(ភ្នំពេញ)៖ ក្រុមហ៊ុនហួវៃ ប្រចាំប្រទេសកម្ពុជា បានដឹកនាំនិស្សិតឆ្នើមចំនួន១០ រូបចូលជួបសម្តែងការគួរសមជាមួយលោកស្រី ខែក កែមាលី ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាព នៃព្រះរាជាណាចក្រកម្ពុជា ប្រចាំសាធារណរដ្ឋប្រជាមានិតចិន នៅស្ថានទូតកម្ពុជាទីក្រុងប៉េកាំង។
ក្នុងកម្មវិធីសំណេះសំណាល លោកស្រីឯកអគ្គរាជទូត បានបង្ហាញចំណាប់អារម្មណ៍ស្វាគមន៍ និងមោទនភាពចំពោះនិស្សិតកម្ពុជា ដែលបានជ្រើសរើសចូលរួមកម្មវិធីទស្សនកិច្ចសិក្យា នាសាធារណរដ្ឋប្រជាមានិតចិន ដែលរៀបចំដោយក្រុមហ៊ុនហួវៃ។
បន្ថែមពីនេះ លោកស្រីឯកអគ្គរាជទូត ក៏បានផ្តាំផ្ញើរ និងរម្លឹកដល់និស្សិតកម្ពុជា ដែលមានឱកាសបានមកដល់សាធារណរដ្ឋប្រជាមានិតចិន ឲ្យយកចិត្តទុកដាក់ខ្ពស់ ក្នុងការស្វែងយល់ពីភាពរីកចម្រើននៃប្រទេសចិន ជាពិសេសខិតខំប្រឹងប្រែងស្វែងយល់អំពីបច្ចេកវិទ្យាថ្មីៗ ដែលហួវៃមាន ដើម្បីជាប្រយោជន៍ដល់ខ្លួនឯង សង្គម និងប្រទេសជាតិ។
គួររម្លឹកផងដែរថា គម្រោង «គ្រាប់ពូជដើម្បីអនាគត» ជាសកម្មភាពទំនួលខុសត្រូវសង្គម របស់ក្រុមហ៊ុនហួវៃ ដែលជាក្រុមហ៊ុនអន្តរជាតិ ជាមួយនិងការវិនិយោគដ៏ធំបំផុត លើពិភពលោក ហើយមានការបណ្តាក់ទុន និងផ្តល់ការងារនៅក្នុងស្រុកជាយូរមកហើយ។
គម្រោងនេះ ត្រូវបានផ្តួចផ្តើមដោយក្រុមហ៊ុនហួវៃ តាំងពីឆ្នាំ ២០០៨ ដើម្បីជួយបណ្តុះបណ្តាលធនធានមនុស្ស ផ្នែកបច្ចេកវិទ្យាទំនាក់ទំនងព័ត៍មានវិទ្យា (ICT) នៅតាមបណ្តាប្រទេសនានា ក្នុងនោះគម្រោង «គ្រាប់ពូជដើម្បីអនាគត»នេះ បានបើកដំណើរការ នៅកម្ពុជាជាលើកទី១នៅឆ្នាំ២០១៦។
ក្រោមការជ្រោមជ្រែង និងសហការពីសំណាក់សហភាពសហព័ន្ធយុវជនកម្ពុជា រហូតមកដល់ពេលនេះ មាននិស្សិតចំនួន ២០នាក់ មកពីមហាវិទ្យាល័យផ្សេងៗនៅកម្ពុជា មានឱកាសចូលរួមកម្មវិធីទស្សនកិច្ចសិក្សា ស្វែងយល់ពីភាពរីកចម្រើននៃបច្ចេកវិទ្យា របស់ក្រុមហ៊ុនហួវៃ ដែលបានប្រព្រឹត្តធ្វើនៅទីក្រុងប៉េកាំង និងទីក្រុងសិនជិន នៃសាធារណរដ្ឋប្រជាមានិត ។
ក្នុងឆ្នាំ២០១៨ ក្រុមហ៊ុនហួវៃ នៅតែបន្តសហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជា ជ្រើសរើសនិស្សិតឆ្នើម មកពីមហាវិទ្យាល័យនានា សរុបចំនួន១០ រូបទៀត ដើម្បីចូលរួមជាមួយកម្មវិធី ដែលពួកគេបានចាកចេញពីប្រទេសកម្ពុជានាថ្ងៃទី១ ខែធ្នូ ឆ្នាំ២០១៨ កន្លងទៅនេះ ៕