(សៀមរាប)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានមានប្រសាសន៍ ស្នើសុំដល់ប្រជាពលរដ្ឋទាំងអស់ សូមកុំទៅតាំងទីលំនៅ នៅតាមតំបន់ប្រាង្គប្រាសាទបុរាណនានាឱ្យសោះ ដើម្បីជៀសផុតពីបញ្ហានានា។
ការលើកឡើងរបស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងនៅថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០១៨នេះ នៅក្នុងឱកាសដែលសម្តេចតេជោ បានអញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរខួប២៥ឆ្នាំ នៃការបង្កើតគណៈកម្មាធិការអន្តរជាតិសម្របសម្រួលកិច្ចគាំពារ និងអភិវឌ្ឍន៍តំបន់អង្គរ ហៅកាត់ថាអាយ ស៊ី ស៊ី អង្គរ (ICC-Angkor) នៅខេត្តសៀមរាប។
ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា បានមានប្រសាស៍យ៉ាងដូច្នេះ៖ «ខ្ញុំគិតថាប្រជាពលរដ្ឋកម្ពុជា នឹងយល់ និងកាន់តែយល់ ហើយមិនមកបំពានដីធ្លី នៅតំបន់ដែលមានប្រាង្គប្រាសាទនោះទេ ដើម្បីយើងរក្សានូវសម្បតិ្តបេតិកភណ្ឌ សម្រាប់ប្រទេសរបស់យើងដែលដូនតា របស់យើងកាលពីរាប់ពាន់ រាប់រយឆ្នាំមុនបានកសាងទុកឱ្យយើង អីឡូវយើងមានភារកិច្ចការពារ»។
សម្តេចតេជោ ហ៊ុន សែន បានចោទសួរថា ដើម្បីរក្សាឱ្យបានជាលក្ខណៈសម្បត្តិបេតិកភណ្ឌពិភពលោក រាជរដ្ឋាពិភបាលកម្ពុជាគ្មានជម្រើស ណាផ្សេងក្រៅពីទៅរុះរើផ្ទះសម្បែងនោះ ហើយឱ្យប្រជាពលរដ្ឋនោះចាកចេញត្រឡប់ទៅវិញ ត្រង់នេះហើយដែលគេចោទថា ជាជារដ្ឋាភិបាលផ្តាច់ការរំលោភសិទ្ធិមនុស្ស រំលោភសិទ្ធិលំនៅដ្ឋាន ដែលគេមិនបានស្វែងយល់ថាតើអ្វីឱ្យពិតប្រាកដនោះទេ។ ត្រង់ចំណុចនេះ រាជរដ្ឋាភិបាលកម្ពុជា មិនចង់បានអ្វីនោះ គឺចង់បាននូវការវិនិច្ឆ័យជាក់លាក់ពិតប្រាកដថានេះ ជារំលោភសិទ្ធិមនុស្ស ឬដោយជម្លៀសមនុស្សដោយបង្ខំ ឬក៏សម្លៀសប្រជាពលរដ្ឋទាំងនោះដែលមកបំពានតំបន់ប្រាង្គប្រាសាទ ហើយក្នុងនាមយើងជាអាជ្ញាធរ ត្រូវតែការពារសម្បត្តិវប្បធម៌របស់មនុស្សជាតិ។
សម្តេចតេជោ បានបញ្ជាក់បន្ថែមទៀតថា «ប៉ុន្តែនៅកម្ពុជាខ្ញុំអភ័ព្ធនៅកន្លែងនេះ នៅត្រង់ថាពេលណាជិតបោះឆ្នោត ក្នុងពេលយុទ្ធនាការបោះឆ្នោត គេតែងតែប្រើមនុស្សទៅតែម្តង ដើម្បីទៅរំលោភដីនៅជុំវិញប្រាង្គប្រាសាទ អញ្ចេះតើខ្ញុំត្រូវធ្វើយ៉ាងរវាងចំណុចពីរ បើយើងខ្ញុំគោរពសិទ្ធិតាំងពីលំនៅ របស់ប្រជាពលរដ្ឋទៅកាន់កាប់ដីធ្លីនៅកន្លែងនោះប្រាសាទយើងខ្ញុំបាត់បង់លក្ខណៈសម្បត្តិលែងក្លាយទៅជាបេតិកភណ្ឌពិភពលោកទៀតហើយ»។
ទន្ទឹមនឹងនេះដែរប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា ក៏បានលើកឡើងថា ប្រសិនបើអនុញ្ញាតឱ្យប្រជាពលរដ្ឋទៅតាំងទីលំនៅលើដីបរិវេនសម្បត្តិ បេតិកភណ្ឌ គឺខុសនឹងច្បាប់របស់យូណេស្កូ ដែលអាចនាំឱ្យគេដកចេញ ពីបញ្ជីសម្បត្តិបេតិកភណ្ឌ តែហាមឃាត់ប្រជាពលរដ្ឋគេថារំលោភសិទ្ធិ តាំងទីលំនៅរបស់ពលរដ្ឋ។ បានលើកឡើងថា នៅតំបន់ប្រាសាទព្រះវិហារថា មានប្រជាពលរដ្ឋមកតាំងទីលំនៅលើកសិណប្រាសាទតែម្តង ដូច្នេះហើយរាជរដ្ឋាពិបាលព្យាយាមខិតខំដោះដូរដីថ្មីជូនពលរដ្ឋ ដើម្បីយើងយកដីកសិណនេះ ជួសជុលឡើងវិញ បើមិនដូច្នេះទេ ប្រាសាទព្រះវិហារ នឹងបាត់បង់ជាសម្បត្តិបេតិកភ័ណ្ឌពិភពលោក ហើយសម្រាប់បញ្ហានេះមិនមានភាពងាយស្រួលទេ ប្រៀបបីដូចជាកាន់ដុំថ្មក្តៅអញ្ចឹងផងដែរ។
សម្តេចតេជោ បានរំពឹងថា ប្រជាពលរដ្ឋនឹងយល់លើបញ្ហានេះ ដោយមិនទៅទន្ទ្រានចាប់យកដីនៅតំបន់ប្រាសាទនោះទេ ដែលជាហេតុនាំឱ្យសម្បតិ្តបេតិកភណ្ឌដែលដូនតា យើងបានបន្សល់ទុកឱ្យកូនចៅជំនាន់ក្រោយបាត់បង់បន្តិចម្តង និងជាពិសេសធ្វើឱ្យសម្បត្តិវប្បធម៌របស់ជាតិ គ្មានតម្លៃតទៅទៀតផងដែរ៕