(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់ អញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម ចាប់ពីថ្ងៃទី៦ ដល់ថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០១៨ ខាងមុខនេះ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅថ្ងៃទី០៤ ខែធ្នូ ដែលអង្គភាព Fresh News ទទួលបាន។
មន្រ្តីជាន់ខ្ពស់ ដែលអមដំណើរសម្តេចតេជោនាយករដ្ឋមន្ត្រី រួមមាន៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ, លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ, លោក វ៉ា គឹមហុង ទេសរដ្ឋមន្ត្រី និងជាប្រធានអាជ្ញាធរជាតិ ទទួលបន្ទុកកិច្ចការព្រំដែន, លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន, លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន, លោក អ៉ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ, លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ, លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងលោក ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ព្រមទាំងឥស្សរជនជាន់ខ្ពស់នៃរាជរដ្ឋាភិបាល និងថ្នាក់ដឹកនាំ ធុរកិច្ចនៃសភាពាណិជ្ជកម្មកម្ពុជាផងដែរ។
អំឡុងពេលទស្សនកិច្ច សម្តេចតេជោនាយករដ្ឋមន្ត្រី នឹងចូលជួបដាច់ដោយឡែក ជាមួយលោក ង្វៀន ហ្វ៊ូជុង ប្រធានរដ្ឋវៀតណាម និងលោកស្រី ង្វៀន ធីគឹមងិន ប្រធានរដ្ឋសភាវៀតណាម។ សម្តេចតេជោ ហ៊ុន សែន នឹងជួបពិភាក្សាទ្វេភាគី និងពិសារអាហារការងារពេលព្រឹក ជាមួយលោក ង្វៀន សួនហ្វ៊ុក ដើម្បីពង្រឹងនូវចំណងទំនាក់ទំនងមិត្តភាព រវាងប្រទេសទាំងពីរ និងពិភាក្សាអំពីបញ្ហាទ្វេភាគី តំបន់ និងអន្តរជាតិ ដែលមានការយកចិត្តទុកដាក់ និងព្រួយបារម្ភរួម ដើម្បីជាផលប្រយោជន៍ពិតប្រាកដ សម្រាប់ប្រជាជាតិទាំងពីរ។
បើតាមសេចក្តីប្រកាសព័ត៌មានដដែលនេះ ក្នុងអំឡុងពេលស្នាក់នៅទីក្រុងហាណូយ សម្តេចតេជោ ហ៊ុន សែន ក៏នឹងអញ្ជើញដាក់ កម្រងផ្កានៅវិមានអនុស្សាវរីយ៍បុព្វបុរស និងយុទ្ធជនពលី នៅវិមានតម្កល់សពហូជីមិញ។ ក្រៅពីនេះ សម្តេចនាយករដ្ឋមន្ត្រី នឹងអញ្ជើញចូលរួមកម្មវិធីកិច្ចសន្ទនាធុរកិច្ច ជាន់ខ្ពស់រវាងកម្ពុជា-វៀតណាម និងទទួលជំនួបសម្តែងការគួរសមរបស់សមាគម មិត្តភាពកម្ពុជា-វៀតណាមផងដែរ៕
ព័ត៌មានលម្អិត សូមអាចសេចក្តីប្រកាសព័ត៌មានខាងក្រោមនេះ៖