(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ តាមរយៈអ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិ បានធ្វើការបដិសេធចោលទាំងស្រុង នូវខ្សែវីដេអូឃ្លីបមួយ ដែលបានបង្ហោះចែកចាយគ្នា ក្នុងបណ្ដាញសង្គម នូវរូបភាពឃោឃៅកាប់ចាក់គ្នា ដែលអះអាងថាកើតនៅរាជធានីភ្នំពេញ។
ក្នុងនាមអគ្គស្នងការដ្ឋាននគរបាលជាតិ សូមបញ្ជាក់ថា «វីដេអូដែលបង្ហោះតាមបណ្តាញសង្គមនេះ មិនមែនជាការ ពិតដូចកើតមានតាមខ្សែវីដេអូនេះឡើយ។ តាមការពិនិត្យរបស់សមត្ថកិច្ច នៃក្រុមជំនាញ បានបញ្ជាក់ថាវីដេអូនេះ មានការកាត់តរូបភាពក្នុងចេតនាបំពុល បរិយាកាសសង្គម បង្កឲ្យមានការភ័ន្តច្រឡំ និងបង្កើតឲ្យមានការរើសអើងពូជសាសន៍ក្នុងប្រទេសកម្ពុជា»។
ជាថ្មីម្តងទៀត អ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិ ក៏បានសង្កត់ធ្ងន់ថា រឿងនេះមិនមានការកើតឡើងក្នុងប្រទេសកម្ពុជាឡើយ។ ចំណែកសំឡេង ដែលបានថតក្នុងសាច់រឿងនោះ គឺជាសម្លេងថតបញ្ចូល ក្នុងបំណងធ្វើឲ្យមានការយល់ច្រឡំក្នុងបំណងចង់បំពុលបរិយាកាសសន្តិសុខ៕