(ភ្នំពេញ)៖ លោក សុខ ពុទ្ធិវុធ ប្រធានក្រុមប្រឹក្សាភិបាល សហព័ន្ធស្រូវអង្ករកម្ពុជា នៅរសៀលថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០១៨ បានដឹកនាំក្រុមប្រឹក្សាភិបាល សមាជិកសមាជិការសហព័ន្ធស្រូវអង្ករកម្ពុជា និងតំណាងក្រសួងពាណិជ្ជកម្ម បានជួបប្រជុំជាមួយលោក PHILIPPE BAUDRY ប្រធានការិយាល័យរតនាគារបារាំង ប្រចាំនៅកម្ពុជា និងទ្បាវ ជាតំណាងលោកស្រីឯកអគ្គរដ្ឋទូតសាធារណៈរដ្ឋបារាំង ប្រចាំនៅកម្ពុជា ពិភាក្សាស្តីពី «ករណីសហគមន៍អឺរ៉ុប គ្រោងដកការលើកលែងពន្ធការនាំចូលអង្ករពីកម្ពុជា»។
ក្នុងជំនួបនោះ លោក សុខ ពុទ្ធិវុធ បានលើកពីចំណុចមិនសមហេតុផល ដែលបានលើកទ្បើង ក្នុងសំណើដាក់ពន្ធលើអង្ករកម្ពុជា ដោយប្រទេសអ៊ីតាលី និងអេស្ប៉ាញ និងការរួមបញ្ជូលគ្នាការនាំចេញអង្ករកម្ពុជា និងភូមា របស់គណៈកម្មការសហគមន៍អឺរ៉ុប។
លោក សុខ ពុទ្ធិវុធ ក៏បានលើកទ្បើងពីការខិតខំប្រឹងប្រែងរបស់កម្ពុជា ក្នុងការអភិវឌ្ឍន៍វិស័យស្រូវអង្ករ ការធ្វើទំនើបកម្ម និងការធ្វើពិពិធកម្មទីផ្សារទៅកាន់ទីផ្សារផ្សេងៗ។ ព្រមទាំងបានបញ្ជាក់ដែរថា តាមរយៈការសហការគ្នារវាងសហព័ន្ធស្រូវអង្ករកម្ពុជា ជាមួយនឹងក្រសួងពាណិជ្ជកម្ម កំពុងតែសិក្សាដើម្បីចុះ GI (ម៉ាកសម្គាល់ភូមិសាស្ត្រ) លើការដាំដុះស្រូវរបស់កម្ពុជា ក៏ដូចជាការពង្រឹងទៅលើគុណភាពនៃការផលិត រហូតដល់ទីផ្សារដែលបង្កើតនូវម៉ាកវិញ្ញាតកម្ម «ម្លិះអង្គរ» ធានានូវទំនុកចិត្តនិងគុណភាពអង្ករកម្ពុជា ដែលមានស្តង់ដារខ្ពស់សម្រាប់នាំចេញផងដែរ។
លោកបានលើកឡើងថា សហព័ន្ធស្រូវអង្ករកម្ពុជា ក៏បានសហការជាមួយក្រសួងស្ថាប័នពាក់ព័ន្ធ ជាពិសេសក្រសួងពាណិជ្ជកម្ម និងខាងគយ ក្នុងការរៀបចំលេខកូដនាំចេញអង្ករកម្ពុជា ឲ្យកាន់តែមានភាពប្រសើរជាងមុន និងញែកឲ្យដាច់ពីប្រភេទអង្ករផងដែរ។
លោក ប៉ែន សុវិជាតិ តំណាងក្រសួងពាណិជ្ជកម្មក៏បានសំណូមពរដល់សហគមន័អឺរ៉ុប (EU) ផងដែរថាប្រសិនបើសហគមន៍អឺរ៉ុប ពិតជាដាក់នូវវិធានការ ឬក៏ដកការលើកលែងពន្ធលើការនាំចូលអង្ករពីកម្ពុជាពិតមែន ហាក់បីដូចជាបំផ្លាញនូវអ្វីទាំងអស់ ដែលសហគមន៍ ក៏ដូចជាបណ្តារប្រទេសមួយចំនួនកន្លងមកធ្លាប់ជួយមកលើកម្ពុជា ជាពិសេស គឺតាមរយៈគម្រោងរបស់ទីភ្នាក់សម្រាប់ការអភិវឌ្ឍន៍បារាំង (AFD) ដែលបានជួយមកលើកម្ពុជា។
លោក នង វាសនា អនុប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា ក៏បានបញ្ជាក់បន្ថែម អំពីការដែលប្រទេសអ៊ីតាលី និងប្រទេសអេស្ប៉ាញ បានលើកទ្បើងនោះពិតជាមិនត្រឹមត្រូវទេ ដោយដោយសារតែអង្កររបស់កម្ពុជាខុសពីអង្កររបស់ប្រទេសអ៊ីតាលី និងអេស្ប៉ាញ ដោយប្រភេទអង្កររបស់ប្រទេសកម្ពុជាជាប្រភេទអង្ករ Indica Rice ប៉ុន្តែប្រទេសអ៊ីតាលី និងអេស្ប៉ាញវិញ គឺដាំប្រភេទអង្ករ Japonica Rice ។
លោក នង វាសនា ក៏បានបញ្ជាក់ថែមទៀតថា សូម្បីតែសហគមន៍អ្នកនាំចេញ និងទិញអង្ករនៅសហគមន៍អឺរ៉ុប ក៏បានចេញលិខិត និងសេចក្តីថ្លែងការណ៍ ក្នុងការគាំទ្រអង្ករកម្ពុជា ហើយស្នើសុំមិនឲ្យសហគមន៍អឺរ៉ុបដកកាលើកលែងពន្ធលើអង្ករពីកម្ពុជានោះទេ។
លោកឧកញ៉ា ចាន់ សុឃាំង ជាតំណាងឲ្យសហគមន៍ចំនួន ៨,០០០គ្រួសារ ដែលបានដាំផលិតផលប្រភេទ ORGANIC ក៏បានស្នើសុំឲ្យប្រទេសបារាំង ឬស្ថានទូតបារាំងប្រចាំនៅកម្ពុជា ជួយកម្ពុជាប្រឆាំង និងការដាក់ពន្ធលើផលិតផលអង្កររបស់កម្ពុជា ដោយសារខាងសហគមន៍ទាំង ៨,០០០គ្រួសារ បានធ្វើការងារអនុវត្តន៍គម្រោងតាមរយៈគម្រោងរបស់ប្រទេសបារាំង AFD និងមានផែនការរហូតដល់រយៈពេល៥ឆ្នាំ អីចឹងប្រសិនបើសហគមន៍អឺរ៉ុបដកការលើកលែងពន្ធនេះ ហាក់បីដូចជាបំផ្លាញនូវអ្វីដែលពួកគាត់ បានធ្វើកន្លងមក និងផែនការដែលបានដាក់ចេញរយៈពេល៥ឆ្នាំ ដែលបារាំងបានជួយមកលើកម្ពុជា។
លោក សុខ ពុទ្ធិវុធ ក៏បានបញ្ជាក់ថា ក្នុងនាមវិស័យឯកជនផ្នែកស្រូវអង្ករ ដែលមានសមាជិកជាង៣០០ និងសហគមន៍កសិកររាប់លានគ្រួសារ ស្នើសុំឲ្យស្ថានទូតបារាំង ក៏ដូចជាសហគមន៍អឺរ៉ុប ជួយគាំទ្រនូវអង្កររបស់កម្ពុជា ក៏ដូចជាគាំទ្រនូវសំណើរបស់សហព័ន្ធស្រូវអង្ករកម្ពុជា និងក្រសួងពាណិជ្ជកម្មផងដែរ។ ជាពិសេសស្នើរសុំឲ្យសហគមន៍អឺរ៉ុបបើកទូលាយ ដើម្បីបង្កើនការទំនាក់ទំនងគ្នារវាងសហគមន៍អឺរ៉ុប ជាមួយសហព័ន្ធស្រូវអង្ករកម្ពុជា ជាពិសេសចង់ឃើញនូវសមិទ្ធផលទាំងទ្បាយកន្លងមក ដែលសហគមន៍អឺរ៉ុបក៏ដូចជាប្រទេសបារាំង បានជួយមកលើកម្ពុជាឲ្យមានការរីកចម្រើន ដោយមិនចង់ឃើញមានការអន់ថយ ព្រោះការដែលដាក់ពន្ធនេះ ទៅនឹងធ្វើឲ្យប៉ះពាល់ដល់វិស័យស្រូវអង្ករកម្ពុជាក៏ដូចជាកសិករកម្ពុជា។
ចំណែកលោក PHILIPPE BAUDRY តំណាងស្ថានទូតបារាំងគាត់បានស្វាគមន៍ ចំពោះគណៈប្រតិភូកម្ពុជា ហើយលោកក៏បានបញ្ជាក់ដែរថា បានទទួលឯកសារមួយចំនួនក៏ដូចជាលិខិត និងសេចក្តីប្រកាសព័ត៌មានពីសហព័ន្ធស្រូវអង្ករកម្ពុជា។ លោកតំណាងស្ថានទូតបារាំង ក៏បានបញ្ជាក់ដែរថា លោកនឹងជួយពាំនាំនូវសំណើក៏ដូចជាសារពីខាងតំណាងភាគីកម្ពុជា ជម្រាបជូនទៅខាងលោកស្រីអគ្គរដ្ឋទូតបារាំងប្រចាំនៅកម្ពុជា ក៏ដូចជារដ្ឋាភិបាលបារាំង។
សូមជម្រាបថា សហគមន៍អឺរ៉ុបនឹងបោះឆ្នោតសម្រេចថាត្រូវដកការលើកលែងពន្ធដារលើអង្ករកម្ពុជា ឬមិនដក ត្រូវធ្វើឡើងនៅថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០១៨នេះ៕