(ភ្នំពេញ)៖ សហភាពអឺរ៉ុបប្រចាំកម្ពុជា និងក្លឹបអ្នកកាសែតកម្ពុជា បានរៀបចំដំណើរទស្សនកិច្ចសារព័ត៌មានខ្មែរ ដើម្បីទៅទស្សនកិច្ចក្រុមហ៊ុនចំនួន៤ ដែលវិនិយោគដោយវិនិយោគិនអឺរ៉ុប នៅលើទឹកដីខេត្តសៀមរាប។ ក្រុមហ៊ុនទាំងនោះមានដូចជា ក្រុមហ៊ុន Artisan d' Angkor , Pactics Factory , Vinci និងក្រុមហ៊ុន Total ដែលបានផ្តលឱកាសការងារជាច្រើន ដល់ប្រជាពលរដ្ឋខ្មែរ។
ដំណើរទស្សនកិច្ចសារព័ត៌មាននេះ ធ្វើឡើងនៅព្រឹកថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០១៨ ក្នុងនោះក៏មានអ្នកសារព័ត៌មានចំនួន ២០រូប មកពី១៤ស្ថាប័នផ្សេងៗគ្នា និងមានការចូលរួមពី ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុប លោក អេដហ្គា ដាវីដ ។
បើតាមសេចក្តីប្រកាសរបស់សហភាពអឺរ៉ុប បានឲ្យដឹងថា ដំណើររទស្សនកិច្ចនេះធ្វើឡើងបន្ទាប់ពីមានកិច្ចពិភាក្សាជាមួយអ្នកសារព័ត៌មានចំនួនបួនស្តីអំពី «ធុរកិច្ចរបស់សហភាពអឺរ៉ុប និងប្រទេសកម្ពុជា» ដែលបានធ្វើឡើងកាលពីពេលថ្មីៗកន្លងមកនេះ។ ព្រឹតិការណ៍ទាំង ៤ នេះ បានផ្ដោតលើប្រធានបទដូចខាងក្រោម៖
១៖ ធុរកិច្ចរបស់សហភាពអឺរ៉ុប និងកិច្ចអភិវឌ្ឍន៍ (ថ្ងៃទី ៤ ខែ តុលា)
២៖ ធុរកិច្ចរបស់សហភាពអឺរ៉ុប និងការទទួលខុសត្រូវសង្គម (ថ្ងៃទី ១៨ ខែ តុលា)
៣៖ សេដ្ឋកិច្ចបៃតងរបស់សហភាពអឺរ៉ុប (ថ្ងៃទី ១ ខែ វិច្ឆិកា)
៤៖ ធុរកិច្ចរបស់សហភាពអឺរ៉ុប និងសុវត្ថិភាពកម្មករ និយោជិតរបស់សហភាពអឺរ៉ុប (ថ្ងៃទី ១៥ ខែ វិច្ឆិកា)
កិច្ចពិភាក្សាជាមួយអ្នកសារព័ត៌មានទាំងបួន រួមនឹងដំណើរទស្សនកិច្ចរបស់អ្នកសារព័ត៌មាន ត្រូវបានរៀបចំឡើង ដើម្បីផ្ដល់ឱកាសឱ្យអ្នកសារព័ត៌មានអាចធ្វើការពិភាក្សាដោយផ្ទាល់ជាមួយនឹងវិនិយោគិន និងម្ចាស់ធុរកិច្ចអឺរ៉ុបនៅកម្ពុជា ស្វែងយល់ថាតើ វិនិយោគិន និងធុរជនទាំងនេះកំពុងធ្វើសកម្មភាពអ្វីខ្លះក្នុងប្រទេសកម្ពុជា និងស្វែងយល់ពីការរួមចំណែករបស់ពួកគេ ចំពោះការអភិវឌ្ឍប្រទេសកម្ពុជា ជាពិសេសការបង្កើតការងារ ការអភិវឌ្ឍជំនាញ នវានុវត្តន៍ និងការអនុវត្តធុរកិច្ច ដែលទទួលខុសត្រូវចំពោះសង្គម និងមិនបង្កផលប៉ះពាល់ចំពោះបរិស្ថាន។
ក្នុងដំណើរទស្សនកិច្ចនេះ លោក លាង ឌឺលុច អនុប្រធានប្រតិបត្តិនៃក្លឹបអ្នកកាសែតកម្ពុជា បានលើកឡើងថា «ជាដំបូង ខ្ញុំសូមអរគុណចំពោះការគាំទ្រផ្នែកបច្ចេកទេសពីសំណាក់សភាពាណិជ្ជកម្មអឺរ៉ុប និងការគាំទ្រផ្នែកហិរញ្ញវត្ថុពីសំណាក់ប្រតិភូសហភាពអឺរ៉ុប ដែលបានគាំទ្រក្លិបអ្នកកាសែតកម្ពុជា ក្នុងការរៀបចំកិច្ចការនេះ»។
ចំណែកលោក George Edgar បានថ្លែងថា ការផ្ដាស់ប្ដូរសកម្មភាពសេដ្ឋកិច្ច គឺជាចលករជំរុញកំណើនសេដ្ឋកិច្ច។ ក្រុមហ៊ុនរបស់សហភាពអឺរ៉ុបបង្កើតការងារនៅកម្ពុជា។ ក្រុមហ៊ុនទាំងនេះមានទស្សនៈវែងឆ្ងាយ ជំរុញនវានុវត្តន៍ និងលើកកម្ពស់ការអនុវត្តធុរកិច្ច ដែលទទួលខុសត្រូវចំពោះសង្គម និងមិនបង្កផលប៉ះពាល់ចំពោះបរិស្ថាន។ ធុរកិច្ចសហភាពអឺរ៉ុប គឺជាដៃគូ ប្រកបដោយថាមពល និងគួរឲ្យទុកចិត្តសម្រាប់កម្ពុជា៕