(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយថា លោកនឹងពិភាក្សាពីការបញ្ឈប់ការរត់ប្រណាំង សព្វាវុធជាមួយសមភាគីចិន និងរុស្ស៊ីរបស់លោកនៅពេលអនាគត។ ប៉ុន្តែព្រមពេលជាមួយគ្នា រដ្ឋាភិបាលរបស់លោកត្រូវ
បានគេមើលឃើញថាបានអនុម័តកញ្ចប់ថវិកាការពារជាតិដ៏មហិមាជាង៧១៦ពាន់លានដុល្លារក្នុងឆ្នាំ២០១៨នេះ។ នេះបើ តាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី០៤ ខែធ្នូ ឆ្នាំ២០១៨។
ថ្លែងនៅលើ Twitter នៅថ្ងៃចន្ទសប្ដាហ៍នេះ (ម៉ោងនៅអាមេរិក) បន្ទាប់ពីបញ្ចប់កិច្ចប្រជុំ G20 ក្នុងប្រទេសអាហ្សង់ទីន លោក ត្រាំ បានលើកឡើងដូច្នេះថា៖«ខ្ញុំគិតថានៅពេលអនាគតខាងមុខ ប្រធានាធិបតីចិន និងខ្ញុំ រួមទាំងប្រធានាធិបតីរុស្ស៊ី លោក ពូទីន នឹងចាប់ផ្ដើមកិច្ចសន្ទនាដ៏មានន័យមួយដើម្បីបិទបញ្ចប់ការរត់ប្រណាំងសព្វាវុធ»។
តែទោះយ៉ាងណាក៏ដោយ ប្រធានាធិបតីអាមេរិកមិនបានបញ្ជាក់អ្វីលម្អិតនោះទេ។ ប៉ុន្តែ អ្វីដែលគេដឹងគឺថាការលើកឡើង ខាងលើរបស់លោក ត្រាំ កើតមានឡើងនៅចំពេលសហរដ្ឋអាមេរិកបានអនុម័តកញ្ចប់ថវិកាការពារជាតិជាង ៧១៦ពាន់ លានដុល្លារ ដែលគេមើលឃើញថាមានចេតនាប្រើប្រាស់ដើម្បីទប់ស្កាត់ឥទ្ធិពលរបស់ចិន និងរុស្ស៊ី៕