(ភ្នំពេញ)៖ ជាថ្មីម្តងទៀត កញ្ញា កឹម មនោវិទ្យា កូនស្រីសំណបចិត្តរបស់ លោក កឹម សុខា នៅថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០១៨នេះ បានបន្តចេញមកព្រលះធ្ងន់ៗចំពោះ លោក សម រង្ស៉ី ថាមិនមានការយល់ដឹងអំពីច្បាប់ និងជាប្រធានស្តីទីខ្យល់ប៉ុណ្ណោះ សម្រាប់អតីតគណបក្សសង្រ្គោះជាតិ។
កញ្ញា កឹម មនោវិទ្យា បានអះអាងនៅលើ Facebook របស់នាងយ៉ាងដូច្នេះថា៖ «បេីចាត់ទុកថា CNRP មិនរលាយដូចតុលាការប្រកាសទេ នោះត្រូវគេារពក្របខណ្ឌលក្ខន្តិក: CNRP។ CNRP តែងចេញសេចក្តីថ្លែងការណ៍ជារឿយៗថា មិនទទួលស្គាល់ការរំលាយទេ នៅតែប្រតិបត្តិតាមលក្ខន្តិក:ជានិច្ច»។
កញ្ញាបានបន្តថា «បេីចាត់ទុកថាCNRP រលាយហេីយ គ្មានមានលក្ខន្តិក:ទៀតទេ នេាះមាននយ័ថា គ្មានបក្សឈ្មេាះគសជ CNRP ទៀតទេ ដូច្នេះម្តេចបានជាហៅថាការប្រជុំ CNRP និងប្រធានCNRP? បេីហ៊ាននិយាយថា CNRP រលាយហេីយ អញ្ចឹងនេាះជា Conference ខ្យល់ ប្រធានស្តីទីខ្យល់! អន្តរជាតិ អន្តរជាតិៗៗៗ ធ្វើគ ធ្វេីថ្លង់ ធ្វើខ្វាក់ឬ បានជាមិនដឹងពីដំណេីរការរកដំណេាះស្រាយរបស់អន្តរជាតិ? ដែលគេជិតមកដល់ទីបញ្ចប់ទៅហេីយ»។
សូមបញ្ជាក់ថា ប្រតិកម្មជាបន្តបន្ទាប់របស់ កូនស្រីលោក កឹម សុខា និងក្រុមអ្នកគាំទ្រលោក កឹម សុខា បានធ្វើឡើងបន្ទាប់ពី ក្រុមអ្នកគាំទ្រលោក សម រង្ស៉ី រៀបចំសន្និសីទមួយ នៅទីក្រុងអាត្លង់តា រដ្ឋចចា សហរដ្ឋអាមេរិក ដោយសម្រេចផ្តល់តំណែងប្រធានស្តីទី អតីតគណបក្សសង្រ្គោះជាតិ ឱ្យទៅ លោក សម រង្ស៉ី ខណៈដែល លោក សម រង្ស៉ី បានលាចេញពីតំណាងនានារបស់ក្រុមប្រឆាំងនេះរួចទៅហើយ។
លោក កឹម សុខា ដែលជាអតីតប្រធាន នៃអតីតគណបក្សសង្រ្គោះជាតិនោះ មិនបានគាំទ្រ និងទទួលស្គាល់សន្និសីទនេះឡើយ។ ជាមួយគ្នានេះ កូនស្រីរបស់ លោក កឹម សុខា រួមទាំងអ្នកគាំទ្រលោកជាច្រើន បានរិះគន់ចំពោះការរៀបចំសន្និសីទនៅអាត្លង់តានេះថា ជាការបំបែកបំបាកផ្ទៃក្នុងរបស់ខ្មោចគណបក្សសង្រ្គោះជាតិ ឱ្យកាន់តែធ្ងន់ធ្ងរថែមទៀត៕