(ភ្នំពេញ)៖ លោក វង សូត រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានលើកឡើងថា ដើម្បីកំណត់យុទ្ធសាស្រ្តរបស់ក្រសួង ធានាឲ្យបាននូវសេវាសុខាភិបាលសុខុមាលភាពសង្គម ប្រកបដោយសុខដុម មន្ត្រីក្រសួងទាំងអស់ ត្រូវពង្រឹង និងបង្កើនប្រសិទ្ធភាព វិស័យសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា នៅក្នុងផែនការយុទ្ធសាស្ត្រ២០១៩-២០២៣។
ជាមួយគ្នានោះ រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច បានបន្ថែមទៀតថា វិស័យសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ដូចជាការកាត់បន្ថយនូវភាពរងគ្រោះ និងងាយរងគ្រោះរបស់ប្រជាជន ជាពិសេស ប្រជាជនក្រីក្រ ឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាជនគ្រប់ស្រទាប សំដៅលើកកម្ពស់កម្រិតប្រជាជន ប្រជាជនក្រីក្រ ងាយរងគ្រោះ ជនពិការ កុមារកំព្រា អនីតិជន ជនរងគ្រោះដោយសារការប្រើប្រាស់ គ្រឿងញៀន អតីត យុទ្ធជន អតីតមន្ត្រីរាជការ ស៊ីវិល និងមនុស្សចាស់ជរា។
រដ្ឋមន្ត្រី វង សូត បានថ្លែងបែបនេះ ក្នុងកិច្ចប្រជុំពិនិត្យ និងសម្រេចលើផែនការយុទ្ធសាស្រ្ត អភិវឌ្ឍន៍វិស័យសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា នៅក្នុងផែនការយុទ្ធសាស្ត្រ ២០១៩-២០២៣ និងពិធី ប្រកាសចូលកាន់មុខដំណែងអគ្គនាយកកិច្ចការរដ្ឋបាល និងហិរញ្ញវត្ថុ នៅថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០១៨នេះ នាទីស្តីការក្រសួងសង្គមកិច្ច។
ក្នុងផែនការយុទ្ធសាស្រ្ត ២០១៨-២០២៣ បានបង្ហាញនូវផ្លូវដែលផ្តោតលើកម្មវិធីសំខាន់ៗ ចំនួនបីចំណុច៖ បង្កើនប្រសិទ្ធភាពសេវា សុខមាលភាពសង្គម
ពង្រឹងពង្រីកប្រព័ន្ធសង្គមនិងផ្ដល់សេវាស្ដារលទ្ធភាពពលកម្មកាយសម្បទាជនពិការ ពង្រឹងសេវាគាំទ្រទូទៅការបង្កើតវិស័យសុខុមាលភាពសង្គម ដូចជា សកម្មភាពសម្រាប់ជនរងគ្រោះនិងងាយរងគ្រោះ និងកិច្ចការគ្រួសារ អភិវឌ្ឍន៍សង្គម , បង្កើនប្រសិទ្ធភាពសេវាសុខាភិបាលទាំងថ្នាក់រាជធានីខេត្ត, ពង្រឹងពង្រីកសន្តិសុខសង្គមនិងផ្ដល់សេវាស្ដារលទ្ធភាព ពលកម្មកាយសម្បទាជនពិការ មានការអភិវឌ្ឍដូចជា អភិវឌ្ឍរបបសន្តិសុខសង្គមសម្រាប់មន្ត្រីរាជការស៊ីវិល របស់សង្គមសម្រាប់អតីតយុទ្ធជនជាដើម។
បន្ថែមពីលើនេះ រដ្ឋមន្ត្រី វង សូត បានលើកឡើងថា ទាក់ទងទៅនឹងការពង្រឹងពង្រីកប្រព័ន្ធសន្តិសុខសង្គម និងផ្ដល់សេវាស្ដារលទ្ធភាពពលកម្មកាយសម្បទាជនពិការមានអនុកម្មវិធីផ្សេងៗ និងការពង្រឹងសេវាគាំទ្រទូទៅគឺមានអនុកម្មវិធីចំនួន២ ដើម្បីអភិវឌ្ឍភាពជាដៃគូនិងពង្រឹងសមត្ថភាពស្ថាប័នទាំងធនធានមនុស្សនិងពង្រឹងសមត្ថភាពស្ថាប័នអភិវឌ្ឍន៍ភាពជាដៃគូនៅថ្នាក់រាជធានី-ខេត្ត។
នៅថ្ងៃដដែលនោះ ក៏មានពិធីប្រកាសចូលកាន់មុខដំណែងអគ្គនាយកកិច្ចការរដ្ឋបាល និងហិរញ្ញវត្ថុថ្មី គឺលោក សៅ ឡែន ត្រូវបានចូលមកកាន់ដំណែងជា អគ្គនាយកកិច្ចការរដ្ឋបាល និងហិរញ្ញវត្ថុ ជំនួសលោក ហាច ហ៊ាន ដែលត្រូវទៅកាន់តំណែងជាអនុរដ្ឋលេខាធិការក្រសួងសង្គមកិច្ចវិញ៕