(សៀមរាប)៖ ដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការលើកកម្ពស់ជីវភាពរបស់ប្រជាពលរដ្ឋ ដែលកំពុងរស់នៅភូមិធម្មជាតិរុនតាឯក នាថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០១៨នេះ ក្រុមហ៊ុនសោម៉ាគ្រុបបាននាំយកកង់ និងសម្ភារសិក្សាជាច្រើនសម្រាប់ផ្តល់ជូនដល់សិស្សានុសិស្ស ដែលកំពុងសិក្សានៅសាលាបឋមសិក្សាជាលាធំ ក្នុងគម្រោងអភិវឌ្ឍន៍ភូមិធម្មជាតិរុនតាឯក។
សម្ភារសិក្សាដែលប្រគល់ជូននេះនៅពេលនេះ មានដូចជាកង់ ៩២គ្រឿង កាបូបស្ពាយ ៨៧ សម្ភារសិក្សាផ្សេងៗ ៨៧ សម្រាប់ឯកសណ្ឋានសិស្ស ៨៧ឈុត ម៉ាស៊ីនបូមទឹក ២គ្រឿង ពងមាន់ ៦០០គ្រាប់ ដូងក្រអូប ១៤០ផ្លែ ខ្នុរ ១៤ផ្លែ និងទឹកបន្ទាលកន្ទុយក្រពើ ៣០កេះ ព្រមទាំងសម្ភារមួយចំនួនទៀត។
លោកក៏បានបញ្ជាក់អំពីមូលហេតុចម្បង ដែលនាំឱ្យបង្កើតគម្រោងអភិវឌ្ឍន៍នេះឡើង ព្រមទាំងដំណើរការរីកចម្រើនរបស់គម្រោង។ ជាមួយគ្នានេះ លោកក៏បានរំឭកដល់គុណូបការៈបស់សម្តេចវិបុលបញ្ញា សុខ អាន ដែលជាអ្នកផ្តួចផ្តើមគម្រោងនេះឡើង ក្នុងបុព្វហេតុការពារនូវរមណីយដ្ឋានអង្គរ។
លោក សុខ សូកេន តំណាងសោម៉ាគ្រុប បានបញ្ជាក់ថា ការផ្តល់ជូនសម្ភារសិក្សាដល់សិស្សានុសិស្សនេះ ធ្វើឡើងក្នុងនាមគ្រួសារសោម៉ាគ្រុប ដើម្បីរួមចំណែកការងារមនុស្សធម៌ ជាពិសេសគឺដើម្បីរួមចំណែកក្នុងការងារអភិរក្សបេតិកភណ្ឌ។ សកម្មភាពនេះ នឹងជំរុញឱ្យបុគ្គលិកគ្រប់ផ្នែករបស់សោម៉ាគ្រុប បានរួមចំណែកក្នុងកិច្ចការវប្បធម៌ដែលជាកេរមរតករបស់ដូនតា។
លោក សុខ សង្វារ អគ្គនាយករង និងជាតំណាងលោក ស៊ុ ម៉ាប់ អគ្គនាយកអាជ្ញាធរជាតិអប្សរា បានថ្លែងអំណរគុណចំពោះសោម៉ាគ្រុប សម្រាប់សកម្មភាពរួមចំណែកជាមួយអាជ្ញាធរជាតិអប្សរានៅពេលនេះ។ លោកក៏បានបញ្ជាក់ថា អាជ្ញាធរជាតិអប្សរាដែលជាស្ថាប័នទទួលបន្ទុកអភិវឌ្ឍគម្រោងនេះ តែងយកចិត្តទុកដាក់ជាមួយប្រជាពលរដ្ឋ តាមរយៈការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈដល់ពួកគាត់ កសាងហេដ្ឋារចនាសម្ព័ន្ធ និងសហការជាមួយដៃគូពាក់ព័ន្ធផ្សេងៗ ដើម្បីបង្កើតមុខរបរជូនពួកគាត់។
ក្រៅពីនេះ អាជ្ញាធរជាតិអប្សរា ក៏តែងសហការជាមួយសប្បុរសជននានា ដើម្បីផ្តល់ជូននូវសម្ភារបរិក្ខារដល់អ្នកភូមិ ដូចជាអណ្តូងទឹក សាលារៀន និងសម្ភារសិក្សាដល់សិស្សានុសិស្សជាដើម ដើម្បីជួយសម្រួលដល់ជីវភាពរបស់ពួកគាត់៕