(ភ្នំពេញ)៖ គណៈប្រតិភូសភាកម្ពុជា បានអញ្ជើញធ្វើមាតុភូមិនិវត្តប្រកបដោយជោគជ័យ បន្ទាប់ពីចូលកិច្ចប្រជុំមហាសន្និបាតលើកទី១១ នៃសភាតំបន់អាស៊ី នៅទីក្រុងអ៊ីស្តង់ប៊ុល ប្រទេសទួកគី។
លោក ឈិត គឹមយាត អនុប្រធានគណៈកម្មការការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មាននៃព្រឹទ្ធសភា បានឲ្យដឹងនាព្រឹកថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០១៨ នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញថា នៅក្នុងកិច្ចអំឡុងមហាសន្និបាតលើកទី១១នេះ គណៈប្រតិភូសភាកម្ពុជា បានចូលរួមយ៉ាងសកម្មក្នុងកិច្ចប្រជុំសំខាន់ដូចជា៖ កិច្ចប្រជុំក្រុមប្រឹក្សាប្រតិបត្តិលើកទី២នៃមហាសន្និបាត លើកទី១១ ដោយនៅក្នុងកិច្ចប្រជុំនោះលោក ងួន ញ៉ិល ប្រធានប្រតិភូត្រូវបានអង្គប្រជុំបោះឆ្នោតជ្រើសតាំងជាអនុប្រធានដឹកនាំកិច្ចប្រជុំ។
កិច្ចប្រជុំបានពិភាក្សា និងអនុម័តរបៀបវារៈសំខាន់ៗសម្រាប់មហាសន្និបាតរួមមាន៖ របាយការណ៍ក្រុមប្រឹក្សាប្រតិបត្តិលើកទី១ កម្មវិធីមហាសន្និបាត ការជ្រើសតាំងអនុប្រធានទាំង៤ សម្រាប់មហាសន្និបាតលើកទី១១ របស់ APA ការបញ្ជាក់ជាថ្មីនូវបេក្ខភាពប្រធានAPA សម្រាប់អាណត្តិបន្ទាប់ ២០២០-២០២១ និងការអនុម័តទទួលសភានៃប្រទេសទីម័រឡែស ជាសមាជិកទី៤៣ នៃAPA។
លោកបន្តថា ក្នុងកិច្ចប្រជុំ លោក ងួន ញ៉ិល អនុប្រធានទី១រដ្ឋសភា និងជាប្រធាន ក្រុមជាតិសភាកម្ពុជា សភាតំបន់អាស៊ី បានសង្កត់ធ្ងន់ថា ការលើកកម្ពស់កំណើនសេដ្ឋកិច្ច និងវិបុលភាពក្នុងតំបន់ បានបង្ហាញពីបទពិសោធន៍ និងវឌ្ឍនភាពគួរជាទីមោទនៈ រឹងមាំ និងធន់ ដែលជាមធ្យមក្នុងរង្វង់៧ភាគ ក្នុងរយៈពេល២ ទសវត្សរ៍ចុងក្រោយ។
លោកបន្តថា លទ្ធផលនៃវឌ្ឍនភាពសេដ្ឋកិច្ច សង្គម បានប្រែក្លាយកម្ពុជា ពីភាពក្រីក្រទៅជា ប្រទេសមានចំណូលមធ្យមកម្រិតទាប និងឈានទៅជាប្រទេសមានចំណូលមធ្យម កម្រិតខ្ពស់ក្នុងឆ្នាំ២០៣០។
លោកអនុប្រធានទី១រដ្ឋសភា ក៏បានផ្តល់អនុសាសន៍សំខាន់ៗ ក្នុងន័យលើកម្ពស់វិបុលភាព សេដ្ឋកិច្ចក្នុងតំបន់ឲ្យកាន់តែប្រសើរឡើង និងប្រកបដោយបរិយាប័ន្ធ ក្នុងនោះមាន៖ទី១៖ ត្រូវរក្សា ការពារ និងលើកកម្ពស់នូវសន្តិភាព និងស្ថិរភាព ដែលជាកក្តាចំបង និងបុព្វបទគន្លឹះ សម្រាប់ការអភិវឌ្ឍន៍។ ទី២៖ ការគាំទ្រដល់ប្រព័ន្ធអន្តរជាតិដោយផ្អែកលើកបទដ្ឋានគតិយុត្តិ។ ទី៣៖ អំពាវនាវដល់ប្រទេស ដែលមានសេដ្ឋកិច្ចជឿនលឿន ចែករំលែងការប្រតិបត្តិល្អៗ ដល់ប្រទេសកំពុងអភិវឌ្ឍ និងមានសេដ្ឋកិច្ចកំពុងលូតលាស់។ ទី៤៖ លើកកម្ពស់ពាណិជ្ជកម្មសេរី និងវិនិយោគដែលជាកត្តាសំខាន់ ជម្រុះដល់កំណើនសេដ្ឋកិច្ច និងទី៦៖ ពង្រឹងលើកកម្ពស់ និងគាំទ្រដល់សហគ្រាសខ្នាតតូច និងធម្យម តាមរយៈការផ្តល់ ធនធានហិរញ្ញវត្ថុ លើកកម្ព់សជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ។
លោក ឈិត គឹមយាត បានលើកឡើងទៀតថា លទ្ធផលនៃមហាសន្និបាត ទទួលផ្លែផ្លាយ៉ាងច្រើនដូចជា៖ បានអនុម័តសេចក្តីសម្រេចចំនួន២៥ ពាក់ព័ន្ធនឹងគណៈកម្មការចំនួន៤ សំខាន់គឺ គណៈកម្មការនយោបាយចំនួន៧ និងក្រុមការងារចំនួន២ទៀតក្រោមគណៈកម្មាធិការនេះ, គណៈកម្មការសង្គម និងវប្បធម៌ចំនួន៩, គណៈកម្មការសេដ្ឋកិច្ច និងការអភិវឌ្ឍប្រកបដោយចីរភាពចំនួន៦។ អនុម័តសេចក្តីប្រកាសទីក្រុុងអ៊ីស្តង់ប៊ុល ដោយផ្តោតសំខាន់លើការលើកកម្ពស់វិបុកភាពសេដ្ឋកិច្ច ក្នុងតំបន់ គាំត្រដល់កិច្ចខិតខំប្រឹងប្រែងរបស់ទេ្វរភាគី ក្នុងការចែករំ លែកក្នុងតំបន់។ អនុម័តយល់ព្រមឲ្យសភាប៉ាគីស្ថានជាប្រធាន APA បន្ទាប់ពីរដ្ឋសភាតួកគី សម្រាប់អាណត្តិ២០២០-២០២១។ និងបានអនុម័តជ្រើសរើសអនុប្រធាន APA និងជាប្រធានគណៈកម្មការ សម្រាប់ដឹកនាំកិច្ចប្រជុំគណៈកម្មការអចិន្ត្រៃយ៍ដូចជា៖ គណៈកម្មាធិការអចិន្ង្រៃយ៍កិច្ចការនយោបាយ, គណៈកម្មាធិការអចិន្ត្រៃយ៍ ស្តីពីសេដ្ឋកិច្ច និងការអភិវឌ្ឍប្រកបដោយចីរភាព, គណៈកម្មាធិការអចិន្ត្រៃយ៍ ស្តីពីការសង្គម និងវប្បធម៌ និងគណៈកម្មាធិការអចិន្ត្រៃយ៍ស្តីពីថវិការ និងផែនការ។
សូមជម្រាបថា លោកបណ្ឌិត ងួន ញ៉ិល អនុប្រធានទី១រដ្ឋសភា និង ជាប្រធាន ក្រុមសភាជាតិកម្ពុជា នៃសភាតំបន់អាស៊ី (APA) បានអញ្ជើញដឹកនាំគណៈ ប្រតិភូជាន់ខ្ពស់សភា ទៅចូលរួមមហាសន្និបាតលើកទី១១ របស់សភាតំបន់អាស៊ីAPA នៅទីក្រុងអ៉ីស្តង់ប៊ុល សាធារណរដ្ឋទួគីកាលពីថ្ងៃទី២៧ វិច្ឆិកា ឆ្នាំ២០១៨៕