(ភ្នំពេញ)៖ នៅថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០១៨ អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ បានរៀបចំសន្និបាតបូកសរុបការងារឆ្នាំ២០១៨ និងលើកទិសដៅសកម្មភាពឆ្នាំ២០១៩ នៅទីស្តីការគណៈរដ្ឋមន្រ្តី ក្រោមអធិបតីភាពលោកទេសរដ្ឋមន្រ្តី អៀង មូលី ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ និងមានវត្តមានអញ្ជើញចូលរួមពីលោក លោកស្រី រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អភិបាលរងរាជធានី ខេត្ត ជាប្រធានគណៈកម្មាធិការប្រយុទ្ធនឹងជំងឺអេដស៍ក្រសួង ស្ថាប័ន រាជធានី ខេត្ត និងជាប្រធានលេខាធិការដ្ឋានប្រយុទ្ធនឹងជំងឺអេដស៍ក្រសួង ស្ថាប័ន រាជធានី ខេត្ត ជាតំណាងអង្គការសហប្រជាជាតិ អង្គការសង្គមស៊ីវិល ភ្ញៀវជាតិ និងអន្តរជាតិ សរុបប្រមាណ១៧០នាក់។
បន្ទាប់ពីស្តាប់របាយការណ៍ និងគោលបំណងនៃសន្និបាតដែលថ្លែងដោយលោកវេជ្ជ. តែង គន្ធី អគ្គលេខាធិការអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍មក ទេសរដ្ឋមន្រ្តី បានបញ្ជាក់ថា ជោគជ័យក្នុងការប្រយុទ្ធ នឹងជំងឺអេដស៍គឺកើតឡើងដោយសារការចូលរួមពីគ្រប់ ក្រសួង ស្ថាប័នថ្នាក់ជាតិ និងរដ្ឋបាលថ្នាក់ក្រោមជាតិ ម្ចាស់ជំនួយ ដៃគូអភិវឌ្ឍន៍ អង្គការសង្គមស៊ីវិល អ្នក ពាក់ព័ន្ធ និងការឆ្លើយតបជា លក្ខណៈពហុវិស័យ។
លោកបានបន្តថា កាលពីម្សិលមិញ កិច្ចប្រជុំពេញអង្គអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ លើកទី២ ឆ្នាំ២០១៨ បានពិភាក្សា និងអនុម័តរួចទៅហើយនូវសេចក្តីសម្រេចចំនួន៨ចំណុច ដែលអាចប្រើប្រាស់ជាទស្សនទានក្នុងការរៀបចំផែនការសកម្មភាពទូលំទូលាយ និងពហុវិស័យឆ្លើយតបទៅនឹងការរាលដាលមេរោគអេដស៍ និងជំងឺអេដស៍ ក្នុងឆ្នាំ២០១៩ខាងមុខ។ សេចក្តីសម្រេចចំនួន៨ចំណុចរួមមាន ៖
*ទី១៖ អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ ក្រសួង ស្ថាប័នពាក់ព័ន្ធនានា និងដៃគូអភិវឌ្ឍន៍រៀបចំបញ្ចប់ និងដាក់ឱ្យអនុវត្តផែនការយុទ្ធសាស្រ្តជាតិទូលំទូលាយ និងពហុវិស័យឆ្លើយតបទៅនឹងមេរោគអេដស៍ និងជំងឺអេដស៍លើកទី៥ ឆ្នាំ២០១៩-២០២៣ និងយុទ្ធសាស្ត្រជាតិធានាចីរភាព សម្រាប់ឆ្លើយតបការងារប្រយុទ្ធនឹងជំងឺអេដស៍ នៅក្នុងព្រះរាជាណាចក្រកម្ពុជា
*ទី២៖ អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ បញ្ចូលសកម្មភាពដែលបានលើកឡើងនៅក្នុងផែនទីចង្អុលផ្លូវ នៃការឆ្លើយតបដោយចីរភាពទៅក្នុងផែនការយុទ្ធសាស្រ្តជាតិទូលំទូលាយ និង ពហុវិស័យឆ្លើយតបទៅនឹងមេរោគអេដស៍ និងជំងឺអេដស៍ លើកទី៥ ឆ្នាំ២០១៩-២០២៣
*ទី៣៖ អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ ត្រូវសហការជាមួយក្រសួងមហាផ្ទៃ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដើម្បីផ្តល់ថវិកាអនុវត្តការបញ្រ្ជាបការងារប្រយុទ្ធនឹងមេរោគអេដស៍ ជំងឺអេដស៍ទៅក្នុងផែនការអភិវឌ្ឍរយៈពេល៥ឆ្នាំ និងកម្មវិធីវិនិយោគ៣ឆ្នាំរំកិលឃុំ-សង្កាត់
*ទី៤៖ ក្រសួងសុខាភិបាល និងក្រសួងផែនការ ត្រូវកំណត់ថាអ្នកផ្ទុកមេរោគអេដស៍ជាក្រុមប្រជាជនងាយរងគ្រោះ ដែលត្រូវទទួលបានអត្តសញ្ញាណគ្រួសារក្រីក្រ និងមូលនិធិសមធម៌ដែលធានាដល់ការទទួលបានសេវាថែទាំសុខភាព និងការគាំពារសង្គម
*ទី៥៖ ក្រសួងសុខាភិបាល និងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ត្រូវកែសម្រួល និងរៀបចំវិធាន និងនីតិវិធីក្នុងការផ្តល់ថវិកាដើម្បីឱ្យស្រុកប្រតិបត្តិ មន្ទីរពេទ្យបង្អែក និងមណ្ឌលសុខភាពមានថវិកាផ្ទាល់សម្រាប់ការងារឆ្លើយតបមេរោគអេដស៍ និងជំងឺអេដស៍
*ទី៦៖ ទីស្តីការគណៈរដ្ឋមន្ត្រី ក្រសួងមហាផ្ទៃ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងសុខាភិបាល និងអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ ត្រូវទទួលស្គាល់តួនាទីសំខាន់របស់អង្គការសង្គមស៊ីវិល ក្នុងការឆ្លើយតបនឹងមេរោគអេដស៍ ជំងឺអេដស៍ និងបន្តគាំទ្រឱ្យមានការចូលរួមបន្តទៀតតាមរយៈការផ្តល់មូលនិធិពីរាជរដ្ឋាភិបាល តាមលទ្ធភាពថវិកាជាតិ
*ទី៧៖ ឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិត្រូវសិក្សាលំហថវិកា ដើម្បីធានាការអនុវត្តការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាល ក្នុងការបញ្ចប់បញ្ហាអេដស៍នៅក្នុងឆ្នាំ២០២៥
*ទី៨៖ ក្រសួងសុខាភិបាលត្រូវបន្តពង្រឹងធនធានមនុស្ស ការធ្វើលទ្ធកម្ម ការផ្គត់ផ្គង់ឱសថបរិក្ខារ និងប្រព័ន្ធព័ត៌មាន ដើម្បីបញ្ជ្រាបការឆ្លើយតបការរាលដាលមេរោគអេដស៍ និងជំងឺអេដស៍ឱ្យកាន់តែមានប្រសិទ្ធភាព និងធានាចីរភាព។
* នៅថ្ងៃនេះ យើងស្តាប់បទបង្ហាញអំពី៖ ទី១៖ របាយការណ៍វឌ្ឍនភាព និងសមិទ្ធផលនៃការអនុវត្តគម្រោងផែនការសកម្មភាពទូលំទូលាយ និងពហុវិស័យឆ្លើយតបទៅនឹងការរាលដាលមេរោគអេដស៍ និងជំងឺអេដស៍ប្រចាំឆ្នាំ២០១៨, ទី២៖ ទិសដៅជាគោលការណ៍ក្នុងការរៀបចំ គម្រោងផែនការយុទ្ធសាស្រ្ត៥ឆ្នាំ (២០១៩-២០២៣) និងទី៣៖ ការចូលរួមបង្ហាញនូវមេរៀនជាបទពិសោធន៍ដោយឡែក និងជាក់ស្តែង ដែលបានចងក្រងដោយសមាជិកសមាជិកាអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ក្នុងនោះមានបទបង្ហាញពី ក្រសួងបរិស្ថាន ក្រសួងទេសចរណ៍ ក្រសួងអប់រំ យុវជន និងកីឡា និងបទបង្ហាញពីខេត្តបាត់ដំបង ខេត្តព្រះសីហនុ និងរាជធានីភ្នំពេញ រួមជាមួយនឹងបទបង្ហាញពីអង្គការមិនមែនរដ្ឋាភិបាលតំណាងដោយអង្គការ AHF ផងដែរ។
ក្រោយពីអង្គសន្និបាតស្តាប់នូវបទបង្ហាញរួចមក លោកទេសរដ្ឋមន្រ្តីបានស្នើឱ្យតំណាងគណៈកម្មាធិការប្រយុទ្ធនឹងជំងឺអេដស៍ក្រសួង ស្ថាប័ន លើកជាសំណួរ ឬមានយោបល់។ ក្នុងនោះមានការលើក ឡើងអំពីការច្នៃប្រឌិតក្នុងការបញ្រ្ជាបការយល់ដឹងនៅក្នុងការងារប្រយុទ្ធនឹងជំងឺអេដស៍ តាមរយៈការជួបប្រជុំដោយមិនបាច់ចំណាយថវិកាច្រើន ការផ្សព្វផ្សាយតាមទំព័រអ៊ីនធឺណេត តាមបណ្តាញទំនាក់ទំនងសង្គម ផ្ទាំងផ្សព្វផ្សាយនៅតាមដងផ្លូវ ជាពិសេសច្រកចេញតាមផ្លូវជាតិជាដើម។
មុននឹងបញ្ចប់ លោកទេសរដ្ឋមន្រ្តី បានជំរុញឱ្យគណៈកម្មាធិការប្រយុទ្ធនឹងជំងឺអេដស៍ក្រសួង ស្ថាប័ន រាជធានី ខេត្ត លើកសំណើថវិកាទៅក្រសួងស្ថាប័នផ្ទាល់ក្នុងការឆ្លើយតបនឹងមេរោគអេដស៍ ជំងឺ អេដស៍ ដើម្បីធានានិរន្តរភាពក្នុងការឆ្លើយតបនឹងមេរោគអេដស៍នៅកម្ពុជា។
លោកទេសរដ្ឋមន្រ្តីបាន សម្តែងនូវការអបអរសាទរ និងកោតសរសើរចំពោះគណៈកម្មាធិការប្រយុទ្ធនឹងជំងឺអេដស៍នៅតាមក្រសួងដែលបានទទួលថវិកាយកមកអនុវត្តកម្មវិធីរួចហើយ និងស្នើឱ្យគណៈកម្មាធិការដែលមិនទាន់បានទទួលថវិកា ឬមិនទាន់បានលើកសំណើបន្ត និងចាប់ផ្តើមលើកសំណើ៕