(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ នៅព្រឹកថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០១៨នេះ បានអញ្ជើញប្រកាសឲ្យចូលកាន់តំណែង អគ្គស្នងការរងនគរបាល ជាតិចំនួន២រូប បន្ថែមទៀត និងប្រធានអង្គភាពអន្ដរាគមន៍ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។
អគ្គស្នងការរងនគរបាលជាតិថ្មីចំនួន២រូបនេះ រួមមាន៖ លោកឧត្តមសេនីយ៍ឯក សេក ភូមី ពីប្រធាននាយកដ្ឋានកណ្ដាលសណ្ដាប់ធ្នាប់សាធារណៈ ទៅជាអគ្គស្នងការរងនគរបាលជាតិ និងលោកឧត្តមសេនីយ៍ឯក ចាន់ ស៊ីថា ពីប្រធានអង្គភាពអន្ដរាគមន៍ ទៅជាអគ្គស្នងការរងនគរបាលជាតិ។ ដោយឡែកលោកឧត្តមសេនីយ៍ទោ អ៊ឹង ដារ៉េត ត្រូវបានតែងតាំងជាប្រធានអង្គភាពអន្ដរាគមន៍ ជំនួសលោកឧត្តមសេនីយ៍ឯក ចាន់ ស៊ីថា។
ក្នុងឱកាសនោះ នាយឧត្តមសេនីយ៍សន្ដិបណ្ឌិត នេត សាវឿន បានថ្លែងអំណរគុណដល់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃកម្ពុជា និងសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ ដែលជានិច្ចជាកាលតែងតែលើកទឹកចិត្តដល់កងកម្លាំងនគរបាលជាតិ ហើយឆ្លើយតបជាមួយស្នាដៃ អតីតភាព គុណសម្បត្តិ ទើបសម្ដេចសម្រេចតែងតាំងមុខតំណែងថ្មីយ៉ាងដូច្នេះ។
បន្ថែមពីនេះ នាយឧត្តមសេនីយ៍ នេត សាវឿន បានបញ្ជាក់ថា ការផ្ដល់តួនាទី ភារកិច្ចដល់នាយនគរបាលទាំង៣រូបនេះ ក៏ព្រោះតែបានខិតខំប្រឹងប្រែងបំពេញការងារ ហើយក៏ជាមោទនភាពរបស់កងកម្លាំងនគរបាលជាតិទាំងមូលផងដែរ ដែលមានការជឿជាក់ពីរាជរដ្ឋាភិបាល ក៏ដូចជាក្រសួងមហាផ្ទៃ៕