(ភ្នំពេញ)៖ រដ្ឋមន្ដ្រីសុខាភិបាល លោកសាស្ដ្រាចារ្យ ម៉ម ប៊ុនហេង បានស្នើដល់សាកលវិទ្យាល័យ Hiroshima របស់ប្រទេសជប៉ុន បន្ដសហការបន្ថែមទៀត មកលើវិស័យសុខាភិបាល ជាមួយសាកលវិទ្យាល័យវិទ្យាសាស្ដ្រសុខាភិបាល ក្នុងការបង្កើនគុណភាពនៃការផ្ដល់សេវាជូនប្រជាពលរដ្ឋ ។
ការថ្លែងដូច្នេះរបស់រដ្ឋមន្ដ្រី បានធ្វើឡើងក្នុងពិធីបំពាក់គ្រឿង ឥស្សរិយយសសហមេត្រី ថ្នាក់ធិបឌិន្ទ ជូនលោកសាស្ដ្រាចារ្យ Takashi Takata អនុប្រធានប្រតិបត្ដិ នៃសាកលវិទ្យាល័យ Hiroshima ប្រទេសជប៉ុន នៅសាកលវិទ្យាល័យ វិទ្យាសាស្ដ្រសុខាភិបាល នៅថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០១៨នេះ ។
រដ្ឋមន្ដ្រី ម៉ម ប៊ុនហេង បានថ្លែងបន្ដថា «ក្នុងនាមក្រសួងសុខាភិបាល និងក្នុងនាមខ្ញុំផ្ទាល់ សូមសំដែងការកោតសរសើរយ៉ាងកក់ក្ដៅ ចំពោះកិច្ចសហប្រតិបត្ដិការដ៏ល្អប្រសើរ រវាងសាកលវិទ្យាល័យវិទ្យាសាស្ដ្រសុខាភិបាល និងសាលកវិទ្យាល័យ Hiroshima របស់ជប៉ុន ហើយខ្ញុំមានសង្ឃឹមយ៉ាងមុខមាំថា ការសហការប្រកបដោយឆន្ទៈសប្បុរសធម៌ ក្នុងការជួយបណ្ដុះបណ្ដាលនិស្សិតយើង ទៅបន្ដការសិក្សារៀនសូត្រនៅជប៉ុន ដែលជាផ្នែកមួយដ៏សំខាន់ក្នុងការចូលរួមចំណែកជាមួយក្រសួងសុខាភិបាលកម្ពុជា ក្នុងការពង្រឹងសេវាព្យាបាល និងថែទាំសុខភាពជូនប្រជាពលរដ្ឋកម្ពុជាទូទាំងប្រទេស» ។
លោកសាស្រ្ដាចារ្យបន្ដថា តាមរយៈកិច្ចសហប្រតិបត្ដិការដ៏ល្អប្រសើរនេះ ក៏សង្ឃឹមថា ជប៉ុននឹងបន្ដបណ្ដុះបណ្ដាលនិស្សិតរបស់យើង ឲ្យបានទៅសិក្សានៅទីនោះ ឲ្យកាន់តែច្រើនបន្ថែមទៀត ។
ទន្ទឹមនឹងនោះ រដ្ឋមន្ដ្រី ម៉ម ប៊ុនហេង ក៏បានណែនាំ ដល់និស្សិតទាំងអស់ ត្រូវខិតខំប្រឹងប្រែងរៀនសូត្រ ក្រេបយកនូវចំណេះដឹង និងបទពិសោធន៍ពីប្រទេសជប៉ុនឲ្យបានច្រើន ព្រោះថា ជប៉ុន ជាប្រទេសដែលរីកចម្រើន លើគ្រប់វិស័យ រួមទាំងការគោរពនូវវិន័យ និងសីលធម៌បានល្អណាស់ នៅតាមមុខងារការងារ ដោយភាពទទួលខុសត្រូវ ដូចនេះសង្ឃឹមថា និស្សិតខ្មែរយើង ក្រៅពីខិតខំប្រឹងប្រែងរៀនសូត្រ គោរពនូវក្រមសីលធម៌ ក៏ត្រូវគោរពច្បាប់វិន័យឲ្យបានល្អ ទាំងច្បាប់វិន័យសាលា គោលការណ៍របស់ក្រសួង និងប្រទេសជាតិផងដែរ ។
លោកសាស្ដ្រាចារ្យ បន្ដថា «ដើម្បីបង្កើនគុណភាពនៃការផ្ដល់សេវាពិនិត្យ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋ ប្រកបដោយប្រសិទ្ធភាព រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ឈ្លាវៃ និងប្រកបដោយគតិបណ្ឌិត របស់សម្ដេចតេជោ ហ៊ុន សែន នាយរដ្ឋមន្ដ្រីកម្ពុជា បានគាំទ្រពេញទំហឹងដោយផ្ដល់អាទិភាព ដល់វិស័យសុខាភិបាល ព្រមទាំងជំរុញការពង្រឹងកិច្ចសហប្រតិបត្ដិការអន្ដរវិស័យ និងភាពជាដៃគូរវាងរាជរដ្ឋាភិបាលកម្ពុជា និងដៃគូអភិវឌ្ឍន៍ទាំងអស់ រួមទាំងវិស័យឯកជនផងដែរ»។
ក្នុងឱកាសនោះដែរ លោកសាស្ដ្រាចារ្យ សាផុន វឌ្ឍនៈ សាកលវិទ្យាធិការនៃសាកលវិទ្យាល័យវិទ្យាសាស្ដ្រសុខាភិបាល ក៏បានរំលឹកនូវស្នាដៃរបស់លោកសាស្ដ្រាចារ្យ Takashi Takata ក្នុងការចូលរួមចំណែកលើកម្ពស់វិស័យសុខាភិបាលកម្ពុជា ដោយគិតចាប់ពីឆ្នាំ២០០៩ មកដល់នឹងបច្ចុប្បន្ននេះ ដោយបានផ្ដួចផ្ដើមបង្កើតសកម្មភាព ថែទាំសុខភាពមាត់ធ្មេញ ក្នុងសហគមន៍ក្នុងប្រទេសកម្ពុជា, បង្កើតកម្មវិធីផ្លាស់ប្ដូរការសិក្សាអន្ដរជាតិ និងផ្ដល់អាហារូបករណ៍ដល់និស្សិតកម្ពុជាជាច្រើនរូប ទៅសិក្សានៅសាកលវិទ្យាល័យ Hiroshima រួមទាំងផ្ដល់សម្ភារបរិក្ខារពេទ្យ ចំនួន៦៦គ្រឿង មកសាកលវិទ្យាល័យវិទ្យាសាស្ដ្រសុខាភិបាលផងដែរ ៕