(ត្បូងឃ្មុំ)៖ អភិបាលខេត្តត្បូងឃ្មុំ លោក ជាម ច័ន្ទសោភ័ណ នៅរសៀលថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០១៨នេះ អញ្ជើញប្រកាសឲ្យចូលកាន់តំណែងជាផ្លូវការអភិបាលស្រុកតំបែរ ដោយមាការចូលរួមពី អភិបាលរងខេត្ត មន្ទីរអង្គភាពជុំវិញខេត្តមន្ត្រីរាជការ និងប្រជាពលរដ្ឋប្រមាណ៥០០នាក់។
សូមបញ្ជាក់ថា អភិបាលស្រុកតំបែរ ដែលត្រូវប្រកាសតែងតាំងឲ្យចូលកាន់តំណែងនៅថ្ងៃនេះគឺលោក សុខ សារិទ្ធ អតីតអភិបាលរងស្រុកតំបែរ ជំនួសលោក នាដ្ឋ រ៉ាវុធ ត្រូវបានចូលនិវត្តន៍។ ជាមួយគ្នានេះ ក៏មានការតែងតាំងលោក រ៉េត បូរ៉ាន់ ជាអភិបាលរងស្រុកផងដែរ។
លោក ជាម ច័ន្ទសោភ័ណ បានលើកឡើងថា ការប្រកាសតែងតាំងចូលកាន់មុខតំណែងនេះ វាជាបែបបទនីតិវិធីបានកំណត់ក្នុងច្បាប់ ហើយត្រូវបានយកមកអនុវត្តក្នុងប្រព័ន្ធរដ្ឋបាល សំដៅធ្វើយ៉ាងណាឲ្យការគ្រប់គ្រង ដឹកនាំរដ្ឋបាលកាន់តែមានប្រសិទ្ធភាព ក្នុងការឆ្លើយតបនឹង តម្រូវការនៅមូលដ្ឋាន។
លោកអភិបាលខេត្ត ក៏បានបញ្ជាក់ថា តាមច្បាប់ក្រឹត្យក្រមរបស់មន្ត្រីរាជការគ្រប់រូប ដែលបានបម្រើការងារហើយបានគ្រប់អាយុ សំខាន់ក្នុងជួរគណៈ អភិបាលត្រូវមានអាណត្តិកំណត់ និងចូលនិវត្តន៍ មិនថាថ្នាក់ដឹកនាំ មន្ត្រី បុគ្គលិកឡើយ ហើយការប្រកាសចូលកាន់តំណែងជាអភិបាលស្រុកតំបែរនេះ ក៏មានការជឿជាក់យ៉ាងច្បាស់ពីរាជរដ្ឋាភិបាល ក្រសួងមហាផ្ទៃ ចំពោះមន្ត្រី ថ្នាក់ដឹកនាំនៅរដ្ឋបាលថ្នាក់ក្រោមជាតិ ដែលជាការលើកទឹកចិត្តដល់មន្ត្រី ឲ្យបន្តខិតខំបំពេញភារកិច្ចក្នុងការបម្រើជាតិមាតុភូមិ។
ជាមួយគ្នានេះផងដែរ លោក ជាម ច័ន្ទសោភ័ណ ក៏បានធ្វើការណែនាំឲ្យលោកអភិបាលស្រុកថ្មី ត្រូវសហការគ្នា សាមគ្គីគ្នា ដើម្បីដឹកនាំការងារក្នុងស្រុកឲ្យទទួលបានជោគជយ័ ជាពិសេសត្រូវយកចិត្តទុកដាក់អនុវត្តន៍គោលនយោបាយ ភូមិ-ឃុំសុវត្ថិភាព បញ្ឈប់ឲ្យបាននូវបញ្ហាល្បែងស៊ីសង និងបទល្មើសគ្រប់ប្រភេទ ឲ្យមានប្រសិទ្ធិភាព ព្រមទាំងយកចិត្តទុកដាក់ ចំពោះបញ្ហាគ្រោះថ្នាក់ចរាចរណ៍ ក៏ដូចជា បំផុសឲ្យសិស្សានុសិស្ស និងប្រជាពលរដ្ឋឲ្យចេះស្រលាញ់បរិស្ថាន សម្អាតអនាម័យជុំវិញស្រុកតំបែរ និងបំពេញឲ្យបាននូវតម្រូវការចាំបាច់របស់ពលរដ្ឋ ក្នុងនាមជាអាណាព្យាបាលរបស់បងប្អូន៕