(ភ្នំពេញ)៖ ក្រុមហ៊ុន ខេមបូឌាន ដេរីវ៉េទីវ អ៉ិចឆេង បានចូលរួមក្នុងសិក្ខាសាលាតាមបណ្ដាខេត្តចំនួន៥ប្រចាំឆ្នាំ២០១៨ របស់គណៈកម្មការមូលបត្រកម្ពុជារួមមាន៖ ខេត្តព្រះសីហនុ (សណ្ឋាគារសុខា), ខេត្តកំពង់ចាម, ខេត្តសៀមរាប ខេត្តបន្ទាយមានជ័យ និងខេត្តបាត់ដំបង។ ក្នុងនោះខេត្តព្រះសីហនុជាគោលដៅទី១ ក្នុងចំណោមខេត្តទាំង៥។
សិក្ខាសាលានេះបានភ្ជាប់ជាមួយប្រធានបទ «អាជីវកម្មឧបករណ៍និស្សន្ទនៅកម្ពុជា» សិក្ខាសាលាតាមបណ្ដាខេត្តនេះ ផ្តោតសំខាន់លើការផ្សព្វផ្សាយ និងពង្រីកការយល់ដឹងអំពីការវិនិយោគលើឧបករណ៍និស្សន្ទនៅទូទាំងប្រទេសកម្ពុជា ការកសាងទំនុកចិត្តរបស់វិនិយោគិន និងការរៀបចំឱ្យវិនិយោគិនមានភាពរួចរាល់សម្រាប់ការវិនិយោគនេះ។
មុនពេលចូលរួមសិក្ខាសាលាតាមបណ្ដាខេត្តនេះក្រុមហ៊ុន ខេមបូឌាន ដេរីវ៉េទីវ អ៉ិចឆេង បានរៀបចំសិក្ខាសាលា សម្រាប់ក្រុមសិក្ខាកាមផ្សេងៗគ្នា និងបានសហការជាមួយគណៈកម្មការមូលបត្រកម្ពុជា ក្នុងការរៀបចំវេទិកា ក៏ដូចជាព្រឹត្តិការណ៍ផ្សេងៗនៅទីក្រុងភ្នំពេញ ដែលជារាជធានីនៃប្រទេសកម្ពុជា។
លោក សៀង ធីរិទ្ធ អគ្គនាយករងនៃគណៈកម្មការមូលបត្រកម្ពុជា បានប្រកាសបើកកម្មវិធីសិក្ខាសាលា តាមបណ្ដាខេត្តទាំង៥នេះ។ បន្ទាប់មកលោក បានលើកឡើងពីបេសកកម្ម របស់គណៈកម្មការមូលបត្រកម្ពុជា ក្នុងការលើកកម្ពស់ការជួញដូរឧបករណ៍និស្សន្ទ និងលើកទឹកចិត្តដល់សិក្ខាកាមស្វែងរកចំណេះដឹងអំពី ទីផ្សារឧបករណ៍និស្សន្ទ ក៏ដូចជាពិចារណាធ្វើការជួញដូរលើឧបករណ៍និស្សន្ទនេះ។
លោក យន់ សុវណ្ណារ៉ា អនុប្រធានការិយាល័យគ្រប់គ្រង អាជីវកម្មគម្រោងវិនិយោគរួម និងអាជីវកម្មឧបករណ៍និស្សន្ទ បានបង្ហាញពីទិដ្ឋភាពទូទៅនៃទីផ្សារឧបករណ៍និស្សន្ទ ការរីកចម្រើននៃការជួញដូរឧបករណ៍និស្សន្ទនៅកម្ពុជា និងក្របខ័ណ្ឌបទប្បញ្ញាតិដែលត្រូវបានប្រើប្រាស់ ដើម្បីធានាយន្តការនៃការជួញដូរ និងការការពារវិនិយោគិន ប្រកបដោយតម្លាភាព។
ក្នុងនាមជាវាគ្មិនកិត្តិយសលោក Lawrence Kook អភិបាលនៃក្រុមហ៊ុន ខេមបូឌាន ដេរីវ៉េទីវ អ៉ិចឆេង បានសម្តែងភាពសប្បាយរីករាយ ក្នុងការចូលរួមក្នុងសិក្ខាតាមបណ្ដាខេត្តប្រចាំឆ្នាំ២០១៨ ជាមួយគណៈកម្មការមូលបត្រកម្ពុជា និងបានលើកឡើងថា ការលើកកម្ពស់ការយល់ដឹង និងការចែករំលែកចំណេះដឹងនៃ ការជួញដូរឧបករណ៍ហិរញ្ញវត្ថុឱ្យទូលំទូលាយគឺជា កាតព្វកិច្ចរបស់ក្រុមហ៊ុន ខេមបូឌាន ដេរីវ៉េទីវ អ៉ិចឆេង។
លោក Lawrence សង្កត់ធ្ងន់លើសារៈសំខាន់នៃ ការវាយតម្លៃខ្លួនឯង និងការអនុវត្តយុទ្ធសាស្រ្តសមស្រប សម្រាប់វិនិយោគិននីមួយៗ ក៏ដូចជារបៀបទាញយកផលវិជ្ជមានពីការវិនិយោគផងដែរ។
លោក Lawrence បានប្រកាសពីការប្តេជ្ញាចិត្ត របស់ក្រុមហ៊ុន ខេមបូឌាន ដេរីវ៉េទីវ អ៉ិចឆេង ក្នុងការបង្ហាញខ្លួននៅព្រឹត្តិការណ៍នានា របស់គណៈកម្មការមូលបត្រកម្ពុជានៅឆ្នាំខាងមុខៗទៀត។
សិក្ខាសាលានៅខេត្តព្រះសីហនុនេះ បានបញ្ចប់ទៅដោយលទ្ធផលជោគជ័យ មិនត្រឹមដោយសារតែវត្តមាន របស់សិក្ខាកាមជាច្រើនរូបប៉ុណ្ណោះទេ ប៉ុន្តែក៏ដោយសារគុណភាពនៃការយល់ដឹង របស់ពួកគេទៅលើខ្លឹមសារផងដែរ។ ស្របជាមួយគ្នានេះ មានសិក្ខាកាមមួយភាគធំ បានស្នើសុំឱ្យមានកិច្ចប្រជុំឯកជន និងជាក្រុមតូចៗ ដែលការណ៌នេះ បានបង្ហាញពីការកើនឡើងនៃការយល់ដឹង ក៏ដូចជាការចាប់អារម្មណ៍លើការវិនិយោគលើឧបករណ៍និស្សន្ទ៕