(ភ្នំពេញ)៖ លោក សែម សំណាង អគ្គនាយកសមាគម និងវិទ្យុសំឡេងជនពិការភ្នែក និងជាសមាជិកក្រុមលេខាសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា តាមរយៈ Fresh News បានអំពាវនាវស្វែងរកជំនួយសប្បុរសធម៌ ដើម្បីសាងសង់វិទ្យុសំឡេង ជនពិការភ្នែក សាខាខេត្តសៀមរាប។
លោក សែម សំណាង បានឲ្យដឹងថា សមាគម និងវិទ្យុសំឡេងជនពិការភ្នែក បាននឹងកំពុងទទួលជំនួយឧបត្ថម្ភដ៏ថ្លៃថ្លា ប្រកបដោយទឹកចិត្តមហសប្បុរសធម៌ ពីសំណាក់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បច្ចុប្បន្ននេះសមាគម និងវិទ្យុសំឡេងជនពិការភ្នែក បានដំណើរការផ្សាយចំនួនបីខេត្តរួចមកហើយ ដោយខេត្តបាត់ដំបង ជាការិយាល័យកណ្តាល ខេត្តកំពង់ចាម ខេត្តបន្ទាយមានជ័យ ទទួលបានការឧបត្ថម្ភពីសម្តេចទាំងពីរទាំងស្រុង និងខេត្តពោធិ៍សាត់ ទទួលការឧបត្ថម្ភទាំងស្រុងពីលោក ស៊ុយ សែម រដ្ឋមន្រី្តក្រសួងរ៉ែ និងថាមពល និង លោក វិញ ហ៊ួរ តំណាងក្រុមហ៊ុន CONCH CEMENT Co,Ltd ។
លោកបានបន្តទៀតថា បច្ចុប្បន្ននេះ ដោយមានការសំណូមពរ និងទទូចសុំពីសំណាក់បងប្អូនជនពិការភ្នែក ដែលពួកគាត់ចង់ឱ្យមានការបញ្ចេញសំឡេងសមត្ថភាព និងទេពកោសល្យ ទៅកាន់សង្គមដែរនោះ សមាគម និងវិទ្យុសំឡេងជនពិការភ្នែកខេត្តបាត់ដំបង ដែលជាការិយាល័យកណ្តាល បានសម្រេច នឹងខិតខំបង្កើតយុទ្ធនាការ ស្វែងរកជំនួយសម្បុរសធម៌ ពីសំណាក់សប្បុរសជនគ្រប់មជ្ឈដ្ឋាន ដើម្បីឈានដល់ការបង្កើតវិទ្យុសំឡេងជនពិការភ្នែក ខេត្តសៀមរាប។
ប៉ុន្តែដោយសមាគម និងវិទ្យុសំឡេងជនពិការភ្នែក ខេត្តបាត់ដំបង មិនមានថវិកាក្នុងការដំឡើងអង់តែន និងទិញឧបករណ៍ផ្សាយសម្រាប់វិទ្យុថ្មីនោះ ដែលត្រូវចំណាយអស់ជាទឹកប្រាក់ សរុបប្រហែល៥ម៉ឺនដុល្លារអាមេរិក ទើបលោកសំណូមពរដល់អង្គភាពព័ត៌មាន Fresh News ដើម្បីសុំឲ្យជួយផ្សព្វផ្សាយស្វែងរកថវិកា ពីសប្បុរសជនដែលមានទឹកចិត្តសប្បុរសធម៌ ឈានទៅបង្កើត និងកសាងសមាគម និងស្ថានីយ៍វិទ្យុថ្មី នៅខេត្តសៀមរាប។
លោក សែម សំណាង បានគូសបញ្ជាក់ដែរថា ចាប់តាំងពីពេលដែលសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានជួយឧបត្ថម្ភគាំទ្រទាំងស្រុងដល់សមាគម និងវិទ្យុសំឡេងជនពិការភ្នែកខេត្តបាត់ដំបង រហូតមកដល់បច្ចុប្បន្ននេះ គឺមានលទ្ធភាពជួយដល់ជនពិការ ពិសេសជនពិការភ្នែកជាច្រើន ឲ្យមានការងារធ្វើ នៅសមាគម និងវិទ្យុសំឡេងជនពិការភ្នែក និងនៅតាមបណ្តាស្ថាប័នដទៃទៀត ហើយលោកនឹងនៅតែខិតខំប្រឹងប្រែង ជួយដល់ជនពិការទាំងអស់ឲ្យមានជីវភាពល្អប្រសើរ ទទួលបានប្រាក់ខែសមរម្យ ចៀសផុតពីការរើសអើង ការដើរសុំទាន និងចៀសផុតពីភាពអត់ការងារធ្វើ ដើម្បីជាការរួមចំណែក និងជួយសម្រាលបន្ទុកដល់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការអភិវឌ្ឍប្រទេសជាតិ៕
ប្រសិនបើសប្បុរសជន មានបំណងចង់ចូលរួមបរិច្ចាគជាថវិកា សូមទំនាក់ទំនងទៅកាន់ទូរស័ព្ទលេខ 095800001 ។