(ភ្នំពេញ)៖ លោក អ៉ឹម ឈុនលឹម ប្រធានក្រុមប្រឹក្សាធម្មនុញ្ញ បានសម្តែងនូវការសោកស្តាយ និងក្រៀមក្រំក្រៃលែងចំពោះមរណភាពរបស់លោក ព្រហ្ម ញាណវិចិត្រ អតីតសមាជិកក្រុមប្រឹក្សាធម្មនុញ្ញ។
នៅក្នុងលិខិតចូលរួមរំលែកមរណទុក្ខផ្ញើជូនក្រុមគ្រួសារសពនៅថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០១៨នេះ លោក អ៉ឹម ឈុនលឹម បានចាត់ទុករបស់មរណភាពរបស់លោក ព្រហ្ម ណាណវិចិត្រ គឺជាការបាត់បង់ឧត្តមស្វាមី លោកឪពុក និងជីតា ប្រកបដោយព្រហ្មវិហារធម៌ និងជាទីគោរពស្រឡាញ់របស់ក្រុមគ្រួសារ។
លោកក៏បានចាត់ទុកមរណភាពនេះ គឺជាការបាត់បង់នូវឥស្សរជនដ៏ល្អមួយរូបរបស់ជាតិ ដែលបានចូលរួមចំណែកយ៉ាងសស្រាក់សស្រាំក្នុងការកសាងប្រទេសជាតិនាពេលកន្លងមក។
សូមបញ្ជាក់ថា លោក ព្រហ្ម ញាណវិចិត្រ បានទទួលមរណភាពនៅវេលាម៉ោង ២៖២៥នាទីទៀបភ្លឺថ្ងៃអង្គារ ១២រោច ខែកក្តិក ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០១៨នេះ ដោយរោគាពាធ ក្នុងជន្មាយុ ៧៤ឆ្នាំ។
សពរបស់លោក ព្រហ្ម ញាណវិចិត្រ នឹងត្រូវតម្កល់ធ្វើបុណ្យតាមប្រពៃណីព្រះពុទ្ធសាសនានៅផ្ទះលេខ១ ផ្លូវលេខ៣៥២ សង្កាត់បឹងកេងកង១ ខណ្ឌចំការមន រាជាធានីភ្នំពេញ។
ក្រុមគ្រួសារសព បានគោរពអញ្ជើញសាច់ញាតិជិតឆ្ងាយ រួមនឹងមិត្តភក្តិរបស់សពអញ្ជើញចូលរួមបុណ្យ ដើម្បីជាការលាគ្នា និងជាការជូនដំណើរជាលើកចុងក្រោយ។
លោក ព្រហ្ម ញាណវិចិត្រ ជាបុគ្គលមួយប្រកបដោយចំណេះដឹង និងធ្លាប់បានបម្រើការងារជាច្រើនជាប្រយោជន៍ដល់សង្គមជាតិ។ លោក បានបម្រើការងារជាសាស្ត្រាចារ្យអក្សរសាស្ត្រខ្មែរ និងអង់គ្លេសនៅវេិទ្យាល័យព្រះសីហនុរាជ្យ និងវិទ្យាល័យព្រះសុរាម្រិត ក្នុងចន្លោះឆ្នាំ១៩៦៤-១៩៧០។
ក្រោយប្រទេសកម្ពុជាត្រូវបានរំដោះចេញពីរបបប្រល័យពូជសាសន៍លោក បានបំពេញការងារជាប្រធានគណៈលេខានិពន្ធកាសែតកម្ពុជា និងធ្លាប់បានធ្វើជាអនុរដ្ឋលេខាធិការក្រសួងព័ត៌មាន ទទួលដឹកនាំការងារមជ្ឈមណ្ឌព័ត៌មាន អគ្គនាយកដ្ឋានទូរទស្សន៍ជាតិកម្ពុជា (TVK) និងអគ្គនាយកដ្ឋាន (AKP)។ លោកក៏បានបំពេញការងារជាសាស្ត្រាចារ្យនៅសាលាភូមិន្ទ និងជាក្រុមការងារពិសេសរបស់រាជរដ្ឋាភិបាលផងដែរ។
នៅឆ្នាំ១៩៩៧ ដល់ឆ្នាំ២០០២ លោក ព្រហ្ម ញាណវិចិត្រ ធ្លាប់ធ្វើជាសមាជិកគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត និងជាប្រធានអនុគណៈកម្មាធិការអចិន្ត្រៃយ៍ផ្នែកប្រព័ន្ធផ្សាព្វផ្សាយព័ត៌មាន និងការិយាល័យព័ត៌មានសាធារណៈ។ នៅចន្លោះឆ្នាំ២០០៣ និង២០០៤ លោកត្រូវបានព្រះមហាក្សត្រតែងតាំងជាទីប្រឹក្សាអមទីស្តីការគណៈរដ្ឋមន្ត្រី៕