(ភ្នំពេញ)៖ ជាសារនយោបាយថ្មីមួយ នៅថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០១៨ លោក គង់ គាំ អតីតប្រធានគណបក្ស សម រង្ស៉ី បានប្រមើលឃើញថា អតីតគណបក្សសង្រ្គោះជាតិ ពេលនេះបានបែកក្បាល បែកខ្លួន និងកន្ទុយបោកបាត់ទៅហើយ។

លោក គង់ គាំ បានចេញមុខរិះគន់ទៅកាន់លោក សម រង្ស៉ី ចំពោះការរៀបចំសន្និសីទ នៅក្រុងអាត្លង់តា សហរដ្ឋអាមេរិក ដោយបានបង្ហើរសារនៅលើ Facebook របស់លោកយ៉ាងដូច្នេះថា៖ «គិតមិនត្រូវ​ យល់មិនច្បាស់ និងធ្វើអ្វីមិនកើត​ គឺជាទ្រព្យជាប់ខ្លួនរបស់ លោក សម រង្ស៉ី​ និងគូកន។ ប្រធានចលនា ឬប្រធានស្តីទី CNRP វាដូចតែគ្នាទេ។​ តែផ្ទៃក្នុង​ CNRP មិនទទួលស្គាល់ផង ឱ្យអន្តរជាតិណាគេទទួលស្គាល់ទៅកើត»

លោកបានបន្តថា «សន្និសីទកម្រិតពិភពលោកលើកទី១​ របស់អតីត​ CNRP ក្រៅប្រទេស​កំណត់ថា៖​ សម រង្ស៉ី និងកឹម សុខា ជាមនុស្សតែមួយ​ ហើយបានហៅអ្នកប្រឆាំងសម រង្ស៉ី ថាប្រឆាំងកឹម សុខា និងអ្នកប្រឆាំងកឹម សុខា ថាប្រឆាំងសម រង្ស៉ី។ សម រង្ស៉ី និង សន្និសីទថាលោក កឹម សុខា គ្មានសេរីភាព​ មតិរបស់គាត់មិនយកជាបានការ ​ចុះមតិ កឹម មនោវិទ្យា​ និងអ្នកក្រៅប្រទេសដែលមិនគាំទ្រសម រង្សុី និងសន្និសីទ​ពិតជាប្រឆាំងលោក កឹម សុខា មែនដែរឬ?​ ក្បាលបែក​ ខ្លួនបែក​ កន្ទុយបោក»

សូមបញ្ជាក់ថា កាលពីថ្ងៃទី០១-០២ ខែធ្នូ ឆ្នាំ២០១៨ កន្លងទៅ ក្រុមអ្នកនិយមគាំទ្រ លោក សម រង្ស៉ី នៅក្នុងអតីតគណបក្សសង្គ្រោះជាតិ បានរៀបសន្និសីទមួយ នៅទីក្រុងអាត្លង់តា រដ្ឋចចា សហរដ្ឋអាមេរិក ដើម្បីរៀបចំរចនាសម្ព័ន្ធថ្មីរបស់ ខ្មោចគណបក្សសង្រ្គោះជាតិ។ សន្និសីទនេះ បានចេញសេចក្តីសម្រេចមួយ ទទួលយក លោក សម រង្ស៉ី ឱ្យធ្វើជាប្រធានស្តីទី (អតីត)គណបក្សសង្រ្គោះជាតិ។

ទោះជាយ៉ាងនេះក្តី លោក កឹម សុខា ដែលជាអតីតប្រធាន នៃអតីតគណបក្សសង្រ្គោះជាតិនោះ មិនបានគាំទ្រ និងទទួលស្គាល់សន្និសីទនេះឡើយ។ ជាមួយគ្នានេះ កូនស្រីរបស់ លោក កឹម សុខា រួមទាំងអ្នកគាំទ្រលោកជាច្រើន បានរិះគន់ចំពោះការរៀបចំស​ន្និសីទនៅអាត្លង់តានេះថា ជាការបំបែកបំបាកផ្ទៃក្នុងរបស់ខ្មោចគណបក្សសង្រ្គោះជាតិ ឱ្យកាន់តែធ្ងន់ធ្ងរថែមទៀត។

ទន្ទឹមនឹងនេះ ក្រុមអ្នកគាំទ្រលោក សម រង្ស៉ី និងក្រុមអ្នកគាំទ្រលោក កឹម សុខា ក៏បានចាប់ផ្តើមផ្ទុះកំហឹងដាក់គ្នាយ៉ាងខ្លាំងក្លា បន្ទាប់សន្និសីទផ្តល់អំណាចឡើងវិញដល់ លោក សម រង្ស៉ី នេះផងដែរ៕