(ភ្នំពេញ)៖ គណបក្សប្រជាធិបតេយ្យមូលដ្ឋាន នៅថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០១៨នេះ បានចេញសេចក្តីថ្លែងការណ៍មួយ សាទរចំពោះសេចក្តីថ្លែងការណ៍របស់រាជរដ្ឋាភិបាល ដែលសម្របសម្រួលដល់ ស្ថានការណ៍នយោបាយ។
គណបក្សនេះបានចាត់ទុកថា សេចក្តីថ្លែងការណ៍របស់រដ្ឋាភិបាល ជាសញ្ញាវិជ្ជមានសម្រាប់សកម្មភាព អង្គការសង្គមស៊ីវិល ជាតិ អន្តរជាតិ និងប្រព័ន្ធផ្សព្វផ្សាយជាតិ អន្តរជាតិ ក៏ដូចជាឱកាសទទួលបានសេរីភាពនយោបាយរបស់អតីតមន្រ្តីគណបក្សប្រឆាំងផងដែរ។
សូមបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០១៨ បានចេញសេចក្តីថ្លែងការណ៍សំខាន់មួយ សម្រួលដល់ស្ថានការណ៍អ្នកនយោបាយក្រុមប្រឆាំង ដែលត្រូវតុលាការហាមឃាត់សិទ្ធិធ្វើនយោបាយកន្លងទៅ ក៏ដូចជាសម្រួលដល់ប្រព័ន្ធផ្សព្វផ្សាយបរទេសនៅកម្ពុជា អង្គការសង្គមស៊ីវិល និងសហជីពជាដើម។
សេចក្តីថ្លែងការណ៍របស់រាជរដ្ឋាភិបាល បានឱ្យដឹងថា រដ្ឋសភាបាននឹងកំពុងសិក្សាដើម្បីដកបម្រាមធ្វើនយោបាយ ពីអ្នកនយោបាយដែលតុលាការកាត់ទោស ដែលសម្តៅបើកផ្លូវឱ្យអតីតថ្នាក់ដឹកនាំរបស់អតីតគណបក្សសង្រ្គោះជាតិ១១៨នាក់ធ្វើនយោបាយឡើងវិញផងដែរ។ ជាមួយគ្នានេះ រដ្ឋាភិបាលបានអំពាវនាវ ដល់តុលាការឱ្យពន្លឿននីតិវិធីចំពោះបុគ្គលដែលជាប់ពាក្យបណ្តឹងនៅតុលាការ ឬត្រូវបានគេចោទប្រកាន់ស្របតាមនីតិវិធីថែមទៀត ដើម្បីការពារសិទ្ធិពួកគេដែលធានាដោយរដ្ឋធម្មនុញ្ញ។
រាជរដ្ឋាភិបាល ក៏បានបើកឱកាសឱ្យប្រព័ន្ធផ្សព្វផ្សាយអាមេរិកដូចជា វិទ្យុសំឡេងសហរដ្ឋអាមេរិក (VOA) វិទ្យុអាស៊ីសេរី (RFA) បើកការិយាល័យនៅក្នុងប្រទេសកម្ពុជាផងដែរ ហើយសម្រាប់កាសែត Cambodia Daily រាជរដ្ឋាភិបាលក៏បានបង្ហាញឆន្ទៈអនុញ្ញាតឱ្យបើកដំណើរការឡើងវិញ បើសិនជាបង់ពន្ធជូនរដ្ឋរួចរាល់។ ក្រៅពីនោះ រាជរដ្ឋាភិបាលកម្ពុជា ក៏សន្យាបន្តដោះស្រាយបញ្ហាដីធ្លីដែលនៅសេសសល់ និងសម្រួលដល់សកម្មភាពអង្គការសង្គមស៊ីវិល និងសហជីព នៅក្នុងប្រទេសកម្ពុជាថែមទៀត៕