(ភ្នំពេញ)៖ នៅថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០១៨នេះ សមត្ថកិច្ចជំនាញ នៃការិយាល័យស្រាវជ្រាវបទល្មើសគ្រឿងញៀន កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបញ្ជូនជនសង្ស័យ១៥នាក់ ទៅតុលាការពាក់ព័ន្ធករណីគ្រឿងញៀន រួមនិងក្រាមពណ៍សថ្លា៩៥កញ្ចប់(ប្រភេទម៉ាទឹកកក)។
មន្ដ្រីអាវុធហត្ថបានឲ្យដឹងថា ជនសង្ស័យទាំង១៥នាក់នេះ ត្រូវបានកម្លាំងល្បាតមូលដ្ឋានអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនបានជាបន្តបន្ទាប់គ្នា ក្នុងនោះមាន ទី១៖ឈ្មោះ ថុន វុត្ថា អាយុ២០ឆ្នាំ, ទី២៖ឈ្មោះ ផាក់ សុខលៀង អាយុ២២ឆ្នាំ ត្រូវបានកម្លាំងល្បាតមូលដ្ឋានអាវុធហត្ថខណ្ឌព្រែកព្នៅ ឃាត់ខ្លួនបានកាលពីថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៨ ចំណុចលើផ្លូវបេតុង ភូមិផ្សារលិច សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ។
ទី៣៖ឈ្មោះ ឌិន បញ្ញា អាយុ១៨ឆ្នាំ, ទី៤៖ឈ្មោះ ផល សុភ័ក្ក អាយុ១៨ឆ្នាំ, ទី៥៖ឈ្មោះ ទៀង ចាន់ធី អាយុ៣៤ឆ្នាំ ត្រូវបានកម្លាំងល្បាតមូលដ្ឋានខណ្ឌមានជ័យ ឃាត់ខ្លួនបានកាលពីថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០១៨ ចំណុចលើផ្លូវបេតុង ភូមិឫស្សី សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ។
លុះដល់វេលាម៉ោង១០៖៣០នាទី ថ្ងៃដដែលកម្លាំងមូលដ្ឋានអាវុធហត្ថខណ្ឌមានជ័យ បានបន្តសហការជាមួយសមត្ថកិច្ចជំនាញ នៃការិយាល័យស្រាវជ្រាវ បទល្មើសគ្រឿងញៀន កងរាជអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនបានជនសង្ស័យ០៦នាក់ផ្សេងទៀត នៅចំណុចសំណង់ផ្ទះមិនរៀបរយ ផ្លូវបេតុង ក្រុម៦ ភូមិព្រែកទាល់ សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ ក្នុងនោះមាន ទី១៖ឈ្មោះ ធូ សេរីរ័ត្ន ភេទស្រី អាយុ២២ឆ្នាំ, ទី២៖ឈ្មោះ ពុំ ពៅ អាយុ២២ឆ្នាំ, ទី៣៖ឈ្មោះ សយ វុទ្ធី អាយុ២៨ឆ្នាំ, ទី៤៖ឈ្មោះ ងន លីលីន អាយុ២៧ឆ្នាំ, ទី៥៖ឈ្មោះ គឹម ចាន់រស្មី អាយុ៣១ឆ្នាំ និងទី៦៖ឈ្មោះ ជិន សុខខេង ភេទស្រី អាយុ២៧ឆ្នាំ។
បន្ទាប់មកកម្លាំងមូលដ្ឋានមានជ័យ បានបន្តឃាត់ខ្លួនជនសង្ស័យ០៤នាក់បន្ថែមទៀត វេលាម៉ោង០៩៖១៥នាទីព្រឹក ថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០១៨ នៅចំណុចក្បែរលូទឹកស្អុយ ស្ពានស្ទឹងមានជ័យ ក្រុម២ ភូមិមានជ័យ សង្កាត់ស្ទឹងមានជ័យ១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ រួមមាន ទី១៖ឈ្មោះ ទួន ភារៈ អាយុ១៨ឆ្នាំ, ទី២៖ឈ្មោះ យៀន ហួរ អាយុ៤៨ឆ្នាំ, ទី៣៖ឈ្មោះ ម៉ែន សេរីបញ្ញា អាយុ២៥ឆ្នាំ និងទី៤៖ឈ្មោះ ហេង គីរី អាយុ២៧ឆ្នាំ។
ក្រោយពេលធ្វើការសាកសួរតាមវិធានការជំនាញរបស់សមត្ថកិច្ចជំនាញ នៃការិយាល័យស្រាវជ្រាវបទល្មើសគ្រឿងញៀន កងរាជអាវុធហត្ថរាជធានីភ្នំពេញ ក៏ដូចជាចម្លើយសារភាពរបស់ពួកគេទាំង១៥នាក់ខាងលើ បញ្ជាក់ឲ្យឃើញថា ពួកគេពិតជាជាប់ពាក់ព័ន្ធករណីគ្រឿងញៀន ពិតប្រាកដមែន ទើមសមត្ថកិច្ចអាវុធហត្ថបានប្រមូលវត្ថុតាង និងកសាងសុំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីផ្តន្ទាទោសតាមច្បាប់៕