់ឆែបកុមារកម្ពុជា ដើម្បីនាំជីវិតពួកគេទៅរកភាពប្រសើរឡើងនោះ ក្រុមហ៊ុនផលិតផលប្រើប្រាស់ក្នុងគេហដ្ឋានដ៏ល្បីមួយ បានបរិច្ចាគថវិកា៤០លានរៀល ដល់អង្គការស្នាមញញឹមកម្ពុជា។ ពិធីប្រគល់ថវិកាសប្បុរសធម៌នេះ បានធ្វើឡើងនៅមន្ទីរមិត្តភាពខ្មែរសូវៀត នៅថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០១៨។
ក្រុមហ៊ុនដែលបាន បរិច្ចាគថវិកាសប្បុរសធម៌នេះ គឺក្រុមហ៊ុន LION CORPORATION (THAILAND) ដែលបានដាក់ចេញយុទ្ធនាការសប្បុរសធម៌ «3L សម្រាប់កុមារកម្ពុជា» ជាថ្មីម្តងទៀត ដែលយុទ្ធនាការនេះ បានធ្វើឲ្យមានការផ្លាស់ប្តូរដ៏គួរឲ្យភ្ញាក់ផ្អើល បើធៀបទៅនឹងឆ្នាំមុន។
ការចូលរួមបរិច្ចាគថវិកាដល់អង្គការស្នាមញញឹមកម្ពុជានេះ ដើម្បីរួមចំណែកក្នុងការផ្គត់ផ្គង់កុមារកម្ពុជាដែលខ្វះខាត គ្មានទីពឹង ដើម្បីឲ្យពួកគេមានឱកាសទទួលបានការព្យាបាល ថែទាំ និងមានស្នាមញញឹមជាថ្មី មានភាពក្លាហានចូលរួមក្នុងសង្គម។ ក្នុងឆ្នាំនេះការបរិច្ចាគថវិកាទាំងអស់ត្រូវបានធ្វើឡើងដោយមានការចូលរួមសហការគ្នារវាងអ្នកគាំទ្រទំព័រហ្វេសប៊ុករបស់ «ស៊ូគូប៊ូស៊ុ» «Hi-Herb» និង KODOMO (កូដូមុ)។
គំនិតផ្តួចផ្តើម និងចក្ខុវិស័យនៃយុទ្ធនាការសប្បុរសធម៌ 3L សម្រាប់កុមារកម្ពុជា គឺក្នុងគោលបំណងធ្វើឲ្យគុណភាពនៃជីវិតរបស់ពួកគេ មានលក្ខណៈកាន់តែប្រសើរឡើងក្នុងសង្គមកម្ពុជា ដោយផ្តល់នូវសេចក្តីស្រឡាញ់ចំពោះគ្នាទៅវិញទៅមក ពីព្រោះសេចក្តីស្រឡាញ់មានអត្ថន័យធំធេងខ្លាំងណាស់ និងមិនអាចកាត់ថ្លៃបាន ដែលជាផ្នែកមួយដ៏សំខាន់បំផុត ក្នុងការផ្តល់ជូននូវស្នាមញញឹមចំពោះយើងទាំងអស់គ្នា៕