(ព្រះសីហនុ)៖ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ នៅថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០១៨នេះ ចេញមុខច្រានចោលនូវរូបភាព និងព័ត៌មានមួយចំនួនដែលបង្ហោះនូវរូបភាពជនជាតិចិន ដោះអាវចាក់សាក់ពេញខ្លួន ហើយកាន់អាវុធក្នុងដៃ ថាមិនមែននៅប្រទេសកម្ពុជានោះទេ គឺរូបភាពនេះត្រូវបាន Facebook មួយនៅប្រទេសវៀតណាម បង្ហោះដើម្បីបង្ហាញសាក់របស់ពួកគេប៉ុណ្ណោះ។
តាម Facebook ផ្លូវការខ្លួន លោកឧត្តមសេនីយ៍ទោ ជួន ណារិន បានបញ្ជាក់យ៉ាងដូច្នេះ៖ «កាលពីថ្មីៗកន្លងមកនេះ មានសារព័ត៌មានមួយចំនួនតូចបានបង្ហោះថា រូបភាពជនខាងក្រោម ដែលមានសាក់រូបពេញខ្លួននេះ គឺជាក្រុមចិននៅប្រទេសកម្ពុជា តែក្រុមទាំងនេះ ជាជនជាតិវៀតណាម ហើយម្ចាស់ហ្វេសប៊ុកឈ្មោះ GIA DINH VUI TINH ជារឿយៗ បានបង្ហោះរូបក្រុមនេះ ធ្វើសកម្មភាពបង្អួតសាក់ដាក់បណ្តាញសង្គមហ្វេសប៊ុករបស់ពួកគាត់ ជាអកុសលត្រូវសារព័ត៌មាន មួយក្តាប់តូចព្យាយាមបំពុលសង្គមខ្មែរ យើងឲ្យអាប់អួមិនស្រាក់ស្រាន។ ដូច្នេះស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានក្រឿនរំលឹកដល់សារធាណៈ មេត្តាយកចិត្តដាក់ពិនិត្យឱ្យបានច្បាស់លាស់មុន និងវាយតម្លៃ និងសូមឲ្យបងប្អូនជនរួមជាតិ មេត្តាមានស្មារតីខ្ពស់ ក្នុងការលើកតម្កើងថែរក្សាកិត្តិយស មុខមាត់ និងសេចក្តីថ្លៃថ្នូររបស់ប្រទេសជាតិយើងទាំងមូល»។
សូមជម្រាបថាថ្មីៗនេះ មានបណ្តាញផ្សព្វផ្សាយមួយចំនួនតូច និងម្ចាស់គណនី Facebook មួយចំនួន នៅប្រទេសកម្ពុជា បាននាំគ្នាបង្ហោះ និង ស៊ែរ តៗគ្នាពាក់ព័ន្ធនឹងរូបភាពដែលពួកគាត់ជឿជាក់ថា ជារូបរបស់ក្រុមជនអន្ធពាលចិន ដែលមានរូបចាកសាក់ប្រមូលផ្តុំគ្នា កាន់អាវុធគ្រប់ដៃថា នៅក្នុងប្រទេសកម្ពុជា ដែលធ្វើឱ្យប្រជាពលរដ្ឋមានអារម្មណ៍មិនសប្បាយចិត្តចំពោះរូបភាព ដោយខ្លះបានរិះគន់មកលើអាជ្ញាធរកម្ពុជា ដែលមិនមានវិធានការជាដើម ប៉ុន្តែរូបភាពនោះការពិតមិនមែននៅកម្ពុជាឡើយ៕