(កំពង់ស្ពឺ)៖ មន្ត្រីឆ្មបស្រុកឱរ៉ាល់ និងជាភរិយាប្រធានមណ្ឌលសុខភាពស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ បានរងការចោទថា បានចាក់ថ្នាំខុសបច្ចេកទេសបណ្តាលឱ្យស្ត្រីចំណាស់ម្នាក់ស្លាប់ និងត្រូវក្រុមគ្រួសារបញ្ជូន សាកសពទៅពិនិត្យ នៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ស្ពឺ នៅថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០១៨នេះ ដើម្បីធ្វើវិភាគរកការពិត។
សមត្ថកិច្ចមូលដ្ឋានបានឱ្យដឹងថា ស្ត្រីរងគ្រោះមានឈ្មោះ ពៅ យ៉ាន អាយុ៧៤ឆ្នាំ ជាស្ត្រីមេម៉ាយ និងមានកូន០២នាក់ រស់នៅភូមិផ្សាកន្ទួត ឃុំសង្កែសាទប ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ បានស្លាប់ក្រោយពីស្រ្តីរងគ្រោះមានរបួសតិចតួច ហើយបានទៅចាក់ថ្នាំតេតាណុស នៅផ្ទះឈ្មោះ ជា ហ៊ីម ដែលបើកពេទ្យឯកជននៅភូមិ-ឃុំ ជាមួយជនរងគ្រោះ។
មុនកើតហេតុ ជនរងគ្រោះបានទៅរកចាក់ថ្នាំតេតាណុស ប៉ុន្តែប្រធានមណ្ឌលសុខភាព បានឱ្យប្រពន្ធខ្លួន ជាអ្នកចាក់ជំនួស (មិនស្គាល់ឈ្មោះ) ដោយខ្លួនមិននៅចាក់ឱ្យទេ ក្រោយបានមួយសន្ទុះស្ត្រីរងគ្រោះ មានអាការៈមិនស្រួល ឬអាចដាច់ខ្យល់បាត់ទៅហើយ។ ក្រោយពីដឹងសភាពការណ៍មិនស្រួល លោក ជា ហ៊ីម បានយករថយន្តឯកជនរបស់មេភូមិដឹកសពជនរងគ្រោះ មកកាន់មន្ទីរពេទ្យខេត្តនៅក្នុងនៃដើម្បីយករួចខ្លួន។
លោក អោ វណ្ណថេន ប្រធានមន្ទីរពេទ្យខេត្តកំពង់ស្ពឺ បានបញ្ជាក់ថា ករណីខាងលើពិតជាកើតមានមែន ហើយសាកសពបានយកមកតម្កល់ទុក នៅមន្ទីរពេទ្យខេត្ត រីឯអ្នកចាក់ថ្នាំតេតាណុស ខាងលើបច្ចុបប្បន្នជាមន្ត្រីពេទ្យ ទាំងប្តី ទាំងប្រពន្ធ។
លោក អោ វណ្ណថេន បានបញ្ជាក់ថា ក្រុមការងារកំពុងតែត្រួតពិនិត្យ និងបើកការធ្វើកោសលវិច្ឆ័យលើសាកសព បើសិនរកឃើញថាបានស្លាប់ ដោយសារតែការចាក់ថ្នាំខុស បច្ចេកទេសមែន និងប្រឈមមុខតាមផ្លូវច្បាប់ ហើយនឹងឈានទៅបិទទីតាំងអាជីវកម្មពេទ្យឯកជននោះថែមទៀត ចំពោះការដាក់ទោសទណ្ឌ បែបណានោះគឺអាស្រ័យលើផ្លូវច្បាប់ជាអ្នកវិនិច្ឆ័យ។
ចំពោះករណីនេះ អង្គភាពព័ត៌មាន Fresh News មិនអាចទាក់ទៅមន្ត្រីពេទ្យទាំងពីរនាក់ប្តីប្រពន្ធបាននៅឡើយទេ រហូតមកដល់ពេលនេះ៕