(មណ្ឌលគិរី)៖ ក្រុមការងាររដ្ឋបាលសាលាខេត្តមណ្ឌលគិរីរបស់កម្ពុជា និងមន្ទីរកិច្ចការបរទេសខេត្តដាក់ណុង វៀតណាម បានបើកកិច្ចប្រជុំបន្ទាន់មួយនៅរសៀលថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០១៨ ក្រោយមានព័ត៌មានប្រឌិតថា ថ្នាក់ដឹកនាំខេត្ដមណ្ឌលគិរី បានលួចចុះហត្ថលេខា ជាមួយថ្នាក់ដឹកនាំខេត្តដាក់ណុង អនុញ្ញាតឲ្យមានសកម្មភាពជួញដូរ និងដឹកជញ្ជូនឈើខុសច្បាប់ពីខេត្តមណ្ឌលគិរី ទៅខេត្តដាក់ណុង តាមច្រករបៀង៧៥១។
តាមរយៈកំណត់ហេតុ នៃកិច្ចប្រជុំដែលបណ្ដាញព័ត៌មាន Fresh News ទទួលបានភាគីទាំងពីរ បានបញ្ជាក់ព្រមគ្នាថា «ថ្នាក់ដឹកនាំខេត្តទាំងពីរ ខេត្តមណ្ឌលគិរ និងខេត្តដាក់ណុង មិនបានអនុញ្ញា ឬចុះហត្ថលេខាលើលិខិតណាមួយ អនុញ្ញាតឲ្យបណ្ដាអាជីវករធ្វើការជួញដូរ រុករាន និងដឹកជញ្ជូនឈើខុសច្បាប់ឆ្លងដែន កាត់តាមព្រំដែនរវាងខេត្តទាំងពីរនោះទេ»។
ភាគីទាំងពីរ បានបន្ថែមថា ចំពោះសេចក្ដីសម្រេចលេខ៣៧១/QD-UBND ចុះថ្ងៃទី០៣ ខែមីនា ឆ្នាំ២០១៧ របស់ខេត្ដដាក់ណុង បញ្ហានេះ គណៈកម្មាធិការប្រជាជនខេត្តដាក់ណុង យល់ឃើញថា មិនមានការសមស្រប ដូចនេះខេត្តដាក់ណុង បានបញ្ចប់សុពលភាពលិខិតដូចខាងលើ ដោយមិនអាចទៅបញ្ជាក់ចំនួនឈើនៅភាគីខេត្តមណ្ឌលគិរី តាមការស្នើសុំរបស់អាជីវករវៀតណាមនោះទេ។
រហូតមកដល់បច្ចុប្បន្ននេះ ភាគីខេត្តដាក់ណុង មិនមានការអនុញ្ញាតឲ្យមានការនាំចូលឈើពីខេត្តមណ្ឌលគិរី ទៅខេត្តដាក់ណុង តាមច្រករបៀង ៧៥១នោះទេ
ជាមួយគ្នានេះ អភិបាលខេត្តមណ្ឌលគិរីលោក ស្វាយ សំអ៊ាង នៅថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០១៨នេះ ក៏បានប្រកាសច្រានចោលទាំងស្រុងចំពោះព័ត៌មានទាំងឡាយណា ដែលចុះផ្សាយតាមសង្គម Facebook ដែលបានចោទលោកថា បានអនុញ្ញាតឲ្យនាំចេញឈើទៅកាន់ប្រទេសវៀតណាម។ ផ្ទុយទៅវិញលោកអភិបាលខេត្ត មានតែបញ្ជាឲ្យមន្រ្តី និងកងកម្លាំងប្រដាប់អាវុធទាំង៣ ចុះទៅទប់ស្កាត់ចំពោះ បទល្មើសមួយនេះ នៅតាមព្រំដែន។
ថ្លែងប្រាប់អង្គភាពព័ត៌មាន Fresh News នៅរសៀលថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០១៨នេះ អភិបាលខេត្តមណ្ឌលគិរី បានអះអាងថា ការពិតជាក់ស្ដែង លោកមិនបានដឹងទាន់តែសោះ និងមិនមានរឿងនេះ កើតឡើងឡើយ ដែលថារូបលោកអនុញ្ញាតឲ្យនាំចេញឈើទៅកាន់ប្រទេសវៀតណាម រហូតដល់មានការចុះហត្ថលេខាទៀតនោះ ផ្ទុយទៅវិញ មានតែចាត់វិធានការបន្ដបន្ទាប់ ដើម្បីទប់ស្កាត់ ការនាំចេញឈើទៅកាន់ប្រទេសជិតខាងទៅវិញនោះទេ។
លោក ស្វាយ សំអ៊ាង បានបញ្ជាក់ថា «ខ្ញុំសូមធ្វើការបដិសេធចោលទាំងស្រុង ចំពោះព័ត៌មានដែលបានចុះផ្សាយទាំងនេះ។ ខ្ញុំអីណាទៅល្ងង់ដល់ថ្នាក់ចុះហត្ថលេខា ឲ្យនាំចេញឈើទៅក្រៅ ប្រទេសយ៉ាងដូច្នេះ។ ករណីនេះ ខ្ញុំបានបញ្ជាឲ្យមន្រ្តីចុះទៅសួរនាំ និងធ្វើការជាដល់ខាងខេត្តដាក់ណុង ក្នុងប្រទេសវៀតណាមទៀត តែធាតុពិតគឺវាគ្មានរឿងបែបហ្នឹងកើតឡើងឡើយ ហើយខ្ញុំក៏មិនដឹងថាគេបានព័ត៌មាន មិនពិតទាំងនេះ មកពីណាទេ?»។
អភិបាលខេត្តជាប់ព្រំដែនវៀតណាមរូបនេះ ក៏បានបន្តទៀតថា «ផ្ទុយទៅវិញ ខ្ញុំមានតែបញ្ជាឲ្យមន្រ្តី និងកងកម្លាំងប្រដាប់អាវុធទាំង៣ ចុះទៅកាន់តាមព្រំដែន និងច្រកព្រំដែនដើម្បីរឹតបន្តឹង ទប់ស្កាត់ និងបង្ក្រាបករណីលួចនាំចេញឈើទៅកាន់ប្រទេសជិតខាង ហើយកន្លងមកអាជ្ញាធរ និងសមត្ថកិច្ចពាក់ព័ន្ធបានបង្ក្រាបជាច្រើនករណី»។
ទោះបីជាយ៉ាងណា អភិបាលខេត្តរូបនេះ ក៏បានទទួលស្គាល់ថា បើទោះបីមានការទប់ស្កាត់យ៉ាងណាក៏ដោយនោះ តែការលួចនាំចេញឈើ ការលួចនាំចូលម៉ូតូអត់ពន្ធ ក៏នៅតែមានខ្លះ ប៉ុន្តែករណីនេះ លោកបានវិធានការរួចរាល់ហើយដែរ ដើម្បីទប់ស្កាត់ឲ្យមានប្រសិទ្ធភាព។
សូមបញ្ជាក់ថា ការចេញបដិសេធ និងច្រានចោលទាំងនេះ បន្ទាប់ពីមានព័ត៌មានក្នុងស្រុកមួយចំនួន និងតាមបណ្តាញសង្គម បានចុះផ្សាយថា លោកអភិបាលខេត្ត បានលួចចុះហត្ថលេខា ជាមួយភាគីវៀតណាម គឺចៅហ្វាយខេត្តដាក់ណុង អនុញ្ញាតឲ្យមានសកម្មភាពទិញដូរ នាំចូលទំនិញឈើពីខេត្តមណ្ឌលគិរី ទៅវៀតណាម តាមច្រក៧៥១ ដោយគ្មានការឆ្លងកាត់ ក្រសួងមន្ទីរពាក់ព័ន្ធណាមួយឡើយ៕