(សៀមរាប)៖ ព្រះករុណា ព្រះបាទ សម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចម៉ែ នៅវេលាម៉ោង១០៖២៨នាទីព្រឹក ថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០១៨នេះ ទ្រង់យាងដល់ខេត្តសៀមរាប ដោយសុវត្ថិភាពហើយ តាមជើងយន្ដហោះពិសេស ដើម្បីយាងធ្វើជាព្រះរាជធិបតីភាពដ៏ខ្ពង់ខ្ពស់ បិទជាផ្លូវការ ពិធីអបអរសាទរខួប២៥ឆ្នាំ នៃការបង្កើតគណៈកម្មាធិការ អន្តរជាតិសម្របសម្រួលកិច្ចគាំពារ និងអភិវឌ្ឍន៍តំបន់អង្គរ ហៅកាត់ថាអាយ ស៊ី ស៊ី អង្គរ (ICC-Angkor) នៅថ្ងៃទី០៥ ខែធ្នូស្អែកនេះ។
ការយាងដល់ខេត្តសៀមរាបរបស់ព្រះមហាក្សត្រខ្មែរ និងហ្លូងម៉ែ ក៏មានការទទួលបដិសណ្ឋារកិច្ចយ៉ាងកក់ក្ដៅជាទីបំផុត ពីសំណាក់ថ្នាក់ដឹកនាំ នៃរាជរដ្ឋាភិបាលកម្ពុជា, មន្ដ្រីរាជការ កងកម្លាំងប្រដាប់អាវុធ សិស្សានុសិស្ស យុវជនកាកបាទក្រហម កាយរិទ្ធិ និងប្រជាពលរដ្ឋយ៉ាងច្រើនកុះកងផងដែរ។
សូមជម្រាបថា ពិធីអបអរសាទរខួប ២៥ឆ្នាំនៃការបង្កើតគណៈកម្មាធិការអន្តរជាតិសម្របសម្រួលកិច្ចគាំពារ និងអភិវឌ្ឍន៍តំបន់អង្គរ ហៅកាត់ថាអាយ ស៊ី ស៊ី អង្គរ (ICC-Angkor) ត្រូវបានបើកដំណើរការជាផ្លូវការ នៅព្រឹកថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០១៨នេះ ក្រោមអធិបតីភាព សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។
ការរៀបចំពិធីអបអរសាទរខួប២៥ឆ្នាំនៃការបង្កើត ICC-Angkorនេះ ក្នុងគោលបំណងសំខាន់ៗមួយចំនួនរួមមាន៖
* ដើម្បីអបអរសាទរភាពជោគជ័យ ដែលកើតចេញមកពីយន្តការ អាយ ស៊ី ស៊ី អង្គរ ដែលបច្ចុប្បន្នក្លាយជាគំរូនៃកិច្ចការអភិរក្ស និងអភិវឌ្ឍន៍សម្រាប់បណ្តាប្រទេសនានាលើសាកលលោក
* ដើម្បីបង្ហាញមោទនភាពជាតិរបស់ព្រះរាជាណាចក្រកម្ពុជា ដែលជាមហាអំណាចវប្បធម៌ និងមានប្រវត្តិសាស្រ្តយូរលង់មកហើយ ព្រមទាំងលើកគុណតម្លៃសម្បត្តិបេតិកភណ្ឌ
* ដើម្បីសម្តែងកតញ្ញូតាធម៌ និងគុណូបការៈ ចំពោះវីរជន ឥស្សរជន និងបុព្វបុរសគ្រប់ជំនាន់ ដែលបានលះបង់កាយចិត្ត ស្មារតីក្នុងការកសាង ថែរក្សា ការពារ និងអភិរក្សមរតកវប្បធម៌
* ដើម្បីបណ្តុះស្មារតីយុវជន និងប្រជាពលរដ្ឋខ្មែរឱ្យចេះស្រលាញ់ ចូលរួមថែរក្សា ការពារ និងលើកតម្កើងបេតិកភណ្ឌ វប្បធម៌ ទំនៀមទម្លាប់ប្រពៃណីផូរផង់របស់កម្ពុជា
* ដើម្បីបង្ហាញសមិទ្ធផលរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងវិស័យបេតិកភណ្ឌ ក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា
* ដើម្បីផ្សព្វផ្សាយពីសក្តានុពលវប្បធម៌ និងទេសចរណ៍ទៅកាន់ឆាកអន្តរជាតិ៕