(ភ្នំពេញ)៖ សាកលវិទ្យាល័យ ឯកទេសនៃកម្ពុជា ទីតាំងស្ទឹងមានជ័យ នៅថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០១៨នេះ បានរៀបចំសិក្ខាសាលាក្រោមប្រធានបទ «តួនាទី និងអត្ថប្រយោន៍ពន្ធ និងប្រព័ន្ធពន្ធដារនៅកម្ពុជា» ក្រោមកិច្ចសហការណ៍រវាងសាកលវិទ្យាល័យឯកទេស នៃកម្ពុជា អគ្គនាយកដ្ឋានពន្ធដារ និង JICA (ប្រទេសជប៉ុន)។
សិក្ខាសាលានេះ ក៏មានការចូលរួមពីសាស្រ្តាចារ្យ និងនិស្សិត ចំនួន២០០នាក់ ក្នុងគោលបំណងដើម្បីបង្ហាញ ជូនសិក្ខាកាមដែលបានចូលរួម អំពីប្រព័ន្ធពន្ធដារ ជាលក្ខណៈជាតិ និងអន្តរជាតិ ដូចជាប្រព័ន្ធពន្ធដារ នៅប្រទេសជប៉ុន និងប្រទេសកម្ពុជា ជាពិសេសផ្តោតទៅលើតួនាទី និងអត្ថប្រយោជន៍ពន្ធ និងប្រព័ន្ធពន្ធដារ នៅកម្ពុជា ព្រមទាំងបានដឹងពីទំនាក់ទំនងរវាងពន្ធដារ និងអ្នកប្រកបអាជីវកម្ម/ម្ចាស់ក្រុមហ៊ុន ឬអង្គការជាតិ /អន្តរជាតិ និងប្រជាពលរដ្ឋនានាដែលមានកាតព្វកិច្ច បង់ពន្ធជូនរដ្ឋ និងរាជរដ្ឋាភិបាលមានមធ្យោបាយគ្រប់គ្រងយ៉ាងណាឲ្យទទួលបានលទ្ធផលល្អ និងជោគជ័យក្នុងការប្រមូលពន្ធជូនរដ្ឋ មានពន្ធប៉ុន្មានប្រភេទ ដែលត្រូវប្រមូល។
ក្រៅពីនេះ ប្រព័ន្ធពន្ធដារ ក៏ជាមុខវិជ្ជាមួយក្នុងវិស័យអប់រំនៅកម្រិតឧត្តមសិក្សា ដែលទាក់ទងវិស័យសេដ្ឋកិច្ចពាណិជ្ជកម្ម និងវិស័យច្បាប់ ដែលសាស្ត្រាចារ្យ និងនិស្សិតត្រូវធ្វើការសិក្សាស្រាវជ្រាវយ៉ាងសកម្ម ហើយក៏ជាទីផ្សារការងារ មុនពេលនិងក្រោយពីបញ្ចប់ការសិក្សា របស់និស្សិតផងដែរ។ មានចំណេះដឹងផ្នែក ពន្ធដារនេះ ជាមូលដ្ឋានគាំទ្រអាជីវកម្មមួយ ដើម្បីជួយលើស្ទួយកម្រិតជីវភាពប្រជាពលរដ្ឋ បម្រើការងារជូនជាតិ និងប្រកបអាជីវកម្មរបស់ខ្លួននាំទៅសម្រេច ជោគជ័យក្នុងអាជីព និងជីវិតនាពេលអនាគត។
ក្នុងសិក្ខាសាលានេះ មានវាគ្មិនកិត្តិយសជាច្រើន រួមមាន ថ្នាក់ដឹកនាំរបស់សាកលវិទ្យាល័យ ពីតំណាងអគ្គនាយកពន្ធដារ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងប្រធានផ្តល់ប្រឹក្សា JICA ដែលមានបទពិសោធន៍ និងចំណេះដឹងច្រើន បានធ្វើបទបង្ហាញ និងចែករំលែកដល់អង្គសិក្ខាសាលា។
បន្ទាប់ពីលោកបណ្ឌិត កែវ ជា សាកលវិទ្យាធិការរង បានសម្តែងមតិស្វាគមន៍ និងលើកឡើងបង្ហាញអំពីរចនាសម្ព័ន្ធ និងសកម្មភាពរបស់សាកលវិទ្យាល័យ ហើយលោក ម៊ុតូ ស៊ីហ្សុគិ ប្រធានផ្តល់ប្រឹក្សា JICA/GDT បានធ្វើបទបង្ហាញដោយផ្តោតខ្លាំងទៅលើតួនាទី និងអត្ថប្រយោជន៍ពន្ធដារ និងប្រព័ន្ធពន្ធដារ នៅប្រទេសជប៉ុន ព្រោះថា ប្រព័ន្ធពន្ធដារជាប្រព័ន្ធមួយមានសារសំខាន់ ក្នុងការប្រមូលចំណូលចូលថវិការរដ្ឋ ដើម្បីកសាងហេដ្ឋារចនាសម្ព័ន្ធ និងបម្រើឲ្យសេវាកម្មសាធារណៈ របស់រដ្ឋ ក្នុងគោលបំណងលើកស្ទួយកម្រិតជីវភាព បានខ្ពស់ជូនប្រជាពលរដ្ឋ ខណៈនៅប្រទេសជប៉ុន ក៏មានដាក់កម្មវិធីសិក្សានៅកម្រិតឧត្តមសិក្សា សម្រាប់ជួយដល់និស្សិត បានយល់ដឹងពីប្រព័ន្ធពន្ធដារនេះដែរ។
បន្ថែមពីលើខ្លឹមសារនេះ លោក ម៉ៅ ប៊ុនធីម ប្រធានការិយាល័យពន្ធដាររាជធានីភ្នំពេញ បានអះអាងថា ប្រព័ន្ធពន្ធដារនៅកម្ពុជា ក៏មិនខុសពីនៅប្រទេសនានា លើពិភពលោក ដែរមានប្រភេទពន្ធជាច្រើនដែលរដ្ឋបានកំណត់ ក្នុងការប្រមូលតាមរយៈរបបស្វ័យប្រកាសរបស់អ្នកជាប់ពន្ធ មានពន្ធតូច ពន្ធមធ្យម និងពន្ធធំ របស់ក្រុមហ៊ុនអាជីវកម្ម ចាប់ផ្តើមពីអ្នកជាប់ពន្ធដាក់លិខិតប្រកាសពន្ធ តាមការកំណត់របស់រដ្ឋបាលពន្ធដារ និងកាតព្វកិច្ចបង់ពន្ធ ដូចជា ពន្ធលើបៀវត្ស ពន្ធលើអចនទ្រព្យ ពន្ធលើមធ្យោបាយដឹកជញ្ជូន ពន្ធលើប្រាក់ចំណូល ពន្ធលើអាករតម្លៃបន្ថែម ពន្ធលើការជួល។ល។
លោកបណ្ឌិត កែវ ជា សាកលវិទ្យាធិការរង បានធ្វើបទបង្ហាញពីទំនាក់ទំនងគា្នរវាងក្រុមហ៊ុនអាជីវកម្ម និងពន្ធដារដល់អង្គសិក្ខាសាលាថា បណ្តាក្រុមហ៊ុនអាជីវកម្ម ទាំងអស់ ត្រូវយល់ដឹងពីប្រព័ន្ធពន្ធដារ និងច្បាប់ពន្ធព្រមទំាង មានកាតព្វកិច្ចបង់ពន្ធ និងប្រកាសពន្ធប្រចំាឆ្នាំជូនរដ្ឋ ឲ្យបានត្រឹមត្រូវតាមរយៈការបង្ហាញ ក្នុងរបាយការណ៍ហិរញ្ញវត្ថុ ប្រចាំឆ្នាំនីមួយៗ របាយការណ៍នេះ រួមមាន តារាងតុល្យភាព របាយការណ៍ចំណូល តារាងតុល្យការ។ល។
ម្យ៉ាងទៀតសាស្ត្រាចារ្យ និងនិស្សិតត្រូវតែយល់ដឹង ខិតខំរៀនសូត្រ នូវមុខជំនាញនានា ក្នុងនោះមាន ប្រព័ន្ធពន្ធដារជាដើម ព្រោះថាចំណេះដឹងដែលបាន បណ្តុះបណ្តាលត្រឹមត្រូវ តាមជំនាញវិជ្ជាជីវៈនៅសាកលវិទ្យាល័យ គឺជាធនធានមានសមត្ថភាពដ៏សំខាន់ សម្រាប់បំពេញការងារ តាមក្រុមហ៊ុន/ស្ថាប័ន ហើយមានសមត្ថភាពយល់ដឹងខ្ពស់ក្នុងការងារ និងប្រកបអាជីវកម្មចាប់ពីក្រុមហ៊ុនតូច ដល់ក្រុមហ៊ុនមានទ្រង់ទ្រាយកាន់តែធំទៀតផង។
សាស្ត្រាចារ្យ និងនិស្សិត បានលើកជាសំណួរជាច្រើន ជូនដល់វាគ្មិន ព្រមទាំងទទួលបានចម្លើយ និងចំណេះដឹងជាច្រើន ជាមូលដ្ឋានពីការអនុវត្តការងារ។
ជាកិច្ចបិទបញ្ចប់ លោកបណ្ឌិត កែវ ជា តំណាងសាកលវិទ្យាល័យ បានសង្ខេបខ្លឹមសារ និងបានជម្រុញឲ្យនិស្សិតខិតខំរៀនសូត្រ រៀបខ្លួនឲ្យបានល្អ ក្លាយជាធនធានមនុស្ស មានគុណធម៌ ចំណេះដឹងជំនាញ សមត្ថភាព និងបទពិសោធន៍ ដើម្បីខ្លួនគ្រួសារ សង្គម និងប្រទេសជាតិ។
សាកលវិទ្យាល័យ បានចាប់ដំណើរបណ្តុះបណ្តាល រយៈពេល១៧ឆ្នាំកន្លងមកហើយ លើគ្រប់កម្រិតសិក្សា ក្នុងមហាវិទ្យាល័យចំនួន៥ បច្ចុប្បន្នសាកលវិទ្យាល័យ មាន៨ទីតាំង គឺ២ទីតាំងនៅរាជធានីភ្នំពេញ (ទួលគោក ស្ទឹងមានជ័យ) និង៦ទីតាំងទៀត នៅតាមបណ្តាខេត្ត រួមមាន ខេត្តកំពង់ចាម កំពង់ធំ សៀមរាប បន្ទាយមានជ័យ បាត់ដំបង និងខេត្តកំពត។ និស្សិតដែលបានបញ្ចប់ការសិក្សា ចំនួនជាង៣០,០០០នាក់ និងនិស្សិតកំពុងសិក្សាចំនួនជិត២០,០០០នាក់ ដែលចំនួននេះ មានការកើនឡើងជារៀងរាល់ឆ្នាំ។
សាកលវិទ្យាល័យ បានចុះអនុស្សរណៈសហប្រតិបត្តិការសិក្សា និងស្រាវជ្រាវ ជាមួយសាកលវិទ្យាល័យបរទេសជាច្រើន និងស្ថាប័នរដ្ឋ ព្រមទាំងឯកជន ជាង៥០០ដើម្បីរកទីកន្លែងសម្រាប់និស្សិតហាត់ការ និងធ្វើការងារ។ សាកលវិទ្យាល័យ បានខិតខំជំរុញលើកម្ពស់គុណភាព តាមរយៈវិធានការជាច្រើន ដូចជាបន្ថែម សំភាររូបវន្ត។
ថ្មីៗនេះសាកលវិទ្យាល័យ បានម្រេចចិត្តបើកប្រាក់បៀរវត្ស១ខែបាន ពីរដងសម្រាប់បុគ្គលិក និងសាស្រាចារ្យ ព្រមទាំងបានបំពាក់គ្រឿងឧបទេ្ទសសិក្សាបន្ថែម ម៉ាស៊ីន អិលស៊ីឌី (LCD) ជាច្រើនគ្រឿងទៀតតាមទីតំាងនីមួយៗ ដើម្បីគាំទ្របម្រើឲ្យការសិក្សា និងស្រាវជ្រាវ។ បន្ថែមពីនេះ សាកលវិទ្យាល័យ តែងតែយកចិត្តទុក ដាក់ជំរុញការសិក្សាស្រាវជ្រាវ តាមរយៈការរៀបចំធ្វើសន្និសីទសិក្ខាសាលា ជាក់ស្តែង សិក្ខាសាលាថ្ងៃនេះ ជាភស្តុតាងបង្ហាញស្រាប់៕