(សៀមរាប)៖ កម្លាំងនគរបាលខេត្តសៀមរាប បានចុះឃាត់ខ្លួនជនសង្ស័យចំនួន២នាក់ ពាក់ព័ន្ធនឹងករណីរក្សាទុកជួញដូរ និងចាត់ចែងឲ្យប្រើប្រាស់ ដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចលំនៅដ្ឋានភូមិប្រយុទ្ធ សង្កាត់ទឹកវិល ក្រុងខេត្តសៀមរាប ដកហូតបានថ្នាំញៀនចំនួន៦កញ្ចប់ និងសម្ភារវេចខ្ចប់គ្រឿងញៀនមួយចំនួន។
ការចុះបង្ក្រាបនេះ ដោយមានកម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន បានចូលរួមសហការជាមួយកម្លាំងផ្នែកប្រឆាំងគ្រឿងញៀន នៃអធិការដ្ឋាននគរបាលក្រុងសៀមរាប និងប៉ុស្តិ៍នគរបាលរដ្ឋបាល សង្កាត់ទឹកវិល នាថ្ងៃច័ន្ទ១១រោច ខែកត្តិក ឆ្នាំច សំរឹទ្ធស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០១៨ វេលាម៉ោង១១៖០០នាទី។
បើតាមមន្ដ្រីនគរបាលខេត្ត បានបញ្ជាក់ថា ជនសង្ស័យទាំង២នាក់នេះ ទី១៖ ឈ្មោះ ឆឿត ដែន ភេទប្រុស ឆ្នាំកំណើត១៩៩១ មុខរបរគ្មាន ទីលំនៅភូមិស្រង៉ែ សង្កាត់ស្រង៉ែ ក្រុងខេត្តសៀមរាប (ចាត់ចែង និងប្រើប្រាស់) មានសារធាតុញៀនក្នុងខ្លួន, ទី២៖ ឈ្មោះ វណ្ណ នុត្ថារ៉ា ភេទប្រុស ឆ្នាំកំណើត ១៩៩០ មុខរបរគ្មាន ទីលំនៅភូមិគោកដូង សង្កាត់ទឹកវិល ក្រុងខេត្តសៀមរាប (ចាត់ចែង និងប្រើប្រាស់) មានសារធាតុញៀនក្នុងខ្លួន។
មន្ដ្រីនគរបាលដដែល បានបន្ថែមទៀតថា ក្នុងនោះដកហូតបានវត្ថុតាងរួមមាន៖ ម្សៅមេតំហ្វេតាមីនប្រភេទទឹកកក ចំនួន០៦កញ្ចប់ ស្មើនឹងទំងន់០,៥ក្រាម ទាំងសំបក, ទូរស័ព្ទដៃចំនួន០២គ្រឿង, ឧបករណ៍ច្នៃជក់ និងសម្ភារវេចខ្ចប់គ្រឿងញៀនមួយចំនួន។ ជនសង្ស័យទាំង២នាក់នេះ កំពុងនៅសាលាដំបូងខេត្តសៀមរាប ដើម្បីចាត់ការទៅតាមនីតិវិធីច្បាប់៕