(កណ្តាល)៖ លោក ប៉ែន សុផល រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានថ្លែងថា ខេត្តកណ្តាល គឺជាខេត្តមួយដែលមានសក្តានុពលយ៉ាងខ្លាំង បើយើងប្រៀបធៀប ទៅនឹងខេត្តនានា ទូទាំងប្រទេសបន្ទាប់ពីរាជធានីភ្នំពេញ។
លោក ប៉ែន សុផល បានលើកឡើងបែបនេះ នៅក្នុងសិក្ខាសាលាផ្សព្វផ្សាយប្លង់គោលប្រើប្រាស់ដីធ្លី នៅថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០១៨ នៅសាលប្រជុំសាលាខេត្តកណ្តាល ដោយមានការចូលពីលោក នៃ ចារី អភិបាលខេត្តកណ្តាល និងមន្ត្រីមន្ទីរពាក់ព័ន្ធជុំវិញ សាលាខេត្តផងដែរ។
លោករដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានលើកឡើងបន្តថា ពាក់ព័ន្ធនឹងការរៀបចំប្លង់គោល នៅក្រុងតាខ្មៅ គឺមានគោលដៅសំខាន់ៗដូចជា ការធ្វើឲ្យប្រជាពលរដ្ឋ មានទីកន្លែងស្នាក់នៅ មានទីតាំងសម្រាប់ធ្វើការងារ ការផ្សារភ្ជាប់អំពីការដឹកជញ្ជូន និងចរារចណ៍ និងមានកន្លែងកំសាន្តជាដើម ដូច្នេះប្លង់គោល បានកំណត់ចក្ខុវិស័យយ៉ាងច្បាស់លាស់ នៅគ្រប់តំបន់ទាំងអស់នៅទូទាំងប្រទេស។
លោកបានបន្តថា ការនុវត្តប្លង់គោលនៅខេត្តកណ្តាលនេះ ជាពិសេស នៅទីក្រុងតាខ្មៅ គឺជាទីក្រុងពាណិជ្ជកម្ម ឧស្សាហកម្ម និងទេសចរណ៍ ដែលមានបរិស្ថានរស់នៅប្រកបទៅដោយសុខមរមនាល្អ តាមរយៈការអភិវឌ្ឍក្រុង ដែលមានសកម្មភាពពាណិជ្ជកម្ម អាចទាក់ទាញការវិនិយោគបាន និងមានឧស្សាហកម្មខ្នាតតូច មធ្យម។ ជាពិសេស ខេត្តកណ្តាល ជាខេត្តមានសក្តានុពលយ៉ាងខ្លាំង បើប្រៀបទៅនឹងខេត្តនានាទូទាំងប្រទេស និងជាតំបន់ប៉ូលសេដ្ឋកិច្ចទី២ បន្ទាប់ពីរាជធានីភ្នំពេញផងដែរ។
ជាមួយគ្នានោះដែរ លោក នៃ ចារី ក៏បានលើកឡើងដែរថា ពាក់ព័ន្ធការងាររដ្ឋបាលដីធ្លី ខេត្តបានបង្កើតក្រុមការងារចុះបញ្ជីជាប្រព័ន្ធ មាន៥គោលដៅរួមមាន៖ ក្រុងតាខ្មៅ, ស្រុកស្អាង, អង្គស្នូល, ខ្សាច់កណ្តាល និងស្រុកល្វាឯម។ ខេត្តក៏បានចុះវាស់វែង ចុះបញ្ជីមានចំនួន១២.២៧៨ក្បាលដី នៅក្នុងឆ្នាំ២០១៨នេះ ដើម្បីអនុវត្តន៍ឲ្យកាន់តែមានប្រសិទ្ធភាព ដែលបញ្ហានេះ ខេត្តនឹងស្នើសុំបង្កើតក្រុមការងារ៥ក្រុមបន្ថែមទៀត នៅក្នុងឆ្នាំ២០១៩ ដើម្បីពន្លឿនលទ្ធផលការងារ ឲ្យទៅតាមគម្រោងផែនការ៕