(ភ្នំពេញ)៖ មហោស្រពពិព័រណ៍វិទ្យាសាស្រ្តកម្ពុជា ប្រចាំឆ្នាំលើកទី១៤ បានរៀបចំធ្វើឡើង ស្របតាមលក្ខណៈនៃ «ពិព័រណ៍វិទ្យាសាស្រ្ត» ទូទៅ និងច្របាច់បញ្ចូលនូវធាតុផ្សំ នៃមុខវិជ្ជាស្ទែម ដែលរួមមាន៖ វិទ្យាសាស្រ្ត បច្ចេកវិទ្យា វិស្វកម្ម និងគណិតវិទ្យា ក្នុងគោលបំណងផ្ដល់នូវថ្នាលអប់រំ មួយបែបដ៏ល្អប្លែកយ៉ាងពិតប្រាកដ ជូនដល់ភ្ញៀវដែលបានចូលរួមទស្សនាទាំងអស់។
មហោស្រពពិព័រណ៍វិទ្យាសាស្រ្តកម្ពុជា ប្រចាំឆ្នាំលើកទី១៤ បានរៀបចំធ្វើឡើង នៅថ្ងៃសុក្រ ទី៣០ ខែវិច្ឆិកា និងថ្ងៃសៅរ៍ ទី០១ ខែធ្នូ ឆ្នាំ២០១៨ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ រាជធានីភ្នំពេញ ដែលប្រព្រឹត្តទៅដោយជោគជ័យ។
ពិធីបើកទំព័រកម្មវិធីពិព័រណ៍វិទ្យាសាស្រ្តនេះ ត្រូវបានចូលរួមក្រោមអធិបតីភាព របស់លោកស្រី គឹម សេដ្ឋានី រដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា និងដោយបានថ្លែងអំពីសេចក្ដីរំភើប ទាក់ទងនឹងសារៈសំខាន់ នៃពិព័រណ៍នេះ ក្នុងការជួយឲ្យសិស្ស-និស្សិតស្វែងយល់ និងទទួលបានបទពិសោធន៍ជាក់ស្ដែង តាមរយៈការធ្វើពិសោធន៍ ការដាក់ឲ្យដំណើរការ និងការសិក្សាជាមួយនឹងមុខវិជ្ជាស្ទែមទាំងនេះ។
រីឯពិធីបិទទំព័រកម្មវិធីពិព័រណ៍វិទ្យាសាស្រ្តវិញ បានទទួលអធិបតីភាពរបស់លោកបណ្ឌិត អឹម កុច រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា ដែលបានផ្ដល់នូវកិច្ចគាំទ្រយ៉ាងពេញទំហឹង និងលើកឡើងពីតួនាទីដ៏សំខាន់ នៃការអប់រំស្ទែមក្នុងការ រួមចំណែកចំពោះអនាគតសេដ្ឋកិច្ចកម្ពុជា។
កញ្ញា តេង សុផាណា តំណាងកុ្រមហ៊ុន ស្មាត អាស្យាតា និងដែលជាអ្នកឧបត្ថម្ភធំ នាឱកាសព្រឹត្តិការណ៍នេះ បានថ្លែង និងទទួលវិញ្ញាបនបត្របញ្ជាក់ ពីអនុស្សរណៈយោគយល់គ្នារយៈពេល៣ឆ្នាំ ហើយនេះសបញ្ជាក់ ពីតឹកតាង នៃការប្ដេជ្ញាខ្ពស់របស់ ស្មាត អាស្យាតា ក្នុងការរួមចំណែកក្នុងបុព្វហេតុមនុស្សជាតិ សង្គម និងផែនដីរបស់យើង។
តាមរយៈការព្យាយាម និងសាកល្បងរូបមន្ត ការផ្ដល់ឱកាសឲ្យសិស្ស-និស្សិត ចូលរួមជាមួយនឹងមុខវិជ្ជា ដែលគួរឲ្យចាប់អារម្មណ៍នេះ និងផ្ដល់នូវទំនួលខុសត្រូវ ដល់ពួកគាត់ក្នុងការបង្ហាញពីស្នាដៃ និងសមត្ថភាព ជូនដល់ប្រទេសជាតិ បូករួមនឹងការលើកកម្ពស់គំនិត ផ្ដួចផ្ដើមដ៏ជោគជ័យនានា គឺសុទ្ធតែជាធាតុផ្សំ នៃភាពជោគជ័យដ៏ត្រចះត្រចង់ នៃព្រឹត្តិការណ៍នេះ ដូចសព្វមួយដង។
លក្ខណៈពិសេសពិតប្រាកដ នៃព្រឹត្តិការណ៍រយៈពេលពីរថ្ងៃនេះ គឺជាគម្រោងស្ទែមរបស់ប្អូនៗសិស្សានុសិស្ស ពីសាលានានាជាច្រើន។ គម្រោងសរុបចំនួន២៤០គម្រោង ត្រូវបានដាក់តាំងបង្ហាញ និងបង្កើតឡើង ដោយសិស្សានុសិស្សមក ពីសាលាចំនួន១៥ ដែលរួមមាន សាលាមកពីខេត្តបាត់ដំបងផងដែរ។
តាមរយៈគម្រោងទាំងនេះ ពួកគាត់ពិតជាអាចប្រើប្រាស់ ការអប់រំស្ទែមដែលពួកគាត់ចូលចិត្តបំផុត ហើយយើងក៏បានផ្ដល់ផងដែរ នូវភាពរីករាយជាច្រើនដល់មហាជន ដែលបានចូលរួមទស្សនា នៅតាមស្ដង់បង្ហាញគម្រោងនានា និងស្វែងយល់ពីទ្រឹស្ដីគួរឱ្យចាប់អារម្មណ៍ផ្សេងៗ រួមទាំងអាថ៌កំបាំងវិទ្យាសាស្រ្តពិសេសៗផងដែរ។
ព្រឹត្តិការណ៍នេះ បានផ្ដល់ជូនផងដែរ នូវការបង្ហាញលើឆាកដែលគួរជាទីចាប់អារម្មណ៍ ជាមួយនឹងលក្ខណៈវិទ្យាសាស្រ្តពិសេសៗ បាឋកថា ដែលបង្ហាញដោយអ្នកជំនាញ ក្នុងការងារស្ទែម ក្រោមប្រធានបទនៃការអប់រំស្ទែម អាជីពការងារស្ទែម រួមនឹងប្រធានបទបរិស្ថាននានាសម្រាប់កម្ពុជា នាពេលបច្ចុប្បន្ន។
ក្រៅពីនេះ មហោស្រពពិព័រណ៍វិទ្យាសាស្រ្ត ក៏មានជាការប្រគំតន្ត្រី សម្រាប់ថ្ងៃនីមួយៗ នៃព្រឹត្តិការណ៍ទាំងពីរថ្ងៃនេះផងដែរ។ ម្យ៉ាងវិញទៀត មហោស្រពពិព័រណ៍វិទ្យាសាស្រ្ត បានទទួលការចូលរួមពីសំណាក់ «Nutty Scientists Cambodia» ដែលញុំាងឲ្យកម្មវិធីនេះ មានបរិយាកាសកាន់តែរីករាយ។
ដោយឡែក ការប្រកួតសំណេរប្រកបដោយភាពច្នៃប្រឌិត និងការប្រកួតសិល្បៈគំនូរ ដែលបង្កើតឡើងដើម្បីអបអរ មហោស្រពពិព័រណ៍វិទ្យាសាស្រ្តកម្ពុជាប្រចាំឆ្នាំនេះ ក៏បានផ្ដល់នូវឱកាស ដល់សិស្សានុសិស្ស ក្នុងការស្វែងយល់អំពីការអប់រំស្ទែមដែរ។ ស្នាដៃរបស់ជ័យលាភី ត្រូវបានដាក់តាំងបង្ហាញជូនមហាជនទស្សនា។
រីឯការប្រកួតរ៉ូបូត របស់សមាគមរ៉ូបូតអូឡាំព្យាដពិភពលោក បានទាក់ទាញចំណាប់អារម្មណ៍របស់សិស្សានុសិស្សក្នុងក្រុងភ្នំពេញ យ៉ាងខ្លាំង រួចមកហើយ នៅដើមឆ្នាំនេះ ហើយមហោស្រពពិព័រណ៍វិទ្យាសាស្រ្ត របស់យើងក៏បានពាំនាំការបង្ហាញរ៉ូបូតនេះ ជូនដល់សិស្សានុសិស្សបន្ថែមទៀត ដើម្បីធ្វើការស្វែងយល់អំពីបច្ចេកវិទ្យា។
ម្យ៉ាងវិញទៀត មហោស្រពពិព័រណ៍វិទ្យាសាស្រ្ត ក៏មានការដាក់តាំងបង្ហាញរ៉ូបូតផ្សេងៗ រួមទាំង «ស៊ូម៉ូរ៉ូបូត» ដែលផ្ដល់នូវទិដ្ឋភាពដ៏ពិសេសមួយនៃបច្ចេកវិទ្យា និងដែលបានទាក់ទាញចំណាប់អារម្មណ៍ របស់អ្នកចូលរួមទស្សនា។
គួរបញ្ជាក់ផងដែរថា មហោស្រពពិព័រណ៍វិទ្យាសាស្រ្ត ក៏មានគម្រោងស្ទែមរបស់កុមារតូចៗ (Kids Corner) ក្នុងគោលបំណងដាក់តាំងបង្ហាញភាពច្នៃប្រឌិត និងចំណាប់អារម្មណ៍របស់ពួកគាត់ តាមបែបវិទ្យាសាស្រ្តដែរ។
ជាការពិត មុខវិជ្ជាស្ទែម នឹងបន្តទទួលបានការយកចិត្តទុកដាក់ និងប្ដេជ្ញាខ្ពស់លើការអប់រំ នាពេលអនាគត នៅទូទាំងពិភពលោក ហើយជានិច្ចកាលព្រឹត្តិការណ៍ដូចនេះ គឺជាមធ្យោបាយមួយដ៏មានប្រសិទ្ធភាព ក្នុងការបំផុស និងជំរុញគំនិតរបស់សិស្ស-និស្សិត ឲ្យរួមចំណែកក្នុងមុខវិជ្ជាស្ទែមនេះ