(ភ្នំពេញ)៖ ដោយសារតែកំណើនភ្ញៀវទេសចរជាតិ និងអន្ដរជាតិ នៅក្នុងប្រទេសកម្ពុជា មានការកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ ធ្វើឲ្យការផលិតវត្ថុអនុស្សាវរីយ៍ ក្នុងស្រុកសម្រាប់លក់បំពេញតំរូវការ ឲ្យភ្ញៀវទេសចរដែលចូលមកលេងកំសាន្ដ កំពុងតែជួបបញ្ហាខ្វះខាតក្នុងផលិត និងខ្វះខាតវត្ថុធាតុដើម។

ពាក់ព័ន្ធនឹងការខ្វះខាត ក្នុងការផលិតវត្ថុអនុស្សាវរីយ៍ លោកស្រី ឆាយ ស៊ីវលីន ប្រធានសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា ក៏បានស្នើឲ្យស្ថាប័នរដ្ឋជួយគាំទ្រ និងវិនិយោគ ទៅលើការផលិតវត្ថុអនុស្សាវរីយ៍ ដើម្បីឲ្យការផលិតផលិតផលនេះ ដើរកាន់តែខ្លាំង និងអាចបំពេញតំរូវការ របស់អតិថិជនឲ្យបានគ្រប់គ្រាន់។ ការស្នើយ៉ាងដូច្នេះ បានធ្វើឡើងក្នុងកម្មវិធី «ភ្ញៀវពិសេសប្រចាំសប្តាហ៍» ដែលជាកម្មវិធីថ្មី របស់ទូរទស្សន៍ Fresh News ។

លោកស្រី ឆាយ ស៊ីវលីន បានលើកឡើងផងដែរថា ការខ្វះខាតក្នុងការផលិត ផលិតផលអនុស្សាវរីយ៍ ក្នុងស្រុកសម្រាប់លក់ឲ្យភ្ញៀវទេសចរនេះ ដោយសារតែកត្ដាប្រជាពលរដ្ឋ មិនបានប្រឹងប្រែងពង្រីកខ្លួន និងដោយសារតែស្ថាប័នពាក់ព័ន្ធ មិនបានចូលរួមជំរុញ និងគាំទ្រ ដល់សហគ្រាសធុនតូច និងមធ្យម ពាក់ព័ន្ធការផលិតវត្ថុអនុស្សាវរីយ៍នេះ។

ប្រធានសមាគមរូបនេះបញ្ជាក់ទៀតថា ដោយសារតែការខ្វះខាតនេះហើយ គឺតម្រូវឲ្យមានការនាំចូលវត្ថុអនុស្សាវរីយ៍ពីបរទេស មកលក់ជូនភ្ញៀវទេសចរនៅកម្ពុជា។

ជាមួយគ្នានោះ លោកស្រី ឆាយ ស៊ីវលីន ក៏បានអំពាវនាវឲ្យស្ថាប័នរដ្ឋជួយគាំទ្រ និងវិនិយោគ ទៅលើការផលិតអនុស្សាវរីយ៍បន្ថែមទៀត ដើម្បីឲ្យផលិតផលក្នុងស្រុកដើរកាន់តែខ្លាំង និងមានគ្រប់តំរូវការរបស់អតិថិជន ព្រោះថា ផលិតផលក្នុងស្រុក គឺជាចំណែកមួយដ៏ធំ ក្នុងការទាក់ទាញភ្ញៀវទេសចរ៕

សូមទស្សនាវីដេអូនៃកិច្ចសម្ភាសន៍ដូចខាងក្រោម៖