(សៀមរាប)៖ លោកស្រី ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានលើកឡើងថា ស្មារតី និងយន្តការ អាយ ស៊ី ស៊ី-អង្គរ នឹងស្ថិតស្ថេរយូរអង្វែងតទៅទៀត ហើយក៏នឹងក្លាយជាមោតនភាព និងជាគម្រូសម្រាប់គ្រប់យន្តការអន្តរជាតិនានា ក្នុងកិច្ចការការពារបេតិកភណ្ឌពិភពលោក។
ការលើកឡើងរបស់លោកស្រីរដ្ឋមន្ត្រីក្រសួងវប្បធម៌ បានធ្វើឡើងនៅថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០១៨នេះ ក្នុងឱកាសលោកស្រី បានអញ្ជើញចូលរួម ក្នុងពិធីអបអរសាទរខួប២៥ឆ្នាំ នៃការបង្កើតគណៈកម្មាធិការ អន្តរជាតិសម្របសម្រួលកិច្ចគាំពារ និងអភិវឌ្ឍន៍តំបន់អង្គរ ហៅកាត់ថា អាយ ស៊ី ស៊ី អង្គរ (ICC-Angkor) នៅខេត្តសៀមរាប។
លោកស្រី ភឿង សកុណា បានថ្លែងថា ការប្រារព្ធខួប២៥ឆ្នាំ នៃការបង្កើត អាយ ស៊ី ស៊ី-អង្គរ នាពេលនេះ ក្នុងគោលដំណងរម្លឹកឡើងវិញ នូវការប្តេជ្ញាចិត្តរបស់យើងទាំងអស់គ្នា កាលពី២៥ឆ្នាំមុន ក៏ដូចជាបង្ហាញពីភាពជោគជ័យដែលរាជរដ្ឋាភិបាលកម្ពុជា និងសហគមន៍អន្តរជាតិ ទទួលបានដោយជំនៈនូវបញ្ហាប្រឈមនានា ដែលជួបប្រទះនាពេលកន្លងមក ហើយដែលនឹងបន្តដោះស្រាយ ជាមួយគ្នាទៅតាមមាគ៌ា ដែលបានត្រួសត្រាយឱ្យបានសម្រេចគោលដៅនៅពេលខាងមុខ។
លោក ភឿង សកុណា បានបន្តថា កាលពី២៥ឆ្នាំមុន បន្ទាប់ពីរមណីយដ្ឋានអង្គរត្រូវបានចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោក ក្រោមព្រះរាជតំរិះដ៏ថ្លៃថ្លា បំផុតនៃព្រះករុណា សម្តេចព្រះ នរោត្តម សីហនុ ព្រះវររាជបិតាឯករាជ្យជាតិ និងជាព្រះបរមរតនកោដ្ឋ ហើយយន្តការអាយស៊ីស៊ី-អង្គរ ត្រូវបានបង្កើតឡើងភ្លាមៗ បន្ទាប់ពីសន្និសីទអន្តររដ្ឋាភិបាល ស្តីពីអង្គរ លើកទី១ នៅទីក្រុងតូក្យូ ប្រទេសជប៉ុន។
គណៈកម្មាធិការនេះ គឺជាយន្តការអន្តរជាតិ ដើម្បីគៀងគរធនធានថវិកា ជំនាញបច្ចេកទេស និងធនធានមនុស្ស ពីសហគមន៍អន្តរជាតិ ដើម្បីធ្វើការជួសជុល អភិរក្ស និងលើកតម្លៃប្រាសាទនានា ក៏ដូចជាការអភិវឌ្ឍរមណីយដ្ឋាន បេតិកភណ្ឌពិភពលោកអង្គរ ដែលមានភាពធំធេង និងត្រូវការធនធានច្រើនដើម្បីអនុវត្តកាតព្វកិច្ចនេះ។
លោកស្រីរដ្ឋមន្ត្រីក្រសួងវប្បធម៌ បានបញ្ជាក់ថា វប្បធម៌ គឺជាកម្លាំងស្នូលដ៏ធំបំផុត នៃការថែរក្សាសន្តិភាព ដែលពិភពលោកទាំងមូលចាំបាច់ ដើម្បីរក្សាបាននូវអ្វីដែលជាកេរតំណែល និងមរតកវប្បធម៌ទុកឱ្យយុវជនជំនាន់ក្រោយ៕