(ភ្នំពេញ)៖ ប្រវត្តិសាស្ត្រនឹងចារទុកក្នុងក្រាំងមាសថា សម រង្ស៊ី គឺជាអ្នកកម្ទេចក្រុមប្រឆាំងនៅកម្ពុជាដោយសារតែមហិច្ឆតាអំណាចរបស់ខ្លួនតាមរយៈការធ្វើបក្សប្រហារដោយចំហរ ដើម្បីដណ្តើមអំណាចពីលោក កឹម សុខា ដោយបំពានយ៉ាងធ្ងន់ធ្ងរទៅលើលក្ខន្តិកៈគណបក្ស។ ការសម្រេចចិត្តរបស់លោក សម រង្ស៊ី និងក្រុមអ្នកគាំទ្រ នៅថ្ងៃទី ២ធ្នូ ឆ្នាំ ២០១៨ នៅទីក្រុងអាត្លង់តា នឹងត្រូវគេចងចាំថា «អាត្លង់តា ប្រហារក្រុមប្រឆាំងនៅកម្ពុជា»។
គេនៅចាំបានថា សម រង្ស៊ី តែងទន្ទិញចាំមាត់ដូចសត្វសេកថា សម រង្ស៊ី និង កឹម សុខា ជាមនុស្សតែមួយដែលមិនអាចបែកគ្នាបានឡើយ។ តាមពិត ពាក្យនេះត្រូវបាន សម រង្ស៊ី ប្រើដើម្បីបោកប្រាស់អ្នកគាំទ្រតែប៉ុណ្ណោះ។ ប៉ុន្តែ ធាតុ ពិតរបស់ សម រង្ស៊ី មិនដែលទុកចិត្ត និងមិនដែលស្មោះត្រង់ជាមួយលោក កឹម សុខា ដែលជាអតីតគូសត្រូវរបស់ខ្លួនម្តងណាឡើយ។ នរណាក៏អាចដឹងបានដែរថា ការច្របាច់បញ្ចូលគ្នារវាងគណបក្ស សម រង្ស៊ី និងគណបក្សសិទ្ធិមនុស្សកាលពីឆ្នាំ ២០១២ គឺជាលទ្ធផល នៃការគូសវាសរបស់ចៅហ្វាយ នាយបរទេសតែប៉ុណ្ណោះគឺមិនមែនជាឆន្ទៈរបស់លោក សម រង្ស៊ីឡើយ ពីព្រោះ សម រង្ស៊ី មានជំងឺតួឯកនិយមយ៉ាងធ្ងន់ធ្ងរមិនអាចព្យាបាលបានទេ។ ក្រោយការបោះឆ្នោតឆ្នាំ ២០១៣ សម រង្ស៊ី ខកចិត្តខ្លាំងណាស់ដែលអំណាចត្រូវបានបែងចែកស្មើគ្នាទៅឲ្យលោក កឹម សុខា ដែលមានតែ ៣ កៅអី ប៉ុណ្ណោះមុនបង្កើតគណបក្សសង្គ្រោះជាតិ។
ប៉ុន្តែ សម រង្ស៊ី មិនដឹងធ្វើយ៉ាងម៉េចទេពីព្រោះបើហ៊ានធ្វើអ្វីខ្លាចអ្នកគាំទ្ររិះគន់ពីភាពបែកបាក់។ យ៉ាងណាក៏ដោយ សម រង្ស៊ី មិនដែលនៅស្ងៀមទេ គឺតែងតែ រិះរកវិធីកម្ចាត់លោក កឹម សុខា ជានិច្ច។ រឿងនេះ លោក កឹម សុខា ខ្លួនឯង និងក្រុមគ្រួសាររបស់លោក កឹម សុខា ក៏ដូចជាអ្នកស្និទ្ធនឹងលោក កឹម សុខា សុទ្ធតែបានដឹងច្បាស់។
ឥឡូវនេះ អ្វីៗបានបង្ហាញច្បាស់ហើយ! លោក សម រង្ស៊ី និងក្រុមអ្នកគាំទ្ររបស់ខ្លួនបានចេញមុខយ៉ាងចំហរដើម្បីធ្វើបក្សប្រហារដណ្តើមអំណាចពីលោក កឹម សុខា ត្រង់ៗតែម្តង។ ហេតុអ្វីបានជាគេអាចនិយាយថា ព្រឹត្តិការណ៍នៅអាត្លង់តាគឺជាបក្សប្រហារ? ពីព្រោះការជួបជុំនេះធ្វើឡើងដោយក្រុមលោក សម រង្ស៊ី សុទ្ធសាធដោយគ្មានភាគីអ្នកគាំទ្រលោក កឹម សុខា ចូលរួមទេ។ លើសពីនេះ វាជាការបំពានទាំងស្រុងលើលក្ខន្តិកៈរបស់គណបក្សដែលតុលាការកំពូល បានរំលាយចោលហើយនោះ ពីព្រោះលក្ខន្តិកៈរបស់អតីតគណបក្សនេះបានចែងថា អ្នកដែលអាចធ្វើជាប្រធានស្តីទីបានលុះត្រាតែពេលអវត្តមានប្រធាន ហើយមានការផ្ទេរសិទ្ធិទៅឲ្យអនុប្រធានមួយរូបដែលមានអាយុច្រើនជាងគេ(ដែលមានចែងក្នុងប្រកាស ៤៥ ថ្មីនៃលក្ខន្តិកៈគណបក្ស)។ ក្នុងន័យនេះ លោក សម រង្ស៊ី ដែលបានលាឈប់ពីប្រធាន និងពីសមាជិកភាពគណបក្សទៅហើយនោះមិនអាចត្រូវជ្រើសរើសជាប្រធានស្តីទី របស់គណបក្សនេះបានទេ។ ដូច្នេះ ប្រាកដណាស់ថា លោក សម រង្ស៊ី និងបក្ខពួកបានឃុបឃិតគ្នាធ្វើបក្សប្រហារដើម្បីដណ្តើមអំណាចពីលោក កឹម សុខា ទាំងភ្នែកស្រស់តែម្តង។
តាមពិតទៅ លោក សម រង្ស៊ី បានដឹងច្បាស់ណាស់ថាកម្លាំង គាំទ្ររបស់ខ្លួនមានតិចប៉ុណ្ណោះបើធៀបនឹងអ្វីដែលគាត់រំពឹងទុក ខណៈដែលប្រតិកម្មប្រឆាំងចេញពីផ្ទៃក្នុង វិញមានច្រើនអនេក។ លោក សម រង្ស៊ី ក៏បានដឹងច្បាស់ដែរ ថា អំពើបក្សប្រហារនេះ គឺជាកំហុសយ៉ាងធ្ងន់ធ្ងរបំផុតមួយក្នុងជីវិតនយោបាយរបស់ខ្លួនពីព្រោះគាត់បានបំផ្លាញ
ទឹកចិត្តអ្នកគាំទ្រឲ្យខ្ទេចខ្ទីគ្មានសេសសល់អ្វីទៀតឡើយ។ លោក សម រង្ស៊ី ក៏បានដឹងខ្លួន ដែរថា អំពើបក្សប្រហារនេះនឹងធ្វើឲ្យគាត់កាន់តែបាត់បង់ការ
គាំទ្រពីចៅហ្វាយនាយបរទេស របស់ខ្លួនដែរពីព្រោះអ្វីដែលបានកើតឡើងពេលនេះមិនមែនជាការសង្គ្រោះជាតិ ឬសង្គ្រោះខ្លួនឯងក៏ទេដែរ តែគឺជាការបំផ្លាញគណបក្សខ្លួនឯងទាំងស្រុង។ ប៉ុន្តែ ជាកម្មពៀររបស់គាត់ដែលបានសាងតែអំពើ អាក្រក់និងអំពើក្បត់ជាតិរហូតមក ទើបបានជាគាត់ចៀសមិនផុតពីទទួលយកកម្មនេះ។
នៅចំពោះមុខបញ្ហានេះ គេអាច និយាយបានថា ចប់ហើយខ្មោចបក្សសង្គ្រោះជាតិ គឺចប់ជាស្ថាពរដោយសារលោក សម រង្ស៊ី ជាអ្នកសម្លាប់ដោយផ្ទាល់ដៃ។ តើហេតុអ្វីបានជា សម រង្ស៊ី ធ្វើបែបនេះ? មិនជាពិបាកយល់ឡើយពីព្រោះថានេះជាអំពើរបស់មនុស្សទាល់ច្រកមនុស្សដែលអស់ក្រឡាដើរ។ គោលដៅរបស់លោក សម រង្ស៊ី៖
ទី១៖ គឺការសងសឹកលោក កឹម សុខា ដែលខ្លួនចាត់ទុកថា ចាញ់បោកអស់ជាច្រើនឆ្នាំ និងអស់ពីខ្លួន។
ទី២៖ គឺដោយសារ មហិច្ឆតាចង់បានអំណាចរហូត ដេកមិនលក់ បក់មិនល្ហើយ ដូច្នេះ ទោះជាត្រូវអស់អ្វីក៏អស់ចុះសូម្បីអស់អ្នកគាំទ្រ ឬអស់ជាតិទាំង មូលក៏មិនខ្វល់ឲ្យតែបានអំណាចមកវិញមួយគ្រាមុនចាស់ស្លាប់។
ទី៣៖ គឺដោយសារតែក្តីស្រមើស្រមៃដោយការយល់ខុសថា ការដណ្តើមអំណាចពីលោក កឹម សុខា មកវិញអាចជួយឲ្យខ្លួនមានឱកាសស្តារខ្មោចបក្សសង្គ្រោះជាតិឡើងវិញបាន។ ប៉ុន្តែ សម រង្ស៊ី ដែលមោបាំង ជញ្ជាំងបិទដោយសារការស្រេកឃ្លានអំណាចខ្លាំងពេកនោះ ភ្លេចគិតថា អំពើរបស់គាត់ គឺជាការផ្តាច់ព្រលឹងខ្មោចសង្គ្រោះជាតិ ទាំងស្រុងតែម្តង។ និងទី៤ ៖ គឺលោក សម រង្ស៊ី ដែលជាអ្នក នយោបាយខ្វះយុទ្ធសាស្ត្រ និងអសមត្ថភាព នៅតែជឿលើក្រុមមន្ត្រីមួយដំបរស្វាដែលនៅកៀកខ្លួនមានដូចជា អេង ឆៃអ៊ាង និង មួរ សុខហួរ ជាដើម ដែលផ្លុំត្រចៀកឲ្យលោក សម រង្ស៊ី ប្រព្រឹត្តបែបនេះក្នុងក្តីរំពឹងថា បើលោក សម រង្ស៊ី ឡើងកូដ ពួកគេក៏នឹងបានទទួលលាភសក្ការៈទៅតាមនោះដែរ។ នេះគេហៅថា មន្ត្រីអាជ័យធ្លាក់ទឹក ដែលទីបំផុតខ្លួនឯងក៏ធ្លាក់ទឹក ហើយក៏នាំមេកើយដ៏ឆោតល្ងង់ឲ្យធ្លាក់ទឹកដែរ។
ដូច្នេះអ្នកសរសេរប្រវត្តិសាស្ត្រ ក៏ដូចជាអ្នកតាមដាននយោបាយ ជាពិសេសគឺក្រុមអ្នកធ្លាប់គាំទ្រអតីតបក្សសង្គ្រោះជាតិនឹងមានព្រឹត្តិការណ៍ថ្មីមួយទៀត សម្រាប់សរសេរ ឬចងចាំទុក ព្រឹត្តិការណ៍ថ្មីមួយទៀតក្នុងប្រវត្តិនយោបាយរបស់កម្ពុជា នោះគឺ «ព្រឹត្តិការណ៍អាត្លង់តាប្រហារក្រុមប្រឆាំងនៅកម្ពុជា»។ ក្នុងព្រឹត្តិការណ៍នោះ តួអង្គសំខាន់ដែលគេចងចាំគឺទណ្ឌិត សម រង្ស៊ី និងបក្សពួកមួយក្តាប់តូចដែលជាតួអង្គបង្កើតព្រឹត្តិការណ៍នេះឡើង។ ជាតួអង្គបំផ្លាញជាតិ និងសូម្បីក្រុមរបស់ខ្លួនក៏មិន
លើកលែងដែរ។ នេះហើយគេហៅថា អ្នកនយោបាយទាល់តម្រិះ ចំណេះជិះកឯង៕
ដោយ៖ សាស្ត្រាចារ វិទ្យាសាស្ត្រសង្គម ខេត្តកំពង់ចាម