(ឡាវ)៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា និងលោក ថងលូន ស៊ីសូលីត នាយករដ្ឋមន្រ្តីឡាវ នៅវេលាម៉ោងជាង១២ថ្ងៃត្រង់ ថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០១៨នេះ បានធ្វើសន្និសីទសារព័ត៌មានរួមគ្នា ដោយធ្វើការប្ដេជ្ញាចិត្ដបន្ដពង្រឹង និងពង្រីកចំណងមិត្តភាពនៃប្រទេសទាំងពីរកម្ពុជា-ឡាវ ដែលមានជាយូរលុងណាស់មកហើយ។
ក្នុងសន្និសីទសារព័ត៌មាននេះ នាយករដ្ឋមន្ដ្រីឡាវ បានអះអាងថា ភាគីទាំងពីរបានឯកភាពគ្នាលើគោលការណ៍៣ចំណុច ចំពោះបញ្ហាអូតាង៉ាវ និងអូអាឡៃ ទី១៖ មិនឲ្យមានវត្តកងកម្លាំងទ័ព នៃប្រទេសទាំងពីរឈរជើង, ទី២៖ មិនឲ្យប្រជាជនទៅធ្វើអាជីវកម្ម ឬប្រកបរបរនៅចំណុចនោះ និងទី៣៖ នៅពេលត្រួតពិនិត្យត្រូវតែធ្វើរួមគ្នា ទាំងលើកគោក ផ្លូវទឹក និងផ្លូវអាកាស។
សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ក៏បានអះអាងផងដែរថា ក្នុងដំណើរបំពេញទស្សនចាប់ពីថ្ងៃនេះ រហូតដល់ថ្ងៃស្អែក ភាគីទាំងពីរកម្ពុជា-ឡាវ នឹងពិភាក្សាគ្នាលើបញ្ហាព្រំដែន ដើម្បីពង្រៀងឯកសារផ្ញើទៅកាន់ភាគីបារាំង ពាក់ព័ន្ធបញ្ហាព្រំដែន ពោលការងារនេះទុកឲ្យរដ្ឋមន្ដ្រីក្រសួងការបរទេស នៃប្រទេសទាំងពីរជាអ្នកអនុវត្ត។
សម្ដេចតេជោនាយករដ្ឋមន្ដ្រី បានបញ្ជាក់ថា រដ្ឋមន្ដ្រីក្រសួងការបរទេសទាំងពីរ ត្រូវរៀបចំបែបបទបច្ចេកទេសយ៉ាងណាឲ្យភាគីបារាំងផ្ទេរ ផែនទីពីប៉ោន ខ្នាត 1/100,000 មកផែនទី UTM ខ្នាត 1/50,000 ដែលជាចំណុចត្រូវធ្វើមុនគេ ហើយចំណុចទី២ បន្ដស្នើសុំទៅបារាំងផ្ដល់ ឯកសារនានាដែលទាក់ទងជាមួយ បញ្ហាព្រំដែនកម្ពុជា-ឡាវ ជាពិសេសតំបន់១៦ភាគរយដែលនៅសេសសល់។
នាយករដ្ឋមន្ដ្រីនៃប្រទេសទាំងពីរ ក៏អំពាវនាវដល់ប្រធានាធិបតីបារាំង ក៏ដូចជារដ្ឋាភិបាលបារាំងបញ្ចូនឯកសារណា ដែលផ្ដល់នូវផលប្រយោជន៍លើការដោះស្រាយ ក្នុងទំនាក់ទំនងរវាងប្រទេសទាំងពីរលើបញ្ហាព្រំដែននេះ។ ទោះជាយ៉ាងណា សម្ដេចតេជោ ហ៊ុន សែន និងនាយករដ្ឋមន្ដ្រីឡាវ ក៏បានធ្វើការប្ដេជ្ញាចិត្តខ្ពស់ ដើម្បីដោះស្រាយបញ្ចប់បញ្ហាព្រំដែនរវាងប្រទេសទាំងពីរ ឲ្យបានកាន់តែឆាប់។
ជាមួយគ្នានេះសម្ដេចតេជោ ហ៊ុន សែន ក៏បានគូសបញ្ជាក់ថា ប្រទេសកម្ពុជា-ឡាវ បានឯកភាពគ្នាថា នឹងធ្វើស្ពានឆ្លងកាត់តភ្ជាប់ពីខេត្តព្រះវិហារ និងខេត្តចំប៉ាសាក់ ដើម្បីសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ។ បន្ថែមពីនេះសម្ដេចតេជោ ក៏បានអះអាងថា ពលរដ្ឋប្រទេសទាំងពីរ ដែលរស់នៅតាមព្រំដែន ត្រូវតែសប្បាយរីករាយ ព្រោះប្រទេសទាំងពីរបានចុះហត្ថលេខាលើការបញ្ហាអគ្គិសនី ដើម្បីធ្វើការផ្គត់ផ្គង់ឲ្យគ្នាទៅវិញទៅមក។
ក្នុងឱកាសនោះ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណដល់លោក ថងលូន ស៊ីសូលីត នាយករដ្ឋមន្ដ្រីឡាវ ដែលបានទទួលបដិសណ្ឋាកិច្ចសម្ដេច និងគណៈប្រតិភូកម្ពុជា ប្រកបដោយភាពកក់ក្ដៅជាទីបំផុត ហើយសម្ដេចសង្ឃឹមថា ក្នុងដំណើរទស្សនកិច្ចនេះ នឹងធ្វើទំនាក់ទំនងនៃប្រទេសទាំងពីរ កាន់តែមានភាពប្រសើរឡើងបន្ថែមទៀត។
សូមជម្រាបថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ដឹកនាំគណៈប្រតិភូជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា អញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការ នៅប្រទសឡាវ រយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី០៥-០៦ ខែធ្នូ ឆ្នាំ២០១៨។ ការអញ្ជើញបំពេញទស្សនកិច្ចនេះធ្វើឡើងតបតាមការអញ្ជើញរបស់លោក ថងលូន ស៊ីសូលីត នាយករដ្ឋមន្រ្តីឡាវ។
យោងតាមសេចក្ដីប្រកាសព័ត៌មាន របស់ក្រសួងការបរទេស និងសហប្រតិបត្ដិការនាពេលកន្លងទៅ បានឲ្យដឹងថា ក្នុងអំឡុងពេលទស្សនកិច្ចនេះ សម្តេចតេជោនាយករដ្ឋមន្រ្តី នឹងចូលជួបសម្តែងការគួរសមដាច់ដោយឡែកពីគ្នា ជាមួយលោក ប៊ុនញ៉ាំង វរជីត (Bounnhang Vorachith) ប្រធានរដ្ឋឡាវ និងលោកស្រី ប៉ានី យ៉ាថទូ (Pany Yathotou) ប្រធានរដ្ឋសភាជាតិឡាវ៕