(ភ្នំពេញ)៖ យ៉ាងហោចណាស់មានពលរដ្ឋ២នាក់ បានស្លាប់ក្នុងគ្រោះអគ្គិភ័យ២ករណីផ្សេងគ្នា ដែលកើតឡើងនៅយប់មិញនេះ ដោយមានគម្លាតពេលគ្នាត្រឹមតែជាង១ម៉ោងប៉ុណ្ណោះ។
ករណីទី១៖ អគ្គីភ័យឆាបឆេះផ្ទះយ៉ាងសន្ធោសន្ធៅ បណ្ដោយឲ្យបុរសម្នាក់ជាប់ស្លាប់ នៅខាងក្នុងផ្ទះយ៉ាងអាណោចអាធ័ម ដែលមានទីតាំងស្ថិតនៅផ្ទះគ្មានលេខ ផ្លូវលំ ស្ថិតក្នុងភូមិដំណាក់ធំ១ សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យក្រុងភ្នំពេញ នាវេលាម៉ោងជាង១០យប់ថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០១៨។
ប្រភពពីកន្លែងកើតហេតុបានប្រាប់ឲ្យដឹងថា នៅមុនពេលកើតហេតុរូបគាត់កំពុងតែជិះម៉ូតូកាត់ពីមុខផ្ទះខាងលើ ស្រាប់តែឃើញពីក្នុងផ្ទះកំពុងតែឆាបឆេះ ចេញជាអណ្ដាតភ្លើងយ៉ាងសន្ធោសន្ធៅទៅហើយ ភ្លាមៗនោះស្រាប់តែឃើញនារីម្នាក់ កំពុងតែស្ថិតនៅខាងក្នុងនោះជាមួយនឹងឪពុក ហើយរូបគាត់ក៏ចូលទៅជួយយកនារីម្នាក់ ចេញមកខាងក្រៅរួចក៏ត្រឡប់ទៅម្ដងទៀតស្រាប់តែឃើញបុរសរងគ្រោះខាងត្រូវឥដ្ឋបាក់រលំពីលើបណ្តាលឲ្យជាប់ស្លាប់ នៅក្នុងអណ្ដាតភ្លើងយ៉ាងសន្ធោសន្ធៅ។ ភ្លាមៗនោះដែរគាត់បានស្រែកហៅបងប្អូនប្រជាពលរដ្ឋដែលរស់នៅក្បែរៗនោះឲ្យនាំគ្នាជួយទាក់ទងទៅខាងសមត្ថកិច្ចមូលដ្ឋាន ដើម្បីធ្វើការសហការគ្នាជាមួយនឹងសមត្ថកិច្ចជំនាញផ្នែកពន្លត់អគ្គីភ័យ ដើម្បីចុះមកធ្វើការអន្តរាគមន៍ជាបន្ទាន់ទាំងកណ្តាលយប់។
ហេតុការណ៍នេះ សមត្ថកិច្ចប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យចំនួន៣គ្រឿង ហើយអគ្គិភ័យរលត់ទៅវិញនាវេលាម៉ោងជាង១១យប់។
ករណីទី២៖ បុរសម្នាក់រលាកពេញខ្លួន បានស្លាប់ពេលបញ្ជូនដល់មន្ទីរពេទ្យ បន្ទាប់ពីធ្លាក់ពីជាន់ទី២ នៃផ្ទះល្វែងដែលកំពុងឆាបឆេះ ក្នុងបុរីចំការមន បង្កឱ្យមានការភ្ញាក់ផ្អើលនៅវេលាម៉ោង១២៖១០នាទី យប់រំលងអធ្រាត្រឈានចូលថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០១៨ ស្ថិតនៅក្នុងបុរីចំការមន ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា ដំបូងឡើយគេឃើញផ្ទះលេខ G17 មានផ្សែងហុយចេញពីក្នុងផ្ទះបង្កឲ្យមានការភ្ញាក់ផ្អើល ដល់ប្រជាពលរដ្ឋដែលរស់នៅជិតខាង ក៏នាំគ្នាយកបំពង់មកបាញ់អស់ចំនួន៨បំពង តែនៅមិនទាន់ រលត់ក៏បានទំនាក់ទំនង សមត្ថកិច្ចចុះមកអន្តគមន៍ និងហៅទៅរថយន្តពន្លត់អគ្គីភ័យបានមកដល់កន្លែងកើតហេតុនេះចំនួន៨គ្រឿងគឺបានបាញ់អស់៣គ្រឿង រលត់ទៅវិញប្រើរយៈពេលជិត២ម៉ោង។
ចំពោះករណីនេះដែរ សមត្ថកិច្ចខាងពន្លត់អគ្គិភ័យក៏បានស្ដីបន្ទោសយ៉ាងខ្លាំង ចំពោះសន្តិសុខយាមបុរីខាងលើ ដែលមិនអនុញ្ញាតឲ្យរថយន្តពន្លត់អគ្គិភ័យ ចូលទៅពន្លត់បានទាន់ពេលវេលានោះ លុះពេលចូលបានហើយផ្លូវចូលក៏ត្រូវបានម្ចាស់ផ្ទះក្នុងបុរី បានយករថយន្តមកចតពេញផ្លូវ ទើបធ្វើឲ្យមានការពិបាកដល់រថយន្តពន្លត់អគ្គិភ័យ ទំរាំតែបានចូលទៅដល់កន្លែងកើតហេតុនោះ៕