(ភ្នំពេញ)៖ យុវជនម្នាក់បានបែកក្បាលស្លាប់ក្នុងថ្លុកឈាម ខណៈជិះម៉ូតូមួយគ្រឿងលឿនជ្រុល បុកចំក្បាលរថយន្តសាំយ៉ុង ដែលកំពុងបើកឆ្លងផ្លូវ នៅចំណុចផ្លូវបេតុង ភូមិភា សង្កាត់ប្រទះឡាង ខណ្ឌដង្កោ រាជធានីភ្នំពេញ នៅរសៀលថ្ងៃទី ០៥ ខែ ធ្នូ ឆ្នាំ២០១៨។
តាមសម្តីប្រជាពលរដ្ឋដែលឃើញហេតុការណ៍ បានឲ្យដឹងថាមុនពេលកើតហេតុយុវជនរងគ្រោះបានជិះម៉ូតូមួយគ្រឿង ពណ៌ក្រហម ធ្វើដំណើរក្នុងល្បឿនយ៉ាងលឿន តាមបណ្តោយផ្លូវបេតុងឆ្ពោះឡើងទៅផ្លូវជាតិលេខ៣ ទិសដៅពីលិចទៅកើត។ ខណៈដល់ចំណុចកើតហេតុ ស្របពេលដែលមានរថយន្តសាំយ៉ុងមួយគ្រឿង កំពុងបើកធ្វើដំណើរបញ្រ្ចាសទិសគ្នា ហើយពេលនោះរថយន្តបានបត់ឆ្វេងដៃ ចូលទៅផ្លូវបំបែក ក៏បណ្តាលឲ្យយុវជនខាងលើ ជាន់ហ្វ្រាំងម៉ូតូមិនទាន់ ជ្រុលបុកចំក្បាលរថយន្តយ៉ាងពេញទំហឹង បណ្តាលឲ្យយុវជនខាងលើផ្លោងបោកផ្ទប់ នឹងកញ្ចក់រថយន្តស្លាប់ភ្លាមៗ នៅកន្លែងកើតហេតុ ចំណែកម៉ូតូនឹងរថយន្តត្រូវរងការខូចខាតយ៉ាងដំណំ។
សមត្ថកិច្ចបានឲ្យដឹងថា សពយុវជនមានឈ្មោះ បូណាត់ សុផាណិត ភេទប្រុស អាយុ១៥ឆ្នាំ មុខរបរសិស្ស ស្នាក់នៅក្បែរទីតាំងកើតហេតុ ចំណែកតៃកុងរថយន្តឈ្មោះ ឡេង វិបុល ភេទប្រុស ២៣ ឆ្នាំ ស្នាក់នៅភូមិអង្គ សង្កាត់ប្រទះឡាង ខណ្ឌដង្កោ។
បច្ចុប្បន្នសមត្ថកិច្ចមូលដ្ឋាន បានសហការជាមួយសមត្ថកិច្ចជំនាញ ចុះវាស់វែងអូសយករថយន្ត និងម៉ូតូទៅរក្សាទុកនៅការិយាល័យ ចរាចរជើងគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រង់ចាំដោះស្រាយតាមផ្លូវច្បាប់។ ចំណែកសពប្រគល់ឲ្យក្រុមគ្រួសារ ដឹកយកទៅធ្វើបុណ្យ តាមប្រពៃណី៕