(ភ្នំពេញ)៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានលើកឡើងថា ការយឺតយ៉ាវ នៃនីតិវិធីក្នុងការជម្រះក្ដីជនជាប់ឃុំ ក៏ជាបន្ទុកមួយផ្នែកទៀត ធ្វើឲ្យចំនួនអ្នកជាប់ឃុំពុំមានការថយចុះផងដែរ ខណៈបច្ចុប្បន្នពន្ធនាគារទាំង២៨ទូទាំងប្រទេស ផ្ទុកអ្នកជាប់ឃុំជាង៣ម៉ឺននាក់។
ក្នុងពិធីបើកសិក្ខាសាលាផ្សព្វផ្សាយអំពីតួនាទី និងភារកិច្ចរបស់ គណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម អំពើឃោឃៅ អំពើអមនុស្សធម៌ អំពើធ្វើទុក្ខបុកម្នេញ ឬទណ្ឌកម្ម (គ.ជ.ប.ទ) និងការអនុវត្តបទដ្ឋានសិទ្ធិមនុស្សអន្ដរជាតិ នៅព្រឹកថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០១៨នេះ សម្ដេចក្រឡាហោម ស ខេង ក៏បានឲ្យដឹងថា ក្នុងចំណោមអ្នកជាប់ឃុំទាំងអស់ មានទណ្ឌិតចំនួនប្រមាណ៩,០០០នាក់ ហើយក្រៅពីនោះ អ្នកដែលជាប់ឃុំរង់ចាំនីតិវិធីតុលាការ មានចំនួនជាង២ម៉ឺននាក់។
បើតាមការលើកឡើងរបស់សម្ដេចក្រឡាហោម ស ខេង យុទ្ធនាការបង្ក្រាបបទល្មើសគ្រឿងញៀន ដែលកម្ពុជាបាននិងកំពុងអនុវត្តយ៉ាងសស្រាក់សស្រាំ នៅទូទាំងប្រទេស ក៏បានរួមចំណែកមួយផ្នែក ទោះតិច ឬច្រើនក្ដី ដល់ការកើនឡើងនៃចំនួនអ្នកជាប់ឃុំ។
ប៉ុន្ដែទោះជាយ៉ាងណា បញ្ហាប្រឈមធំៗចំពោះមុខទាំងពីរនេះ ជាកត្ដាចម្បងបង្កឲ្យមានការចង្អៀតណែនក្នុងពន្ធនាគារ ដែលបានបង្កផលប៉ះពាល់ និងរាំងស្ទះ ដល់កិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា ក្នុងការលើកកម្ពស់សុខមាលភាព និងការផ្ដល់សេវាចាំបាច់នានា នៅតាមពន្ធនាគារទូទាំងប្រទេស មិនតែប៉ុណ្ណោះ ក៏បានបង្កការរាំងស្ទះដល់កិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ក្នុងការអនុវត្តឲ្យបានពេញលេញនូវកាតព្វកិច្ចជាអន្ដរជាតិ ស្របតាមអនុញ្ញាប្រឆាំងទារុណកម្ម។ នេះជាការគូសបញ្ជាក់ របស់សម្ដេចក្រឡាហោម ស ខេង។
សម្ដេចក្រឡាហោម ស ខេង បានសង្កត់ធ្ងន់ថា ក្នុងស្មារតីម្ចាស់ការដោះស្រាយបញ្ហាប្រឈម សំដៅធ្វើឲ្យប្រសើរឡើងនូវស្ថានភាព និងសុខមាលភាព អ្នកជាប់ឃុំក្នុងពន្ធនាគារ ក៏ដូចជាចូលរួមអនុវត្តឲ្យបានសមស្របតាមអនុសញ្ញាប្រឆាំងទារុណកម្ម ដែលកម្ពុជាជារដ្ឋភាគី ជាពិសេស ដើម្បីធានាសន្ដិសុខ និងសុវត្ថិភាពសង្គម ឲ្យបានរឹងមាំរាជរដ្ឋាភិបាលកម្ពុជា បាននិងកំពុងខិតខំកសាងពង្រីកបន្ថែម និងកែលម្អហេដ្ឋារចនាសម្ព័ន្ធមន្ទីរឃុំឃាំង នៅតាមបណ្ដារាជធានី-ខេត្ត ដើម្បីបន្ថូរបន្ថយភាពចង្អៀតណែនក្នុងពន្ធនាគារ។
ប្រមុខដឹកនាំក្រសួងមហាផ្ទៃ បានបន្ថែមថា ក្រៅពីវិធានការពង្រីកបន្ថែមហេដ្ឋារចនាសម្ព័ន្ធពន្ធនាគារ ក្រសួងមហាផ្ទៃក៏បាននិងកំពុងយកចិត្តទុកដាក់ អនុវត្តយន្ដការពន្លឿន នីតិវិធីតុលាការ ដោយបានបង្កើនក្រុមការងារអន្ដរក្រសួង កាលពីថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៨ ដើម្បីពន្លឿននីតិវិធីជំនុំជម្រះក្ដី សំដៅសម្រាលបន្ទុកនៃការចង្អៀតណែន ក្នុងពន្ធនាគារឲ្យបានជាអតិបរមា៕