(ភ្នំពេញ)៖ ក្រសួងទេសចរណ៍ រួមជាមួយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នាថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០១៨ បានបន្តបណ្ដុះបណ្ដាលស្តីពី នីតិវិធីអនុវត្តថវិកាកម្មវិធី ជូនមន្ត្រីរាជការនៃក្រសួងទេសចរណ៍ប្រមាណ ១៦០នាក់ ទាំងនៅថ្នាក់កណ្ដាលនៃក្រសួងទេសចរណ៍ និងនៅតាមមន្ទីរទេសចរណ៍រាជធានី-ខេត្ត ក្រោមអធិបតីភាពលោក ជា បូរ៉ា រដ្ឋលេខាធិការក្រសួងទេសចរណ៍ នៅសណ្ឋាគារភ្នំពេញ។
លោក ជា បូរ៉ា បានលើកឡើងថា ក្នុងបរិបថនៃកំណើនទេសចរណ៍ជាលំដាប់ដូច្នេះ ដើម្បីធានាឱ្យការគ្រប់គ្រង និងការអនុវត្ត លើវិស័យទេសចរណ៍មានប្រសិទ្ធភាពខ្ពស់ និងធានាបាននូវការអនុវត្តចំណូលចំណាយបានត្រឹមត្រូវ ព្រមទាំងឆ្លើយតបទៅនឹងការកែទម្រង់ហិរញ្ញវត្ថុសាធារណៈរបស់រាជរដ្ឋាភិបាល ក្រសួងទេសចរណ៍ បានដាក់ចេញនូវកម្មវិធីចំនួន៣ គឺកម្មវិធីទី១. គ្រប់គ្រងឧស្សាហកម្មទេសចរណ៍, កម្មវិធីទី២. អភិវឌ្ឍផលិតផល និងសហប្រតិបត្តិការអន្តរជាតិ និងកម្មវិធីទី៣. ការពង្រឹងសេវាគាំទ្រដំណើរការទូទៅ សម្រាប់ការគ្រប់គ្រងវិស័យទេសចរណ៍ សម្រាប់គាំទ្រដល់ការអនុវត្តគោលនយោបាយរបស់ក្រសួង «ជំរុញកំណើនទេសចរណ៍ និងបង្កើនតម្លៃបន្ថែមតាមរយៈវិស័យទេសចរណ៍នៅកម្ពុជា» សំដៅអភិវឌ្ឍវិស័យទេសចរណ៍នៅកម្ពុជាប្រកបដោយគុណភាព ប្រសិទ្ធភាព និងនិរន្តរភាព និងដើម្បីចូលរួមចំណែកក្នុងការអនុវត្តកម្មវិធីកែទម្រង់ហិរញ្ញវត្ថុសាធារណៈរបស់រាជរដ្ឋាភិបាល ។
លោកថា នៅឆ្នាំ២០១៨ គឺជាឆ្នាំទី៣ នៃដំណាក់កាលទី៣ កម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដែលជាចំណុចរបត់ដ៏សំខាន់មួយមានវិសាលភាពកាន់តែធំទូលាយ ដែលមានការផ្ទេរសិទ្ធិអំណាច និងការទទួលខុសត្រូវក្នុងការគ្រប់គ្រង និងប្រើប្រាស់ធនធានហិរញ្ញវត្ថុសាធារណៈដល់ក្រសួងស្ថាប័នក៏កាន់តែច្រើនឡើង ក្នុងនោះក្រសួងទេសចរណ៍ ក៏ជាប្រតិបត្តិករ និងជាតួអង្គសំខាន់ក្នុងការចូលរួមអនុវត្តការកែទម្រង់នេះឱ្យទទួលបានជោគជ័យ ដែលតម្រូវឱ្យគ្រប់អង្គភាពពាក់ព័ន្ធក្រោមឱវាទក្រសួងទាំងអស់ ចាំបាច់ត្រូវតែបង្កើនឆន្ទៈនៃភាពម្ចាស់ការ និងការចូលរួមឱ្យកាន់តែសកម្ម និងខ្លាំងក្លាជាងមុន ដែលចំណុចទាំងនេះគឺទាមទារឱ្យមានការចូលរួមការបណ្ដុះបណ្ដាលឱ្យបានច្បាស់លាស់ ទើបអាចធានាបាននូវធនធានមនុស្សដែលមានសមត្ថភាពគ្រប់គ្រាន់ និងកម្រិតជំនាញសាកសមនឹងការវិវត្តថ្មីៗ នៃការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈនេះ ។
នៅដំណាក់កាលទី៣ នៃកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈនេះ គឺបានផ្លាស់ប្ដូរ និងកែប្រែអង្គភាពទទួលបន្ទុកហិរញ្ញវត្ថុ និងអង្គភាពប្រតិបត្តិករនានា ដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់របស់ក្រសួងស្ថាប័ន ទៅជាអង្គភាពថវិកាដែលមានសិទ្ធិស្វ័យសម្រេចទៅតាមការកំណត់របស់ច្បាប់ជាក់ស្ដែង ក្រសួងទេសចរណ៍ និងមន្ទីរជំនាញរាជធានី-ខេត្ត បានចូលរួមអនុវត្តថវិកាកម្មវិធីពេញលេញសាកល្បងនេះ ចាប់តាំងពីឆ្នាំ២០១៦មក។
ទោះបីជា យើងបានចូលរួមយ៉ាងសកម្មក្នុងការងារកែទម្រង់ហិរញ្ញវត្ថុសាធារណៈ របស់រាជរដ្ឋាភិបាល យ៉ាងសកម្មបែបនេះក្ដី ប៉ុន្តែបញ្ហាប្រឈមនៃការអនុវត្តរបស់មន្ត្រីជំនាញរបស់ក្រសួងយើងក៏នៅតែមានជាអន្លើ ជាមួយនឹងការអនុវត្តនូវនីតិវិធីថ្មីៗលើការគ្រប់គ្រង និងការចំណាយថវិកា ដែលបានដាក់ចេញដោយក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងការអនុវត្តថវិកាកម្មវិធី មិនទាន់បានគ្រប់ជ្រុងជ្រោយ និងល្អប្រសើរនៅឡើយ ។
លោក ជា បូរ៉ា បានរំលឹកជូនអង្គពិធីជ្រាបផងដែរថា ក្នុងបរិបថនៃការកសាងសមត្ថភាពនេះ ក្រសួងទេសចរណ៍ បានសហការជាមួយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ កាលពីថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០១៨ កន្លងទៅ បានរៀបចំវគ្គបណ្ដុះបណ្ដាលស្ដីពី ការកត់ត្រាចំណាត់ថ្នាក់ទាំង៧ នៃមាតិកាថវិកា និងការអនុវត្តមាតិកាថវិកាថ្មី និងការរៀបចំផែនការយុទ្ធសាស្ត្រថវិកា ដែលជាទន់ដ៏សំខាន់ក្នុងការអនុវត្តការងារ នៅក្នុងការដ្ឋានការងាររបស់មន្ត្រីរាជការក្រសួងទេសចរណ៍ទាំងមូល ។
ការកសាង និងអភិវឌ្ឍសមត្ថភាពរបស់មន្ត្រីរាជការ គឺជាដំណើរដែលមិនអាចឈប់បាន ដោយតម្រូវឱ្យធ្វើការបណ្ដុះបណ្ដាលជាប់ជាប្រចាំ ជាពិសេសនៅពេលដែលមានការផ្លាស់ប្ដូរនៃបរិបថការងារកើតមានឡើង និងនៅពេលដែលលិខិតបទដ្ឋានគតិយុត្ត សម្រាប់ការអនុវត្តត្រូវបានផ្លាស់ប្ដូរ។ ជាក់ស្ដែង បច្ចុប្បន្ននេះ មានមន្ត្រីរាជការនៃក្រសួងទេសចរណ៍ប្រមាណ ១៨នាក់ បាននឹងកំពុងចូលរៀនវគ្គបណ្ដុះបណ្ដាលស្ដីពី ជំនាញបច្ចេកទេសលើការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ នៅវិទ្យាស្ថានសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុផងដែរ និងវគ្គបណ្ដុះបណ្ដាលដែលបាននឹងកំពុងរៀបចំឡើងនាពេលនេះ គឺពិតជាមានសារសំខាន់ ដើម្បីរួមចំណែកបំពេញនូវកង្វះខាតចំណេះដឹង និងអាចដោះស្រាយបាននូវបញ្ហាប្រឈម នៃការអនុវត្តកន្លងមកប្រកបដោយប្រសិទ្ធភាពខ្ពស់ ព្រមទាំងធ្វើឱ្យការអនុវត្តថវិកានៅតាមអង្គភាពកាន់តែមានភាពត្រឹមត្រូវ និងប្រសិទ្ធភាព៕