(ព្រះវិហារ)៖ ទំនិញខូចគុណភាព និងហួសកាលបរិច្ឆេទប្រើប្រាស់មួយចំនួន ដែលដាក់តាំងលក់តាមផ្ទះបងប្អូនអាជីវករនានា នៅក្នុងឃុំពោធិ៍ ស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ ត្រូវបានមន្ត្រីកាំកុងត្រូល ប្រមូលយកទៅដុតកម្ទេចចោល នៅថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០១៨នេះ ដើម្បីកុំឲ្យប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ។
លោក ដួង មុនី ប្រធានសាខាកាំកុងត្រូលខេត្តព្រះវិហារ បានថ្លែងថា ថ្ងៃនេះមន្ត្រីកាំកុងត្រូលខេត្តព្រះវិហារ បានសហការជាមួយមន្ទីរពាណិជ្ជកម្មខេត្ត និងអាជ្ញាធរដែនដី បានធ្វើការចុះត្រួតពិនិត្យទំនិញវេចខ្ចប់ស្រាប់ ដែលបានដាក់តាំងលក់តាមផ្ទះបងប្អូនអាជីវករនានា ក្នុងឃុំពោធិ៍ ស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ។
ជាលទ្ធផល មន្រ្តីបានរកឃើញ និងដកហូតទំនិញខូចគុណភាព និងហួសកាលបរិច្ឆេទប្រើប្រាស់មួយចំនួនដូចជា៖ ទឹកដោះគោឆៅចំណុះ៥,៧៨លីត្រ ទឹកស៊ីរ៉ូចំណុះ៩លីត្រ ទឹកក្រូចចំណុះ៧២,៥លីត្រ ស្រាប៊ៀរចំណុះ ៣,៦៣លីត្រភេសជ្ជះប៉ូវកម្លាំងចំណុះ១៧,៧៥លីត្រ និងទឹកដោះគោខាប់ទម្ងន់១១,៩៨គីឡូក្រាមផងដែរ។
លោកប្រធានសាខាកាំកុងត្រូល បានបញ្ជាក់ទៀតថា ទំនិញខូចគុណភាព និងហួសកាលបរិច្ឆេទទាំងនោះ ត្រូវបានយកទៅដុតកំទេចចោលភ្លាមៗផងដែរ។
ជាមួយគ្នានោះលោក ដួង មុនី ក៏បានអប់រំណែនាំឲ្យបងប្អូនអាជីវករយើង មុននិងទិញទំនិញផ្សេងៗយកមកដាក់តាំងលក់ ត្រូវពិនិត្យមើលកាលបរិច្ឆេទថ្ងៃខែឆ្នាំផលិតអោយបានត្រឹមត្រូវជាមុន ជៀសវាងទិញទំនិញខូចគុណភាព ទំនិញបាតឃ្លាំងយកមកលក់ ហើយពិសេសជាងនេះទៀត ត្រូវទុកដាក់ទំនិញអោយបានត្រឹមត្រូវ ចៀសវាងត្រូវកំដៅថ្ងៃដែលជាហេតុធ្វើ ឲ្យគុណភាពរបស់ទំនិញឆាប់ខូច។
ដោយឡែក បងប្អូនប្រជាពលរដ្ឋ ក៏ត្រូវមានការប្រុងប្រយ័ត្នផងដែរ ព្រោះការប៉ះពាល់ដល់សុខភាពរបស់យើង គឺភាគច្រើនគឺកើតឡើងដោយការទទួលទាន ដូច្នេះមុននិងសម្រេចចិត្តទិញទំនិញ យកទៅទទួលទាន ត្រូវពិនិត្យមើលកាលបរិច្ឆេទថ្ងៃខែឆ្នាំផលិតឲ្យបានត្រឹមត្រូវជាមុនផង៕