(សៀមរាប)៖ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត មេបញ្ជាការរងកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បានអញ្ជើញចូលរួម ក្នុងពិធីចុះសាកសួរសុខទុក្ខ របស់អង្គភាព សម្ព័ន្ធមេត្រីភាព អគ្គនាយកដ្ឋានគយ និងរដ្ឋករកម្ពុជា និងពិធីសំណេះសំណាលជាមួយ នាយទាហាន នាយទាហានរង និងពលទាហាន នាថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០១៨ នៅទីបញ្ជាការកងពលធំ អន្តរាគមន៍លេខ២ ខេត្តសៀមរាប។
នៅក្នុងឱកាសនោះ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានថ្លែងថា នាយទាហានទាំងអស់ ត្រូវត្រៀមលក្ខណៈ បន្តការការពារទឹកដីរបស់យើងទៅថ្ងៃមុខ កុំឲ្យសង្គ្រាម និងការបែកបាក់ ឬការឈ្លានពាននៅលើទឹកដីរបស់យើង។ នេះគឺជាគោលការណ៍សំខាន់របស់រាជរដ្ឋាភិបាល។ នេះគឺជាស្មារតីរួមគ្នាខ្លាំងណាស់ ដែលបានជួយគ្នាទៅវិញទៅមក គឺសមរភូមិក្រោយជួយដល់កងទ័ព ហើយកងទ័ពបានជួយការពារជាតិ និងប្រជាជនទាំងមូល។ នេះពិតជាបានបុណ្យកុសលច្រើនណាស់ គឺបុណ្យសម្រាប់ជាតិនេះ និងជាតិក្រោយ គឺសេចក្តីសុខសម្រាប់យើងនៅទូទាំងប្រទេសតែម្តង។
ជាមួយគ្នានេះលោកឧត្តមសេនីយ៍ បានចាត់ទុកការជួយឧបត្ថម្ភគាំទ្ររបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករ នាពេលនេះ និងមន្ត្រីទាំងអស់ ដែលបានចូលរួមសម្ព័ន្ធមេត្រីភាពជាមួយអង្គភាពកងទ័ពមួយនេះ ពិតជាមានន័យខ្លាំងណាស់ គឺចូលរួមជួយទៅដល់ នាយទាហាននាយទាហានរង និងពលទាហានទាំងអស់ ដែលបានបំពេញភារកិច្ច៤០ ឆ្នាំដើម្បីបុព្វហេតុជាតិមាតុភូមិរបស់យើង។
ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានបញ្ជាក់ថា ការចូលរួមរបស់កងកម្លាំងប្រដាប់អាវុធ ការចូលរួមរបស់មហាជន មន្រ្តីរាជការ ប្រជាពលរដ្ឋ នៅក្នុងខឿនការពារជាតិ គឺសំខាន់ណាស់ គឺយើងជួយគ្នាទាំងអស់គ្នា។ ប្រជាពលរដ្ឋ មន្ត្រីរាជការ ជួយគ្នា ចែករំលែកគ្នា ដើម្បីជួយកងទ័ពក្នុងការបំពេញភារកិច្ច។ សម្តេចតេជោ បានប្រកាសជំហរច្បាស់លាស់ នៃការចូលរួមពីមន្ត្រីរាជការ ក្រុមហ៊ុនស៊ីវិល និងស្ថាប័នជាច្រើន ឲ្យចូលរួមជួយគ្នាទៅវិញទៅមក និងបង្កើតសមិទ្ធិផលជាច្រើនបន្ថែម ទៅលើអ្វីដែលគោលរបបរបស់រាជរដ្ឋាភិបាល និងក្រសួងការពារជាតិ គឺការចូលរួមដោះស្រាយនូវការលំបាក និងតម្រូវការជាក់ស្តែង ដើម្បីយើងកងទ័ពយើងទាំងអស់គ្នា។
លោកបានរម្លឹកថា «ថ្ងៃនេះ (ថ្ងៃ២ធ្នូ) គឺជាថ្ងៃដែលយើងអបអរសារទរនៅខួប៤០ ឆ្នាំថ្ងៃ២ធ្នូ នៃការបង្កើតរណសិរ្សសង្គ្រោះជាតិកម្ពុជា ដែលជាមូលដ្ឋានយើងចាប់ផ្ដើមឈាន ទៅដល់ការដណ្តើមជ័យជំនះ នៅថ្ងៃ៧មករា ហើយឈានទៅដល់ការ ធ្វើសកម្មភាព និងការពង្រឹងកសាងជាតិរហូតទៅដល់ការបញ្ចប់សង្រ្គាមនៅឆ្នាំ១៩៩៨។ នៅសល់តែ២៧ ថ្ងៃទៀតប៉ុណ្ណោះ យើងនឹងប្រារព្ធពិធីខួបទី២០ នៃទិវានយោបាយឈ្នះឈ្នះ ដែលបញ្ចប់សង្រ្គាម៥០០ ឆ្នាំនៅក្នុងប្រទេសរបស់យើង។ បើយើងមិនមាននយោបាយឈ្នះឈ្នះទេ ប្រហែលជាវាយប្រយុទ្ធគ្នា ហែកប្រទេសយើងមិនដឹងជា ប៉ុន្មានកង់នោះទេ។ អញ្ចឹងហើយបានថ្ងៃនេះ និងនៅក្នុងខែនេះ មានការអបអរសាទរជាច្រើន នូវអ្វីដែលយើងមាន»។
លោកឧត្តមសេនីយ៍ ក៏បានកោតសរសើរដល់នាយទាហាន នាយទាហានរង និងពលទាហាន នៅក្នុងកងពលធំលេខ២ ក៏ដូចជា នៅទូទាំងកងទ័ព បានធ្វើពលីកម្មច្រើនណាស់ នៅក្នុងបុព្វហេតុជាតិមាតុភូមិ។ កងពលធំលេខ២ ក៏បានចូលរួមនៅក្នុងប្រតិបត្តិការ ការពារការពារបូរណភាពទឹកដី។ «អញ្ចឹងអ្វីដែលយើងនិយាយ គឺជាតថភាពជាក់ស្ដែងនៃការការលំបាក និងលទ្ធផលដែលយើងមាន។ អ្វីដែលយើងអបអរសាទរនៅថ្ងៃនេះ គឺយើងទាំងអស់គ្នា ជាពិសេសនាយទាហានជំនាន់ក្រោយត្រូវដឹង និងចាំឲ្យច្បាស់ ពីគុណូបការៈរបស់នាយទាហាន វីរយុទ្ធជនយើង ដែលបានលះបង់ជីវិត នៅក្នុងបុព្វហេតុរំដោះប្រទេសជាតិ និងកសាងប្រទេសជាតិ មកដល់ពេលនេះ»។
សម្តេចតេជោ ហ៊ុន សែន បានយកចិត្តទុកដាក់ នៅក្នុងការលើកស្ទួយជីវភាពកងទ័ព ពង្រឹងកងទ័ព ការហ្វឹកហ្វឺន ការកសាងជម្រកស្នាក់នៅ ការបំពាក់សម្ភារដើម្បីត្រៀមប្រយុទ្ធ។ ជាពិសេសមិនត្រឹម តែយកចិត្តទុកដាក់ នៅក្នុងគោលរបបរបស់កងទ័ពនោះទេ គឺមានការចូលរួម ពីមហាជន ជាពិសេសការចូលរួមរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករនៅពេលនេះ គឺសំខាន់ណាស់ដើម្បីផ្ដល់ដល់យោធិន របស់យើង ដែលកំពុងឈរជើងការពារបូរណភាពទឹកដី។ ប្រមុខរាជរដ្ឋាភិបាល គឺសម្តេចតេជោ ហ៊ុន សែន តែងតែណែនាំ ឲ្យមេបញ្ជាការ ដឹកនាំ ដោះស្រាយជីវភាពប្រចាំថ្ងៃ ពង្រឹងសមត្ថភាពរបស់កងកម្លាំងរបស់យើង។ ដែលនេះគឺជាមោទនភាពរបស់យើង ដែលមានមេដឹកនាំ ដែលគិតគូរអំពីកងទ័ពជាពិសេស លោកបានគិតគូរគ្រប់វិស័យទាំងអស់។ នេះជាការបញ្ជាក់បន្ថែមពីលោកឧត្តមសេនីយ៍។
ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ក៏បានលើកឡើងថា «យើងគ្មានថវិកាធំ ដូចប្រទេសមួយចំនួន ប៉ុន្តែយើងក៏មិនដេកស្តូកនោះដែរ គឺយើងខិតខំកៀងគរ ដើម្បីសម្រេចភារកិច្ច។ នេះគឺជាអ្វី ដែលជាការខិតខំប្រឹងប្រែង និងការចូលរួមជាច្រើន របស់អង្គភាពដែលជាសម្ព័ន្ធមេត្រីភាព ជួយដល់កងទ័ពរបស់យើង»៕