(សៀមរាប)៖ ថ្លែងក្នុងសន្ទរកថា នៃកិច្ចប្រជុំបច្ចេកទេសលើកទី៣១ និងពេញអង្គលើកទី២៥ នៃការបង្កើតគណៈកម្មាធិការអន្តរជាតិសម្របសម្រួលកិច្ចគាំពារ និងអភិវឌ្ឍន៍តំបន់អង្គរ ហៅកាត់ថាអាយស៊ីស៊ី-អង្គរ (ICC-Angkor) លោកស្រី ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងជាប្រធានអាជ្ញាធរជាតិអប្សរា បានថ្លែងថា បច្ចុប្បន្ន រមណីយដ្ឋានអង្គរ លែងប្រឈមនឹងបញ្ហាអសន្តិសុខ ប្រាង្គប្រាសាទដួលរលំ ឬការលួចវត្ថុបុរាណទៀតហើយ។
លោកស្រីរដ្ឋមន្ត្រីបានបន្តទៀតថា ក៏ប៉ុន្តែអង្គរក៏ជួបប្រទះនឹងបញ្ហាប្រឈមមួយចំនួនផ្សេងទៀត ដូចជា ការប្រែប្រួលអាកាសធាតុ ការបំពុលបរិស្ថាន ការគ្រប់គ្រងការតាំងទីលំនៅថ្មីនៅក្នុងតំបន់ការពារនៃរមណីយដ្ឋានអង្គរ ការគ្រប់គ្រងលំហូរភ្ញៀវទេសចរជាដើម។ ដែលចាំបាច់ត្រូវរកដំណោះស្រាយ និងវិធីសាស្ត្រទប់ទល់ឱ្យបានសមស្រប និងមានប្រសិទ្ធភាពទាំងក្នុងបច្ចុប្បន្ន និងអនាគត។
តែក៏ជាសំណាងល្អដែរ ដែលកម្ពុជាមានក្រមប្រតិបត្តិអង្គរ សម្រាប់ឱ្យភ្ញៀវទេសចរគ្រប់ជាតិសាសន៍គោរពតាម និងមានអង្គការធានាគុណភាពជប៉ុន (JQA) ដែលតែងធ្វើសវនកម្មផ្ទៃក្នុង-ក្រៅលើផ្នែកគ្រប់គ្រងប្រព័ន្ធបរិស្ថាននៅតំបន់អង្គរ រហូតទទួលបានវិញ្ញាបនបត្រធានាគុណភាពជប៉ុនដល់ទៅ ៥លើក សម្រាប់អាជ្ញធរជាតិអប្សរា។ ប៉ុន្តែទោះជាយ៉ាងណា ក៏កម្ពុជានៅតែបារម្ភនិងបន្តការខិតខំរកដំណោះស្រាយបន្តទៅទៀត លើបញ្ហាទាំងនេះបន្តផងដែរ។
ទាក់ទងនឹងការលើកឡើងពីបញ្ហាប្រាសាទលែងប្រឈមនឹងបញ្ហាគ្រោះថ្នាក់នោះ លោកស្រីក៏បានឱ្យដឹងវាជាការផ្តើមចេញដ៏ល្អពីកិច្ចសហប្រតិបត្តិការជាតិ និងអន្តរជាតិ ចេញពីឫសគល់នៃក្តីស្រឡាញ់ និងស្មារតីនៃការថែរក្សាតំបន់អង្គរ ដែលគ្រប់គ្នាចាត់ទុកថាជាសម្បត្តិបេតិកភណ្ឌពិភពលោក ដែលមនុស្សជាតិទាំងអស់ត្រូវនាំគ្នាថែរក្សា។
ជាពិសេសគឺបានមកពីគណៈកម្មាធិការអាយស៊ីស៊ី-អង្គរ ដែលជាយន្តការអន្តរជាតិដើម្បីកៀងគរធនធានថវិកា ជំនាញបច្ចេកទេស និងធនធានមនុស្សពីសហគមន៍អន្តរជាតិ ដើម្បីធ្វើការជួសជុល អភិរក្ស និងលើកតម្លៃប្រាសាទនានា ក៏ដូចជាការអភិវឌ្ឍរមណីយដ្ឋានបេតិកភណ្ឌពិភពលោក-អង្គរដ៏ធំធេង និងត្រូវការធនធានច្រើនក្នុងការអនុវត្តកិច្ចការនេះ។
ក្នុងបេសកម្មរបស់ដៃគូសហប្រតិបត្តិការអន្តរជាតិ លើការអភិរក្សប្រាសាទក្នុងតំបន់អង្គរ ក៏បានផ្តល់នូវការរីកចម្រើនផ្នែកធនធានមនុស្សរបស់អាជ្ញាធរជាតិអប្សរាយ៉ាងច្រើន ដែលមកដល់ពេលនេះ ក៏មានប្រាសាទមួយចំនួនជួសជុលដោយអ្នកជំនាញខ្មែរផ្ទាល់តែម្តង។ នេះជាឱកាសដ៏ពិសេសដែលអាជ្ញាធរជាតិអប្សរា បានពង្រឹងសមត្ថភាពខ្លួនជាមួយនឹងដៃគូអន្តរជាតិ ក្នុងការស្រោចស្រង់ប្រាសាទក្នុងតំបន់អង្គរ ឱ្យរួចផុតពីគ្រោះថ្នាក់បាន។
បើតាមអាជ្ញាធរជាតិអប្សរា កិច្ចប្រជុំបច្ចេកទេសលើកទី៣១ និងពេញអង្គលើកទី២៥ នៃការបង្កើតគណៈកម្មាធិការអន្តរជាតិសម្របសម្រួលកិច្ចគាំពារ និងអភិវឌ្ឍន៍តំបន់អង្គរ ហៅកាត់ថាអាយស៊ីស៊ី-អង្គរ (ICC-Angkor) បានបង្ហាញពីគោលបំណងនៃការប្រារព្ធខួបលើកទី២៥ឆ្នាំ គឺដើម្បីរំឭកឡើងវិញនូវការប្តេជ្ញាចិត្តទាំងអស់គ្នា កាលពី២៥ឆ្នាំមុន ក៏ដូចជាបង្ហាញពីភាពជោគជ័យដែលរាជរដ្ឋាភិបាលកម្ពុជា និងសហគមន៍អន្តរជាតិទទួលបាន ដោយជម្នះនូវបញ្ហាប្រឈមនានាដែលជួបប្រទះកន្លងមក ហើយដែលនឹងកំពុងដោះស្រាយជាមួយគ្នាទៅតាមមាគ៌ា ដែលបានត្រួសត្រាយឱ្យបានសម្រេចតាមគោលដៅ នាពេលខាងមុខ៕